កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១៨ ក្នុងតារាងមេដាយកីឡាទ្វីបអាស៊ី គិតត្រឹមព្រឹកថ្ងៃទី២១ កញ្ញា
- ភ្នំពេញ
ប្រទេសជប៉ុន ៖ ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន បានចាប់ផ្តើមការប្រកួតជាផ្លូវការ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិធីបើក ខណៈកីឡាមួយចំនួនបានចាប់ផ្តើមការប្រកួតមុនពិធីបើកទៅទៀត។
គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ មានប្រទេសចំនួន២២ បានឈ្នះមេដាយ និងមានឈ្មោះក្នុងតារាងមេដាយ ។ ចិនកំពុងឈរនៅកំពូលតារាង ដោយមានមេដាយមាសច្រើនជាងគេ ខណៈជប៉ុន និងកូរ៉េខាងត្បូងក៏ស្ថិតក្នុងចំណោមប្រទេសដែលរកបានមេដាយច្រើនបន្ទាប់ពីចិនផងដែរ។
ដោយឡែក សម្រាប់កម្ពុជា កំពុងមានមេដាយសំរឹទ្ធចំនួន២គ្រឿងក្នុងតារាងមេដាយ ។ មេដាយទី១រកបានដោយកីឡាការិនី ឌី គឹមយ៉ាន លើប្រភេទកីឡាបាល់ទាត់លើតុ វិញ្ញាសានារីឯកត្តជន ខណៈមេដាយទី២ រកបានដោយកីឡាការិនី យ៉ន សោភ័ណ្ឌរស្មី និងម៉ី ស្រីមាស លើប្រភេទកីឡាបាល់ទាត់លើតុដែរ ក្នុងវិញ្ញាសាគូនារី។
សូមបញ្ជាក់ថា កីឡាទ្វីបអាស៊ីលើកទី២០ (20th Aichi-Nagoya Asian Games 2026) នៅទីក្រុង Nagoya ប្រទេសជប៉ុន មានការប្រកួតចំនួន ៤៣ ប្រភេទកីឡា និង៤៦៩វិញ្ញាសា ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។ សម្រាប់កម្ពុជា បានបញ្ជូនកីឡាករ និងកីឡាការិនី ចំនួន ៦០ នាក់លើចំនួន១៤ ប្រភេទកីឡារួមមានកីឡាហែលទឹក អត្តពលកម្មប្រដាល់សកល ជឺជីតស៊ូ យូដូ ការ៉ាតេ តេក្វាន់ដូWT ទ្រីយ៉ាត្លុង ចំបាប់ អ៊ីស្ពត បាល់ទាត់លើតុ គុនចម្រុះទូកក្ដោង និងសូហ្វតេនីស ។ ក្នុងចំណោមនោះ
មាន៦ប្រភេទកីឡាដែលត្រូវបានកំណត់ថាមានសក្តានុពលខ្ពស់ក្នុងការស្វែងរកមេដាយ រួមមាន ជឺជីតស៊ូ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ការ៉ាតេដូ, យុទ្ធគុនចម្រុះ និង E-Sports ។
គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បាល់ទាត់លើតុដែលមិនស្ថិតក្នុងការកំណត់ថា មានសក្ដានុពលខ្ពស់ក្នុងការស្វែងរកមេដាយបែរជារកបានមេដាយដំបូងឱ្យកម្ពុជាធ្វើឱ្យឯកឧត្ដមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មក្រុមកីឡាជម្រើសជាតិកម្ពុជា បានថ្លែងក្នុងក្ដីសោមនស្សថា ដំណើរការនៃការចូលរួមរបស់ប្រតិភូ និងអត្តពលិកកម្ពុជា ទាំងពិធីបើកផ្លូវការ និងការប្រកួតលើទីលាន គឺបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ។
ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាផងនោះ ឯកឧត្ដម វ៉ាត់ ចំរើន បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅចំពោះកីឡាករ-កីឡាការិនីទាំងអស់ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់រហូតអាចវិវត្តសមត្ថភាពពីការប្រកួតកម្រិតតំបន់ទៅប្រកួតដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍កម្រិតទ្វីបដ៏ធំមួយនេះ។
ក្នុងបេសកកម្មប្រវត្តិសាស្ត្រនេះ គណៈប្រតិភូកម្ពុជា ទទួលបានការដឹកនាំ និងលើកទឹកចិត្តផ្ទាល់ពី ឯកឧត្ដមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានអញ្ជើញទៅអមដំណើរ និងផ្តល់កម្លាំងចិត្តដល់អត្តពលិកកម្ពុជាដល់ទីលានប្រកួត ៕



ចែករំលែកព័តមាននេះ