ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​ដំបូង​គេ​បង្អស់​ ឈ្នះ​មេដាយមាស​ ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី ២០

3 អាទិត្យ មុន

ប្រទេស​ជប៉ុន ៖ កីឡាករ​ជប៉ុន Hojo Takumi បាន​ក្លាយជា​អត្ត​ព​លិ​ក​ដំបូង​គេ​បង្អស់​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២០ ឆ្នាំ ២០២៦ នៅ​ទីក្រុង​អៃ​ឈី និង​ខេត្ត​ណា​ហ្គោ​យ៉ា ប្រទេស​ជប៉ុន លើ​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង​ឯកត្តជន​បុរស នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៦ ព្រមទាំង​បាន​កៅអី​ទៅ​កាន់ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២៨ នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជឺ​ឡេ​ស សហរដ្ឋអាមេរិក​ទៀត​ផង​។

បើ​តាម​គេហទំព័រ Olympics បានឱ្យ​ដឹង​ថា កីឡាករ​ម្ចាស់ផ្ទះ​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​ប្រើ​ពេល ៥២ នាទី និង ៥៦ វិនាទី ដើម្បី​បញ្ចប់​ទី ដោយ​បាន​នាំមុខ​កីឡាករ​ចិន Zhang Xirui ម្ចាស់​មេដាយ​ប្រាក់​ចំនួន ៩ វិនាទី​។ ចំណែកឯ​មេដាយ​សំរឹទ្ធ​បាន​ទៅ​លើ​កីឡាករ Arlan Zhanabay មក​ពី​កា​ហ្សា​ក់​ស្ថាន​។

ជាមួយនឹង​ការ​ប្រកួត​ប្រវត្តិសាស្ត្រ​នៅ​កីឡា​អាស៊ី​លើក​ទី​២០ Hojo Takumi ដែល​បាន​ខកខាន​ឱកាស​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​២​លើក​ចុង​ក្រោយ បាន​ថ្លែង​ថា «​នៅ​ពេល​ខ្ញុំ​ដឹង​ថា នេះ​នឹង​ក្លាយជា​មេដាយមាស​ដំបូង​គេ​នៃ​ព្រឹត្តិការណ៍​នេះ ខ្ញុំ​ដឹង​ភ្លាម​ថា​ជា​ឱកាស​មួយ ដើម្បី​លើក​ស្ទួយ​កីឡា​ទ្រី​យ៉ា​ត្លុង​ឱ្យ​កាន់តែ​លេចធ្លោ​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ វា​ពិតជា​ខកចិត្ត​ខ្លាំង​ណាស់​ដែល​ខកខាន​ការ​ប្រកួត​នៅ​ទីក្រុង​តូ​ក្យូ និង​ទី​ក្រុងប៉ារីស ហើយ​ការ​ប្រកួត​កីឡា​អាស៊ី​នេះ គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​សម្លឹង​ឆ្ពោះទៅ​មុខ​ទៅ​កាន់ការ​ប្រកួត​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជឺ​ឡេ​ស​»​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២០ ដែល​បើក​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា និង​គ្រោង​បិទ​នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៦ បាន​ទទួល​ស្វាគមន៍​អត្ត​ព​លិ​ក​ជាង ១១,០០០ នាក់ ដែល​ត្រូវ​មក​ប្រកួតប្រជែង​ដណ្តើម​មេដាយមាស​សរុប​ចំនួន ៣៦៩ គ្រឿង នៅ​ក្នុង​កម្មវិធី​កីឡា​រហូត​ដល់​ទៅ ៤៣ ប្រភេទ​។ ចំណែកឯ​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​សរុប ១០៦​នាក់ លើ ១៤ ប្រភេទ​កីឡា​៕