ប្រទេសសេណេហ្គាល់ ៖ ខ្សែប្រយុទ្ធឆ្នើម Sadio Mané បាននិងកំពុងដើរតួយ៉ាងសំខាន់ បន្តផ្លាស់ប្តូរជីវភាពរស់នៅប្រជាជននៅក្នុងប្រទេសសេណេហ្គាល់យ៉ាងខ្លាំងក្លា តាមរយៈការបោះទុនវិនិយោគផ្ទាល់ខ្លួនរហូតដល់ ២០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់សួនកសិ-ឧស្សាហកម្មលំដាប់ទំនើបមួយ ដែលមានឈ្មោះថា SM10 Agro នៅក្នុងភូមិកំណើតបាំប៉ាលី (Bambali) របស់ខ្លួន។
គម្រោងថ្មីនេះ សាងសង់លើផ្ទៃដីទំហំ ៥០០ ហិកតា រួមបញ្ចូលទាំងកសិដ្ឋានដាំស្វាយ និងរោងចក្រកែច្នៃផ្លែឈើ ដែលរំពឹងថានឹងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះ បានរហូតដល់ ២ ០០០ កន្លែង សំដៅជំរុញនិរន្តរភាពសេដ្ឋកិច្ចរយៈពេលវែង។ ជាមួយគ្នានោះដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងប្រតិបត្តិការស្រាវជ្រាវមួយ នឹងបង្កើតឡើងទន្ទឹមនឹងរោងចក្រទាំងនោះដែរ ដោយ «ស្វាយ» គឺជាចំណុចស្នូលសំខាន់។
បើតាមអតីតខ្សែប្រយុទ្ធឆ្នើមក្រុមហង្សក្រហម Liverpool វ័យ៣៤ឆ្នាំ ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្រុម Al Nassr រូបនេះ បានបញ្ជាក់ថា ការចំណាយលើគម្រោងនេះ ចេញពីថវិកាផ្ទាល់ខ្លួនទាំងស្រុងតែម្តង ដោយការសាងសង់ត្រូវបានរំពឹងថានឹងប្រើប្រាស់រយៈពេល១៨ខែ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែល Sadio Mané ដើរហួសពីបាល់ទាត់ សម្រាប់កិច្ចការសង្គមជាតិ។ តួយ៉ាង អតីតខ្សែប្រយុទ្ធទើបប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិសេណេហ្គាល់រូបនេះ បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សាងសង់មន្ទីរពេទ្យ និងសាលារៀន ដើម្បីផ្តល់សេវាថែទាំសុខភាព និងអប់រំដោយឥតគិតថ្លៃ។
លើសពីនេះទៀត កីឡាកររូបនេះ ក៏បានផ្តល់មូលនិធិបង្កើតបណ្តាញអ៊ីនធឺណិត 4G នៅក្នុងតំបន់ ព្រមទាំងសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ និងការិយាល័យប្រៃសណីយ៍ ក៏ដូចជាសាងសង់កីឡដ្ឋានដ៏ទំនើបសមរម្យមួយសម្រាប់យុវជនក្នុងតំបន់ផងដែរ។
ក្រៅអំពីការរួចចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាហើយនោះ Sadio Mané ក៏បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៧០ អឺរ៉ូ (៨០ដុល្លារអាមេរិក) ដល់គ្រប់គ្រួសារទាំងអស់នៅក្នុងភូមិរបស់ខ្លួន ព្រមទាំងចែកសម្លៀកបំពាក់ជូនកុមារ និងផ្តល់កុំព្យូទ័រយួរដៃ និងប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលមានស្នាដៃសិក្សាល្អផងដែរ៕ ប្រភព ៖ Oh My Goal និង Billionaires Africa



ចែករំលែកព័តមាននេះ