ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១២​ឆ្នាំ​ចុង​ក្រោយ​! ទី​ម័​រ​ខាងកើត ​មិន​ធ្លាប់​ឈ្នះ ​កម្ពុជា​ឡើយ មុន​ជួប​គ្នា​នៅ​រសៀល​នេះ

17 ម៉ោង មុន
  • ភ្នំពេញ

ទីក្រុង​ហុងកុង ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា វេលា​ម៉ោង ៤​រសៀល (​ម៉ោង​នៅ​កម្ពុជា​) នឹង​ត្រូវ​ប្រកួត​តទល់​ជាមួយ​ទី​ម័​រ​ខាងកើត សម្រាប់​ជំនួប​ចុង​ក្រោយ ក្នុង​ពូ​ល B កម្រិត ២ (Division 2) ពានរង្វាន់ FIFA Asian Cup ឆ្នាំ​២០២៦ នៅ​ឯ​កីឡដ្ឋាន Kai Tak នាទី​ក្រុង​ហុងកុង​។

សម្រាប់​ជំនួប​រសៀល​នេះ កម្ពុជា​មាន​ភាគរយ​ខ្ពស់ ដោយ​ត្រូវការ​ត្រឹម​ស្មើ​ទី​ម័​រ​ខាងកើត​ប៉ុណ្ណោះ ដើម្បី​បាន​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ដ្បិត​១២​ឆ្នាំ​ចុង​ក្រោយ ទី​ម័​រ​ខាងកើត​មិន​ធ្លាប់​ឈ្នះ​កម្ពុជា​ឡើយ គិត​ចាប់តាំងពី​ឆ្នាំ ២០១៤ រហូត​មក​ទល់​នេះ ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា ៧ លើក​មក​ហើយ ពោល​ចាញ់ ៦ និង​ស្មើ ១​។

ក្រឡេក​ទៅ​ប្រវត្តិ​ជួប​គ្នា​សរុប​ចំនួន ១១ លើក កម្ពុជា​ឈ្នះ ៨ លើក ទី​ម័​រ​ខាងកើត​ឈ្នះ ១ លើក និង​ស្មើគ្នា ២ លើក​។ ការ​ជួប​គ្នា​ចុង​ក្រោយ​នៅ ASEAN Hyundai Cup 2026 កាលពី​ខែសីហា​កន្លង​ទៅ កម្ពុជា​បាន​យកឈ្នះ​ដោយ​លទ្ធផល ៣-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​កម្រិត ២ នៃ​ពានរង្វាន់​ថ្មីថ្មោង FIFA Asian Cup ឆ្នាំ​២០២៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហុងកុង​នោះ ពូ​ល A ម្ចាស់ផ្ទះ​ហុងកុង​កំពុង​ឈរ​កំពូល​តារាង មាន​៣​ពិន្ទុ​ស្មើ​ឡាវ ចំណែក​ព្រុយ​ណេ​គ្មាន​ពិន្ទុ​រាប់​។ ឡាវ​ឆ្លងកាត់ ២ ប្រកួត​រួច​ហើយ ដោយ​ឈ្នះ ១ និង ចាញ់ ១​។ រីឯ​ហុងកុង ត្រូវ​ប៉ះ​ព្រុយ​ណេ​ប្រកួត​ចុង​ក្រោយ នៅ​ម៉ោង​៧​យប់​នេះ ដណ្តើម​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​។

មិន​ខុស​គ្នា នៅ​ក្នុង​ពូ​ល B កម្ពុជា​កំពុង​ឈរ​កំពូល​តារាង មាន​៣​ពិន្ទុ​ដូច​គ្នា​នឹង​មី​យ៉ា​ន់​ម៉ា រីឯ​ទី​ម័​រ​ខាងកើត គ្មាន​ពិន្ទុ​រាប់​។ មី​យ៉ា​ន់​ម៉ា​ឆ្លងកាត់ ២ ប្រកួត​រួច​ហើយ ឈ្នះ ១ និង​ចាញ់ ១​។ ចំណែក​កម្ពុជា ត្រូវ​តទល់​នឹង​ទី​ម័​រ​ខាងកើត នៅ​ប្រកួត​ចុង​ក្រោយ សម្រាប់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​៕ រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា