អន្តរជាតិ ៖ កំពូលកីឡាករបាល់ទាត់ Lionel Messi ត្រូវបានដាក់បញ្ចូលឈ្មោះជាផ្លូវការនៅក្នុងបញ្ជីសម្រាំងបេក្ខភាព ៣០ នាក់ចុងក្រោយសម្រាប់ប្រជែងពានរង្វាន់កីឡាករឆ្នើមបំផុត FIFA Ballon d’Or ប្រចាំឆ្នាំ ២០២៦ ខណៈដែល Cristiano Ronaldo មិនមានឈ្មោះនៅក្នុងបញ្ជីសម្រាំងឆ្នាំនេះ និងជាទី ៤ ជាប់គ្នា។
កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ទស្សនាវដ្តី France Football បានប្រកាសបញ្ជីឈ្មោះបេក្ខភាពសម្រាំងចុងក្រោយចំនួន ៣០ នាក់ សម្រាប់ម្ចាស់ពានឆ្នាំនេះ។ ដ្បិតម្ចាស់ជ័យលាភីបុរសកាលពីឆ្នាំមុន ខ្សែបម្រើប្រយុទ្ធបារាំង Ousmane Dembele របស់ក្លិប PSG ក៏មានឈ្មោះប្រជែងម្តងទៀតផងដែរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ គ្រប់គ្នារំពឹងថានឹងមានម្ចាស់ជ័យលាភីថ្មីម្នាក់ នឹងលើកពានឆ្នាំនេះ។
ក្រៅអំពីឈ្មោះកីឡាករប្រជែងទាំង ៣០ នាក់ចុងក្រោយ ដែលត្រូវបានប្រកាសជាផ្លូវការហើយនោះ អ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក ក៏ចាប់អារម្មណ៍ខ្លាំងជាមួយវត្តមាន ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ត្រឡប់មកកាន់បញ្ជីមួយនេះសាជាថ្មី បន្ទាប់ពីខកខាន២ឆ្នាំជាប់គ្នា កាលពី ២០២៤ និង ២០២៥។
បើទោះបីជាបច្ចុប្បន្នឈានដល់វ័យ៣៩ឆ្នាំក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធក្លិប Inter Miami រូបនេះ ត្រូវបានជ្រើសរើសដោយសារតែទម្រង់លេង និងសមិទ្ធផលលេចធ្លោទាំងក្លិប និងជម្រើសជាតិ ជាពិសេសក្នុងនាមប្រធានក្រុមនោះ Messi បានដឹកនាំក្រុមអាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ទោះបីចាញ់អេស្ប៉ាញយ៉ាងណាក៏ដោយ។ ម្ចាស់ពាន Ballon d’Or ៨ សម័យកាលរូបនេះ ថែមទាំងបានស៊ុតបញ្ចូលទីបាន ៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម (Assist) បាន ៤ ដងផងដែរ។
ដោយឡែក ម្ចាស់ពាន Ballon d’Or ៥ សម័យកាល Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិប Al Nassr នៅក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីតនោះ មិនជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពសម្រាំង ៣០ នាក់ចុងក្រោយ សម្រាប់ឆ្នាំនេះឡើយ ហើយនេះក៏ជាការខកខានរយៈពេល ៤ ឆ្នាំជាប់គ្នាផងដែរ សម្រាប់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៤១ឆ្នាំរូបនេះ។
គួរបញ្ជាក់ថា ការប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ Ballon d’Or ឆ្នាំ២០២៦ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៕


ចែករំលែកព័តមាននេះ