សហរដ្ឋអាមេរិក ៖ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) អាចនឹងចាត់វិធានការវិន័យលើក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីកីឡាករពួកគេបានអបអរសាទរជ័យជម្នះក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ទល់នឹងក្រុមអង់គ្លេស កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា (ម៉ោងនៅកម្ពុជា) ដោយបានកាន់បដាគាំទ្រការទាមទារអធិបតេយ្យភាពកោះហ្វកឡែន (Falkland Islands)។ នេះបើយោងតាមប្រភពពី BBC បានចេញផ្សាយ។
ក្រុមការពារតំណែងជើងឯកមួយនេះ បានវាយបកយកឈ្នះនៅចុងម៉ោងក្នុងការប្រកួតនៅឯទីក្រុងអាត្លង់តា (Atlanta) ទឹកដីសហរដ្ឋអាមេរិក ដោយបានស៊ុតបញ្ចូលទី ២ គ្រាប់វាយបកយកឈ្នះនៅនាទី ៨៥ និង ៩០+២ ដើម្បីឡើងទៅជួបអេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រនៅម៉ោង២ឈានចូលព្រឹកថ្ងៃទី២០ ខែកក្កដា។
យ៉ាងណាមិញ ជាការកត់សម្គាល់ ក្រោយកញ្ចែបញ្ចប់ការប្រកួត បណ្តាកីឡាកររបស់ក្រុមពពកសអាហ្សង់ទីនបានអបអរសាទរដោយកាន់បដាមានខ្លឹមសារជាភាសាអេស្ប៉ាញថា «Las Malvinas son Argentinas» ដែលប្រែថា «កោះម៉ាល់វីណាស (ភាសាអេស្ប៉ាញ) ឬហ្វកឡែន គឺជារបស់អាហ្សង់ទីន»។
ការលើកបដានេះ កើតឡើងចំពេលកោះហ្វកឡែន ដែលជាដែនដីក្រៅប្រទេសរបស់ចក្រភពអង់គ្លេសស្ថិតនៅភាគនិរតីនៃមហាសមុទ្រអាត្លង់ទិក នៅតែជាប្រធានបទនៃជម្លោះអធិបតេយ្យភាពរវាងអង់គ្លេស និងអាហ្សង់ទីន។ ប្រទេសទាំងពីរធ្លាប់បានធ្វើសង្គ្រាមលើប្រជុំកោះនេះ ដែលមានចម្ងាយជាង ៤៨០គីឡូម៉ែត្រពីឆ្នេរសមុទ្រខាងកើតរបស់ប្រទេសអាហ្សង់ទីន ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ១៩៨២។ ជម្លោះរយៈពេល ៧៤ ថ្ងៃនោះ បានបណ្តាលឱ្យទាហានអាហ្សង់ទីន ៦៥៥ នាក់ និងទាហានអង់គ្លេស ២៥៥ នាក់ រួមទាំងប្រជាជនលើកោះចំនួន ៣ នាក់ បានស្លាប់បាត់បង់ជីវិតផងដែរ។
គួររំលឹកថា កាលពីឆ្នាំ២០១៤ FIFA ធ្លាប់បានពិន័យសហព័ន្ធបាល់ទាត់អាហ្សង់ទីនជាទឹកប្រាក់ ២ ម៉ឺនផោន (ជាង ២៧ ០០០ដុល្លារអាមេរិក) បន្ទាប់ពីកីឡាកររបស់ខ្លួនបានកាន់បដាដែលមានសារដូចគ្នានេះ មុនការប្រកួតមិត្តភាពជាមួយស្លូវេនី។ នៅពេលនោះ FIFA បានបញ្ជាក់ថា សកម្មភាពនោះបានល្មើសនឹងច្បាប់ស្តីពីសកម្មភាពនយោបាយ និងការប្រព្រឹត្តមិនសមរម្យរបស់ក្រុម៕



ចែករំលែកព័តមាននេះ