ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​អាស៊ី​លើក​ទី​២០​ បើក​ជា​ផ្លូវការ​យ៉ាង​អធិកអធម បន្ទាប់​ពី​ជួប​ការ​លំបាក​ក្នុង​ដំណាក់កាល​រៀបចំ

3 អាទិត្យ មុន

ប្រទេស​ជប៉ុន ៖ ព្រឹត្តិការណ៍​កីឡា​អាស៊ី ឬ​អាស៊ី​ហ្គេ​ម​(Asian Games) លើក​ទី​២០ បាន​បើក​ជា​ផ្លូវការ​ហើយ នៅ​ក្នុង​ទីក្រុង Nagoya ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៦ ជាមួយ​ពិធី​បើក​ដ៏​អធិកអធម​អម​ជាមួយនឹង​ការ​សម្តែង​របាំ និង​ការ​បាញ់​កាំជ្រួច​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ បើ​ទោះបីជា​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ការ​ដំណាក់កាល​រៀបចំ មុន​ពិធី​បើក​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​ការ​ចេញផ្សាយ​ពី Reuters ។

ព្រះ​ចៅ​អធិរាជ​ជប៉ុន Naruhito បាន​ប្រកាស​បើក​ព្រឹត្តិការណ៍​កីឡា​នេះ​ជា​ផ្លូវការ បន្ទាប់​ពី​បាន​ទត​ការ​ដង្ហែ​ព្យុហយាត្រា​របស់​ប្រទេស និង​តំបន់​ចំនួន ៤៥ នៅ​វេទិកា​ឥស្សរជន​ជាន់ខ្ពស់ រួម​ជាមួយ​លោកស្រី Kirsty Coventry ដែល​ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC)​។ ការ​យាង​ចូលរួម​របស់​ព្រះ​ចៅ Naruhito រួម​ជាមួយ​សែ​រាជវង្ស ត្រូវ​បាន​អម​ដោយ​ប្រតិបត្តិការ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង ដោយ​ប៉ូលិស​រហូត​ដល់​១​ម៉ឺន​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​សម្រាប់​ពិធី​នេះ​។

លោក Shigenobu Murofushi និង​កូនប្រុស Koji Murofushi ដែល​អ្នក​ទាំង​ពីរ​គឺជា​អតីត​ម្ចាស់​ជើងឯក​កីឡា​ចោលដុំដែក​បង្វិលខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី បាន​រួម​គ្នា​ដុត​គប់​ភ្លើង​ធំ​បំភ្លឺ​បើក​ព្រឹត្តិការណ៍​នេះ​។

ក្រុម​អ្នក​រៀបចំ​កម្មវិធី​សង្ឃឹមថា ពិធី​បើក​នេះ អាច​នឹង​ជួយ​លុបលាង​ដំណាក់កាល​រៀបចំ​ដ៏​រអាក់រអួល ដែល​ពោរពេញ​ទៅ​ដោយ​ការ​រិះគន់ និង​ត្អូញត្អែរ​ពី​បណ្តា​អត្ត​ព​លិ​ក និង​មន្ត្រី​ពាក់ព័ន្ធ​ទៅ​នឹង​កន្លែង​ស្នាក់​នៅ និង​ការ​ដឹក​ជញ្ជូន​។ ជាក់ស្តែង ជំនួស​ឱ្យ​ការ​សាងសង់​ភូមិ​កីឡា​ដាច់​ដោយឡែក​មួយ ក្រុម​អ្នក​រៀបចំ​បាន​ដាក់​ឱ្យ​អត្ត​ព​លិ​ក និង​មន្ត្រី​ពាក់ព័ន្ធ​ស្នាក់​នៅ​លាយឡំ​គ្នា​នៅ​តាម​បន្ទប់​សណ្ឋាគារ បន្ទប់​កុងតឺន័រ​ឈើ​បណ្តោះអាសន្ន និង​កប៉ាល់​ទេសចរណ៍​១​គ្រឿង ដើម្បី​ជា​វិធានការ​កាត់​បន្ថយ​ការ​ចំណាយ​។

គណៈប្រតិភូ​ក្រុម​ជម្រើសជាតិ​ជា​ច្រើន​ប្រទេស និង​តំបន់ រួម​ទាំង​ម្ចាស់ផ្ទះ​ជប៉ុន​ផង​ដែរ បាន​រក​ឃើញ​ថា ការ​រៀបចំ​នេះ​គឺ​ស្ថិត​ក្រោម​ស្តង់ដារ​ខ្លាំង ដោយ​បាន​ត្អូញត្អែរ​ពី​ការ​ភាន់ច្រឡំ និង​ការ​កក់​បន្ទប់​ជាន់​គ្នា បន្ទប់​កុងតឺន័រ​ធ្វើ​ពី​ឈើ​តូច​ចង្អៀត​ខ្លាំង​ពេក​។

ប្រទេស​ខ្លះ ថែម​ទាំង​បាន​ចាត់ចែង​ចាត់ចែង​ដោយ​ខ្លួនឯង ដោយ​រៀបចំ​ឱ្យ​អត្ត​ព​លិ​ក និង​មន្ត្រី​ពួក​គេ​ស្នាក់​នៅ​សណ្ឋាគារ​ដាច់​ដោយឡែក​មួយ ដោយសារ​តែ​ខ្វះ​គ្រែ​គេង​។ គណៈប្រតិភូ​ជា​ច្រើន​ក៏​បាន​រអ៊ូរទាំ​ផង​ដែរ ចំពោះ​ការ​រង់ចាំ​យ៉ាង​យូរ​សម្រាប់​អត្ត​ព​លិ​ក​ក្នុង​ការ​ចុះ​ឈ្មោះ​នៅ​ពេល​មក​ដល់ ហើយ​រថយន្តក្រុង​ក៏​មក​យឺតយ៉ាវ ឬ​ដឹក​អត្ត​ព​លិ​ក​ពួក​គេ​ទៅ​ខុស​ទីតាំង​ប្រកួត​ក៏​មាន​ដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី (OCA) ដែល​ជា​អ្នកគ្រប់គ្រង​ការ​ប្រកួត​កីឡា​ដែល​ធ្វើ​ឡើង​រៀង​រាល់​៤​ឆ្នាំ​ម្តង​មួយ​នេះ កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា បាន​ទទួលស្គាល់​បញ្ហា​ទាំងនេះ ប៉ុន្តែ​បាន​ចាត់​ទុក​ថា​វា​គ្រាន់តែ​ជា​បញ្ហា​ប្រឈម​ដំបូង​ៗ​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២០ ដែល​បើក​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា និង​គ្រោង​បិទ​នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៦ បាន​ទទួល​ស្វាគមន៍​អត្ត​ព​លិ​ក​ជាង ១១,០០០ នាក់ ដែល​ត្រូវ​មក​ប្រកួតប្រជែង​ដណ្តើម​មេដាយមាស​សរុប​ចំនួន ៣៦៩ គ្រឿង នៅ​ក្នុង​កម្មវិធី​កីឡា​រហូត​ដល់​ទៅ ៤៣ ប្រភេទ​។ ចំណែកឯ​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​សរុប ១០៦​នាក់ លើ ១៤ ប្រភេទ​កីឡា​៕ រូបភាព ៖ Olympics