ប្រទេសព័រទុយហ្គាល់ ៖ បើយោងតាមប្រភពពី Goal.com បានរាយការណ៍ថា កីឡាករ Cristiano Ronaldo អាចប្រឈមមុខនឹងការហាមឃាត់មិនឱ្យប្រកួតអន្តរជាតិរហូតដល់៦ខែ បន្ទាប់ពីខ្សែប្រយុទ្ធវ័យ៤១ឆ្នាំរូបនេះ បានចាកចេញពីជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិព័រទុយហ្គាល់ភ្លាមៗ កាលពីថ្ងៃទី៣០ ខែកញ្ញា ពោលមួយថ្ងៃមុនការប្រកួតតទល់ជាមួយម្ចាស់ផ្ទះដាណឺម៉ាក នៅក្នុងពានរង្វាន់ UEFA Nations League។
ការចាកចេញភ្លាមៗ ដោយមិនបញ្ជាក់មូលហេតុជាសាធារណៈនេះ បានកើតឡើងបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកជាមួយគ្រូបង្វឹក លោក Jorge Jesus មុនពេលដែលប្រធានក្រុមរូបនេះ ជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF) លោក Pedro Proenca។
បើទោះបីជាលោក Jesus បានប្រកាសហើយថា រវាងលោក និង Ronaldo គ្មានបញ្ហាទាស់ទែងគ្នាក៏ពិតមែន ប៉ុន្តែការចាកចេញភ្លាមៗនេះ កើតឡើងបន្ទាប់ពីគ្រូព័រទុយហ្គាល់រូបនេះ បានដាក់ឱ្យ Ronaldo អង្គុយនៅកៅអីបម្រុងមិនប្តូរចូល កាលពីប្រកួតទល់នឹងម្ចាស់ផ្ទះន័រវែស ហើយប្រកួតបន្ទាប់ជាមួយដាណឺម៉ាក លោកបានប្រកាសដែរថា ប្រធានក្រុមរូបនេះ ក៏នឹងមិនចូលលេងផងដែរ។
បញ្ហានេះអាចនឹងធ្ងន់ធ្ងរជាងការខកខានប្រកួតទល់នឹងដាណឺម៉ាកទៅទៀត។ យោងតាមបទបញ្ជាវិន័យសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ចែងយ៉ាងច្បាស់ថា ការចាកចេញពីភារកិច្ចក្រុមជម្រើសជាតិដោយគ្មានហេតុផលត្រឹមត្រូវ អាចប្រឈមមុខនឹងការផ្អាកសកម្មភាពប្រកួតចាប់ពី ១ខែ ទៅដល់ ៦ខែ និងពិន័យជាប្រាក់ចន្លោះពី ៥០០ ទៅ ១ ០០០ អឺរ៉ូផងដែរ។
ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃទី៣០ ខែកញ្ញា Ronaldo បានប្រកាសនៅលើគណនី Instagram ផ្លូវការហើយថា «បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់ក្រុម និងការពិភាក្សាជាមួយប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ ខ្ញុំបានសម្រេចចិត្តចាកចេញពីជំរុំហ្វឹកហាត់។ នៅពេលដ៏សមស្របណាមួយ ខ្ញុំនឹងប្រាប់ប្រជាជនព័រទុយហ្គាល់ នូវការពិតអំពីមូលហេតុនៃការចាកចេញរបស់ខ្ញុំ»។
អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំ មិនពេញចិត្តថែមទៀតនោះ ដោយការប្រកួតទល់នឹងម្ចាស់ផ្ទះដាណឺម៉ាក ដែលព័រទុយហ្គាល់យកឈ្នះដោយលទ្ធផល ៤-២ ថ្មីៗនេះ ខ្សែប្រយុទ្ធបម្រើស្លាបឆ្វេង Rafael Leão បានពាក់អាវលេខ ៧ ដែលជាលេខល្បីល្បាញបំផុតរបស់ Ronaldo។ អ្នកគាំទ្រហៅទង្វើនេះថា ខ្វះការគោរពយ៉ាងខ្លាំង ចំពោះវីរបុរសបាល់ទាត់ព័រទុយហ្គាល់រូបនេះ៕


ចែករំលែកព័តមាននេះ