ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ចិន​វ័យ​ទើប​១៣​ឆ្នាំ បង្កើត​រឿង​ដ៏​ភ្ញាក់ផ្អើល​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២០

1 ខែ មុន

ប្រទេស​ជប៉ុន ៖ ស្ថិត​នៅ​ក្នុង​វ័យ​ទើប ១៣​ឆ្នាំ និង ៣៣៩​ថ្ងៃ កីឡាការិនី​ហែល​ទឹក​ចិន Yu Zidi បាន​បង្កើត​រឿង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៦ ដោយ​បាន​ឈ្នះ​មេដាយមាស​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២០ នៅ​ប្រទេស​ជប៉ុន លើ​វិញ្ញាសា​ហែល​មេអំបៅ​ចម្ងាយ​២០០​ម៉ែត្រ​ផ្នែក​នារី ដោយ​ប្រើ​ថិរវេលា ២:០៥.០៨ នាទី ដែល​ជា​កំណត់​ត្រា​ថ្មី​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។

ជាមួយ​ថិរវេលា ២:០៥.០៨ នាទី Yu Zidi បាន​បំបែក​កំណត់​ត្រា​ចាស់​លើ​វិញ្ញាសា​ហែល​មេអំបៅ​ចម្ងាយ​២០០​ម៉ែត្រ​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​របស់​កីឡាការិនី​រៀមច្បង Zhang Yufei កាលពី​ឆ្នាំ ២០២២ ដោយ​ប្រើ​ថិរវេលា ២:០៥.៥៧ នាទី​។

បើ​ទោះ​មិន​ទាន់​ចូល​វ័យ​១៤​ឆ្នាំ​ក៏​ដោយ ក៏ Yu Zidi ដែល​បាន​កើត​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ ២០១២ នៅ​ទីក្រុង​ប៉ោ​ឌី​ង (Baoding) ខេត្ត​ហឺ​ប៉ី (Hebei) បាន​សាង​កេរ្តិ៍ឈ្មោះ​ក្លាយជា​អត្ត​ព​លិ​ក​លំដាប់​ពិភពលោក​រួច​ទៅ​ហើយ​។

កាលពី​នៅ​វ័យ​១២​ឆ្នាំ នាង​បាន​ក្លាយជា​អត្ត​ព​លិ​ក​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ឈ្នះ​មេដាយ​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក World Aquatics Championships ឆ្នាំ ២០២៥ នៅ​សិង្ហ​បុរី ដោយ​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ហែល​សេរី​បណ្តាក់ ៤x២០០ ម៉ែត្រ​។ លើស​ពី​នេះ​ទៀត នាង​ក៏​ជា​ម្ចាស់​កំណត់​ត្រា​អាស៊ី​លើ​វិញ្ញាសា​ហែល​ចម្រុះ ២០០ ម៉ែត្រ​ផង​ដែរ ជាមួយ​ថិរវេលា ២:០៧.៤១ នាទី ដោយ​បំបែក​កំណត់​ត្រា​ចាស់​របស់​រៀមច្បង Ye Shiwen កាលពី​ឆ្នាំ ២០១២​។

តាម​រយៈ​សមិទ្ធផល​ចុង​ក្រោយ​នេះ Yu Zidi ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយជា​អត្ត​ព​លិ​ក​ឆ្នើម​លំដាប់​ពិភពលោក​ម្នាក់ ក៏​ដូច​ជា​នឹង​បង្កើត​ការ​ចាប់អារម្មណ៍ ឬ​ឥទ្ធិពល​ដ៏​ធំធេង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវ​ក​ក្តៅ​ឆ្នាំ ២០២៨ នៅ​ទីក្រុង​ឡូ​ស​អែន​ជឺ​លេស (Los Angeles) សហរដ្ឋអាមេរិក​ផង​ដែរ​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ប្រទេស​ចិន កំពុង​ឈរ​កំពូល​តារាង​មេដាយ​សរុប​ជា​បណ្តោះ ជាមួយ​មេដាយ​សរុប ២២ គ្រឿង មាស ១៣ ប្រាក់ ៦ និង​សំរឹទ្ធ ៣ គ្រឿង តាម​ពីក្រោយ​ដោយ​ម្ចាស់ផ្ទះ​ជប៉ុន ដែល​ឈ្នះ​សរុប​ចំនួន ២១ គ្រឿង មាស ៦ ប្រាក់ ៨ និង​សំរឹទ្ធ ៧ គ្រឿង​៕ ប្រភព ៖ CNA និង​ប្រភព​ផ្សេង​ទៀត