សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងបោះជំរំហ្វឹកហាត់ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីគ្រូបង្វឹកកម្រិត National Development Youth MAG Academy in Aerobic Level1-2 និងបោះជំរំហ្វឹកហាត់Training Camp ប្រចាំឆ្នាំ២០២៦ ។ ហើយវគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ២០ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្លឹបកីឡាកាយសម្ព័ន្ធបឋមសិក្សាសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង ។
លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធបានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន២២នាក់ ក្នុងនោះស្រីមានចំនួន៧នាក់ មកពី៥ រាជធានី ខេត្តរួមមាន៖ ភ្នំពេញចំនួន៥នាក់ ក្រចេះចំនួន៤នាក់ ស្ទឹងត្រែងចំនួន១នាក់ កំពង់ចាមចំនួន១នាក់ និងខេត្តកំពង់ឆ្នាំងចំនួន១១នាក់។
លោកបានបន្តឱ្យដឹងទៀតថា វគ្គនេះពិតជាមានសារសំខាន់ខ្លាំងណាស់អាចជាទុនក្នុងការបណ្ដុះធនធានគ្រូបង្គោលឱ្យសម្រាប់យកទៅអនុវត្តន៍បន្តដល់កីឡាករ កីឡាការិនីតាមបណ្ដាខេត្តខាងលើ ទទួលបានចំណេះដឹងថ្មីៗ ឬអាចនិយាយបានថាការផ្លាស់ប្ដូរ របត់ថ្មីរបស់សហព័ន្ធកាយសម្ព័ន្ធអន្តរជាតិ ដែលចេះតែដើរទៅមុខជារៀងរាល់ឆ្នាំ។
លោកអគ្គលេខាធិការរូបនេះបានបញ្ជាក់ផងដែរថា វគ្គសិក្សានេះ ឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា និងសហការជាមួយមន្ទីរអយក ខេត្តកំពង់ឆ្នាំងមានទ្រឺស្តី និងអនុវត្តជាក់ស្តែង៕



ចែករំលែកព័តមាននេះ