ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ដំបូង​បង្អស់​នៅ​កីឡា​អាស៊ី ២០២៦! កីឡាការិនី​វា.យ​សី​ថៃ តេស្ត​វិជ្ជមាន​សារធាតុ​ហាម​ឃា.ត់

1 អាទិត្យ មុន

ប្រទេស​ជប៉ុន ៖ កីឡាការិនី​កីឡា​វាយ​សី​ជម្រើសជាតិ​ថៃ Pitchamon Opatniputh ត្រូវ​បាន​ផ្អាក​សកម្មភាព​ជា​បណ្តោះអាសន្ន​ពី​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី (Asian Games) ឆ្នាំ ២០២៦ នៅ​ប្រទេស​ជប៉ុន ដែល​កំពុង​ដំណើរការ បន្ទាប់​ពី​នាង​ត្រូវ​បាន​ទីភ្នាក់ងារ​តេស្ត​សារធាតុ​ហាមឃាត់​អន្តរជាតិ ហៅ​កាត់​ថា ITA រក​ឃើញ​លទ្ធផល​វិជ្ជមាន សារធាតុ​ហាមឃាត់ Furosemide ឬថ្នាំបញ្ចុះទឹកនោម។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP និង Xinhua​។

ITA កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា គំរូ​តេស្ត​ដែល​ប្រមូល​បាន​ពី​កីឡាការិនី Opatniputh នៅ​មុន​ការ​ប្រកួត​កីឡា​អាស៊ី​ក្នុង​ទីក្រុង​ណា​ហ្គូ​យ៉ា (Nagoya) កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា បាន​បង្ហាញ​លទ្ធផល​វិជ្ជមាន​នៃ​សារធាតុ Furosemide​។ ដ្បិត​សារធាតុ​នេះ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ដោយ​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ហាមឃាត់​ពិភពលោក ហៅ​កាត់​ថា WADA ដែល​ត្រូវ​បាន​ហាមឃាត់​គ្រប់ពេល​ទាំងអស់ ស្ថិត​នៅ​ក្នុង​ប្រភេទ​ថ្នាំ​បញ្ចុះ​ទឹកនោម ដើម្បីបញ្ចេញជាតិទឹកសម្រាប់ការសម្រកទម្ងន់យ៉ាងឆាប់រហ័ស។

ITA បាន​បញ្ជាក់​ថា អត្ត​ព​លិ​ក​វ័យ​១៩​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ប្រកួត ហ្វឹកហាត់ ធ្វើ​ជា​គ្រូបង្វឹក ឬ​សកម្មភាព​ណាមួយ អំឡុង​ពេល​កីឡា​អាស៊ី​ឆ្នាំ​២០២៦​។ ជា​ការ​កត់សម្គាល់ Pitchamon អាច​ប្តឹង​តវ៉ា​ចំពោះ​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នេះ​ទៅ​កាន់​តុលាការ​អាជ្ញាកណ្តាល​កីឡា ហៅ​កាត់​ថា CAS ក៏​ដូច​ជា​សិទ្ធិ​ស្នើ​សុំ​ឱ្យ​មានការ​វិភាគ​លើ​សំណាក​គំរូ​ទី​ពីរ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា នេះ​គឺជា​ករណី​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ដំបូង​គេ​បង្អស់ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ឆ្នាំ ២០២៦ ដែល​ពិធី​បើក​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា និង​គ្រោង​បិទ​នៅ​ថ្ងៃ​ទី​៤ ខែតុលា ខាង​មុខ​។

យុវតី Opatniputh ដែល​បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៨ ពិភពលោក និង​ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​កំពុង​រះ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​នោះ ត្រូវ​ជួប​ប្រកួត​ជាមួយ​អត្ត​ព​លិ​ក​ចិន នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ក្នុង​វិញ្ញាសា​ប្រកួត​ជា​ក្រុម​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ថ្ងៃ​ដំបូង​នៃ​ការ​ប្រកួត​ពេញលេញ​លើ​វិញ្ញាសា​វាយ​សី​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ឆ្នាំ​២០២៦ គឺ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២០ ខែកញ្ញា​មក​ម្ល៉េះ​៕