ប្រទេសព័រទុយហ្គាល់ ៖ កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo បានចាកចេញពីជំរំហ្វឹកហាត់ក្រុមជម្រើសជាតិព័រទុយហ្គាល់ កាលពីថ្ងៃទី៣០ ខែកញ្ញា ពោលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីគ្រូបង្វឹក លោក Jorge Jesus បានបញ្ជាក់ថា មិនមានការខ្វែងគំនិតគ្នាណាមួយជាមួយខ្សែប្រយុទ្ធវ័យ៤១ឆ្នាំរូបនេះឡើយ។
Ronaldo បានសរសេរលើគណនី Instagram ដូច្នេះថា បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់ក្រុម និងការពិភាក្សាជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ ខ្ញុំបានសម្រេចចិត្តចាកចេញពីជំរុំហ្វឹកហាត់។ នៅពេលដ៏សមស្របណាមួយ ខ្ញុំនឹងប្រាប់ប្រជាជនព័រទុយហ្គាល់នូវការពិតអំពីមូលហេតុនៃការចាកចេញរបស់ខ្ញុំ។
ប្រធានក្រុមរូបនេះ មិនបានផ្តល់ការពន្យល់បន្ថែមអ្វីទៀតនោះទេ ដោយគ្រាន់តែជូនពរឱ្យមិត្តរួមក្រុមទទួលបានសំណាងល្អនៅប្រកួតខាងមុខ។ ការប្រកាសនេះបានធ្វើឱ្យអនាគតរបស់លោកជាមួយក្រុមជម្រើសជាតិស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្តែមកដល់ពេលនេះ ខ្សែប្រយុទ្ធក្លិប Al Nassr រូបនេះ នៅមិនទាន់ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិនៅឡើយទេ។
បញ្ហានេះ បានកើតឡើងបន្ទាប់ពីព័រទុយហ្គាល់បានយកឈ្នះម្ចាស់ផ្ទះន័រវែស លទ្ធផល ២-១ នៃការប្រកួតពានរង្វាន់ UEFA Nations_League កាលពីថ្ងៃទី២៧ ខែកញ្ញា។ ដ្បិត Ronaldo គឺជាកីឡាករបម្រុង ហើយមិនត្រូវបានដាក់ឱ្យលេងនោះទេ បើទោះបីជាបានកម្តៅសាច់ដុំនៅក្រៅទីលានក៏ដោយ។ បន្ទាប់ពីផ្លុំកញ្ចែបញ្ចប់ការប្រកួត កីឡាកររូបនេះ ក៏បានដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាមៗ ដោយមិនចូលរួមជាមួយមិត្តរួមក្រុម ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្រដែលមកទស្សនានោះទេ។
ដោយឡែក នៅមុនការប្រកួតជាមួយម្ចាស់ផ្ទះដាណឺម៉ាក នៅថ្ងៃទី១ ខែតុលា គ្រូបង្វឹក ព័រទុយហ្គាល់ លោក Jesus បានបញ្ជាក់ថា គ្មានជម្លោះណាមួយជាមួយ Ronaldo ឡើយ លោកថា ប្រតិកម្មមិនសប្បាយចិត្ត គឺជារឿងធម្មតាសម្រាប់កីឡាករ ដែលកម្តៅសាច់ដុំហើយ ប៉ុន្តែមិនបានចូលលេង។
ជាការកត់សម្គាល់ អំឡុងពេលសន្និសីទសារព័ត៌មាននោះ លោកក៏បានបញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Gonçalo Ramos ដែលជាអ្នករកគ្រាប់ជ័យជម្នះទល់នឹង ន័រវែស នឹងបន្តជាកីឡាករជម្រើសដំបូងទល់នឹងដាណឺម៉ាក។ លោកថែមទាំងនិយាយទៀតថា «ប្រសិនបើពួកយើងត្រូវការ Ronaldo ខ្ញុំនឹងដាក់គេចូលលេង ប៉ុន្តែប្រសិនបើពួកយើងមិនត្រូវការគេទេ នោះគេនឹងមិនបានចូលលេងនោះឡើយ»។
ពាក្យសម្តីនេះហើយ ដែលគេជឿថាជាដើមចមដែលនាំឱ្យ Ronaldo ចាកចេញពីជំរំហ្វឹកហាត់ក្រុមជម្រើសជាតិ។ ទោះជាយ៉ាងណាក៏ដោយ គ្រប់គ្នាកំពុងរង់ចាំការបញ្ជាក់ពីខ្សែប្រយុទ្ធរូបនេះ៕ ប្រភព ៖ ESPN និងប្រភពផ្សេងទៀត


ចែករំលែកព័តមាននេះ