ទីក្រុងហុងកុង ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវតទល់ជាមួយហុងកុង សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FIFA ASEAN Cup ឆ្នាំ២០២៦ កម្រិត ២ (Division 2) នៅម៉ោង៥ល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Kai Tak ទីក្រុងហុងកុង។
ម្ចាស់ផ្ទះហុងកុង ដែលស្ថិតនៅក្នុងពូល A បានបញ្ចប់នៅកំពូលតារាង ដោយឈ្នះទាំង ២ ប្រកួត ខណៈដែលជំនួបចុងក្រោយ កាលពីថ្ងៃទី៣០ ខែកញ្ញា ពួកគេបានយកឈ្នះព្រុយណេ ដែលនៅសល់គ្នា ១០ នាក់ ដោយលទ្ធផល ២-០។ ចំណែកឯកម្ពុជា ដែលបញ្ចប់នៅកំពូលតារាងពូល B ដោយឈ្នះ ១ និង ស្មើ ១ ប្រកួត បានត្រឹមស្មើប្រកួតចុងក្រោយជាមួយទីម័រខាងកើត នៅក្នុងលទ្ធផល ២-២។
ក្រោយចប់ការប្រកួត លោក Roberto Losada គ្រូបង្វឹកហុងកុង បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដោយបានទទួលស្គាល់ថា ការសម្រេចចិត្តរបស់កម្ពុជាក្នុងការដាក់កីឡាករជម្រើសដំបូងស្ទើរតែទាំងអស់ឱ្យលេងទាំង២ប្រកួត (វគ្គសន្សំពិន្ទុ) សម្រាប់ការប្រកួតរយៈពេលខ្លីបែបនេះ អាចនឹងផ្តល់ផលចំណេញដល់ហុងកុង ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ដែរថា មិនត្រូវមើលស្រាលសមត្ថភាពកម្ពុជាឡើយ។
ជាអាទិ៍ គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ បានចង្អុលបង្ហាញថា កម្ពុជាមានកីឡាករចូលសញ្ជាតិមានគុណភាពខ្ពស់ជាច្រើនរូប ហើយសមត្ថភាពជារួមរបស់ពួកគេកំពុងតែរីកចម្រើនយ៉ាងខ្លាំង។ លោកជឿជាក់ថា កម្ពុជានឹងទទួលបានចំណាត់ថ្នាក់ពិភពលោកខ្ពស់ជាងបច្ចុប្បន្ន នៅក្នុងពេលឆាប់ៗ ដែលធ្វើឱ្យការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ នឹងក្លាយជាការប្រកួតដ៏លំបាកបំផុតមួយ។
ទោះយ៉ាងណាក៏ដោយ គុណសម្បត្តិរបស់ហុងកុង គឺការលេងលើទឹកដីខ្លួនឯង ជាមួយវត្តមានអ្នកគាំទ្រ។ កូនក្រុមរបស់លោកត្រូវតែលេងទម្រង់វាយលុកខ្លាំងជាងកាលពីខែមិថុនា (នៅពេលដែលហុងកុងចាញ់ម្ចាស់ផ្ទះកម្ពុជា ២-០ នៅជំនួបមិត្តភាព) ហើយត្រូវធ្វើការកែសម្រួលទាំងយុទ្ធសាស្ត្រ និងស្មារតីក្នុងការប្រកួត។ នេះបើតាមការលើកឡើងរបស់លោក៕ ប្រភព ៖ stheadline




ចែករំលែកព័តមាននេះ