ប្រទេសអូស្ត្រាលី ៖ ទន្លេ Fitzroy ស្ថិតនៅក្នុងទីក្រុង Rockhampton រដ្ឋ Queensland ប្រទេសអូស្ត្រាលី ត្រូវបានជ្រើសរើសជាផ្លូវការធ្វើជាទីតាំងការប្រកួតកីឡាប្រណាំងទូកអុំ Rowing និងទូកកាណូ (Canoe) សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០៣២។ ការសម្រេចនេះ បានបង្កើតឱ្យមានក្តីបារម្ភយ៉ាងខ្លាំង និងជាប្រធានបទក្តៅគគុក ដោយសារតែទន្លេនេះ គឺជាជម្រកធម្មជាតិរបស់សត្វក្រពើទឹកប្រៃធំៗប្រមាណ ៥០០ ក្បាល ដែលអាចមានប្រវែងដល់ទៅ ៤ ម៉ែត្រឯណោះ។ នេះបើតាមប្រភពពី BBC បានចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
ទោះបីជាមានការព្រួយបារម្ភផ្នែកសុវត្ថិភាពយ៉ាងណាក្តី ក៏គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) រួមជាមួយសហព័ន្ធកីឡាអុំទូកពិភពលោក (World Rowing) កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានអនុម័តយកទីតាំងនេះ បន្ទាប់ពីការវាយតម្លៃផ្នែកបច្ចេកទេសឯករាជ្យ តាមរយៈការត្រួតពិនិត្យទៅបាតទន្លេ ខ្សែទឹក ចរន្តទឹកហូរ កម្រិតកម្ពស់ទឹក និងស្ថានភាពអាកាសធាតុដែលអាចកើតមាន អំឡុងពេលប្រកួតនៅទន្លេ Fitzroy អាចធានាបាននូវការប្រកួតដោយយុត្តិធម៌។
ងាកទៅអ្នកជំនាញ និងមន្ត្រីរៀបចំការប្រកួតទៀតសោតបានអះអាងថា ពួកគេមានវិធានការគ្រប់គ្រង និងតាមដានសត្វក្រពើទាំងនោះយ៉ាងហ្មត់ចត់ ហើយកន្លងមក ទន្លេនេះត្រូវបានប្រើប្រាស់សម្រាប់ការហ្វឹកហាត់ និងប្រកួតកីឡាប្រណាំងទូកថ្នាក់ជាតិជាញឹកញាប់ ដោយគ្មានបញ្ហាអ្វីកើតឡើងផងដែរ។ ស្របពេលឯកសាររដ្ឋាភិបាលរដ្ឋ ដែលកត់ត្រាទុកតាំងពីជាង ៤០ ឆ្នាំមុន មិនដែលបង្ហាញពីករណីសត្វក្រពើទាំងនេះ វាយប្រហារមនុស្សម្តងណាឡើយ។
គួរបញ្ជាក់ជូនថា ពិធីបើកកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០៣២ ដែលទីក្រុង Brisbane រដ្ឋ Queensland ប្រទេសអូស្ត្រាលីទទួលសិទ្ធិជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា និងបិទនៅថ្ងៃទី៨ ខែសីហា។ ចំណែកកីឡាប៉ារ៉ាឡាំពិក បើកនៅថ្ងៃទី២៤ ខែសីហា និងបិទនៅថ្ងៃទី៥ ខែកញ្ញា៕



ចែករំលែកព័តមាននេះ