ទីក្រុងសេអ៊ូល ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង កំពុងតែពិចារណាកាត់បន្ថយ ឬលុបចោលប្រព័ន្ធលើកលែងកាតព្វកិច្ចយោធា សម្រាប់អត្តពលិក និងសិល្បករ បន្ទាប់ពីផ្ទុះការរិះគន់យ៉ាងខ្លាំងពីសាធារណជន ជុំវិញពាក្យសម្តីមិនសមរម្យរបស់កីឡាករបាល់ទាត់ជម្រើសជាតិមួយចំនួន ក្រោយឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឆ្នាំ២០២៦។
ភាពចម្រូងចម្រាសបានផ្ទុះឡើង បន្ទាប់ពីសមាជិកមួយចំនួននៃក្រុមបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំ បានផ្តល់បទសម្ភាសន៍ និងបង្ហោះសារលើបណ្តាញសង្គម ដែលបង្ហាញថា ការផ្តោតអារម្មណ៍ជាចម្បងរបស់ពួកគេនៅក្នុងការប្រកួតនេះ គឺដើម្បីទទួលបានការលើកលែងកាតព្វកិច្ចយោធា ជាជាងការចង់ឈ្នះមេដាយមាស។
តួយ៉ាងកីឡាករ Yang Min-hyeok រងការរិះគន់យ៉ាងចាស់ដៃពីសាធារណជន បន្ទាប់ពីរូបគេនិយាយថា ខ្លួនប្រកួតដោយគិតតែពីរឿងចង់បានការលើកលែងកាតព្វកិច្ចយោធាប៉ុណ្ណោះ ដែលក្រោយមកខ្សែបម្រើស្លាបរូបនេះ បានចេញមុខសុំទោសជាសាធារណៈ។ ស្របពេលដែលខ្សែបម្រើស្លាប Park Seung-soo ក៏បានបង្ហោះរូបថតខ្លួនឯងពាក់មួក ដែលជានិមិត្តរូបនៃអ្នកដែលបានបញ្ចប់កាតព្វកិច្ចយោធាជាស្ថាពរទៀតផង។
ទង្វើ និងសម្តីទាំងនេះហើយ ធ្វើឱ្យមហាជនយល់ថា ពួកគេមិនផ្តល់តម្លៃដល់កាតព្វកិច្ចការពារជាតិ និងការលះបង់របស់ទាហានដទៃទៀតឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី Chung Binna ក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការលើកឡើងរបស់កីឡាករទាំងនោះផងដែរ។
យោងតាមប្រភពពីសារព័ត៌មាន Yonhap បានរាយការណ៍ថា លោកស្រី Chung Binna បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦ ខែតុលា ថា ក្រសួងការពារជាតិមានផែនការកាត់បន្ថយ ឬលុបចោលសេវាកម្មបំពេញបន្ថែម រួមទាំងប្រព័ន្ធលើកលែងដែលបង្កើតឡើងសម្រាប់សិល្បករ និងអត្តពលិក ហើយនឹងឆ្លុះបញ្ចាំងវាទៅក្នុងគ្រោងការណ៍មូលដ្ឋាន សម្រាប់កំណែទម្រង់វិស័យការពារជាតិ។ ការពិនិត្យឡើងវិញនេះនឹងគិតគូរពីកត្តាផ្សេងៗ រួមមានមតិសាធារណៈ ភាពយុត្តិធម៌ និងការថយចុះនៃចំនួនបុរសគ្រប់អាយុបំពេញកាតព្វកិច្ចយោធានៅក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងមិនបានបញ្ជាក់ពីកាលវិភាគជាក់លាក់ណាមួយអំពីផែនការនេះឡើយ។
តាមពិតទៅ ប្រព័ន្ធលើកលែងកាតព្វកិច្ចយោធានេះ បានក្លាយជាប្រធានបទក្តៅ និងចម្រូងចម្រាសជាយូរមកហើយ ដោយក្រុមអ្នករិះគន់បានចោទសួរអំពីលក្ខវិនិច្ឆ័យរបស់ប្រព័ន្ធនេះ។
ច្បាប់បច្ចុប្បន្នបានចែងថា បុរសកូរ៉េខាងត្បូងដែលមានសុខភាពល្អទាំងអស់ ត្រូវតែចូលបម្រើយោធារយៈពេលពី ១៨ ដល់ ២១ ខែ។ ចំពោះអត្តពលិក និងសិល្បករឆ្នើម ដែលទទួលបានការលើកលែង ពួកគេមិនមែនរួចខ្លួនទាំងស្រុងនោះទេ ប៉ុន្តែត្រូវឆ្លងកាត់ការហ្វឹកហ្វឺនមូលដ្ឋានរយៈពេល ៣ សប្តាហ៍ និងបំពេញការងារសហគមន៍ចំនួន ៥៤៤ ម៉ោង នៅក្នុងរយៈពេល ៣៤ ខែ ដោយនៅតែអាចបន្តអាជីពកីឡា ឬសិល្បៈរបស់ខ្លួន៕ ប្រភព៖ CNA និង Korea JoongAng Daily


ចែករំលែកព័តមាននេះ