ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​នី ប៉ាក់​គី​អៅ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សម្របសម្រួល​ប្រឆាំង​ភាព​ក្រីក្រ​ជាតិ ឋានៈ​ស្មើ​រដ្ឋមន្ត្រី

1 ខែ មុន

ទីក្រុង​ម៉ានីល ៖ លោក ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) បាន​វិល​ត្រឡប់​មក​បម្រើ​ការងារ​សាធារណៈ​វិញ​ហើយ បន្ទាប់​ពី​ប្រធានាធិបតី​ហ្វី​លី​ពី​ន លោក ហ្វឺ​ឌី​ណា​ន់ ម៉ា​កូ​ស ជូ​ញៀ (Ferdinand Marcos Jr.) កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៦ បាន​តែងតាំង​ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​នរូ​ប​នេះ​ជា​ប្រធាន​សម្របសម្រួល​នៃ​គណៈកម្មការ​ជាតិ​ប្រឆាំង​នឹង​ភាព​ក្រីក្រ (NAPC) ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។

លោក ប៉ាក់​គី​អៅ បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ចំពោះ​មុខ​លោក​ប្រធានាធិបតី ម៉ា​កូ​ស នៅ​ឯ​វិមាន Malacañang កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ដែល​នេះ​ជា​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី​ជា​លើក​ដំបូង​របស់​លោក បន្ទាប់​ពី​ប្រឡូក​ក្នុង​ឆាកនយោបាយ​យ៉ាង​យូរ រួម​ទាំង​ការ​បម្រើ​ការងារ​ក្នុង​រដ្ឋសភា និង​ព្រឹទ្ធសភា ក៏​ដូច​ជា​ការ​ចូលរួម​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ ២០២២ ដែល​មិន​ទទួល​បាន​ជោគជ័យ​ផង​ដែរ​។

ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន​វ័យ​៤៧​ឆ្នាំ​រូប​នេះ ចូល​មក​ជំនួស​តំណែង​លោក Lope Santos III ដែល​បាន​បំពេញការងារ​នៅ​ក្នុង​តំណែង​នេះ ចាប់តាំងពី​ឆ្នាំ​២០២៣​។ គណៈកម្មការ​នេះ ដឹកនាំ​ដោយ​លោក ម៉ា​កូ​ស ផ្ទាល់ ចំណែក​លោក ប៉ាក់​គី​អៅ នៅ​ក្នុង​នាម​ប្រធាន​សម្របសម្រួល ក៏​នឹង​ត្រូវ​បំពេញការងារ​ជា​ប្រធាន​លេខាធិការដ្ឋាន​ផង​ដែរ​។

ស្ថាប័ន NAPC ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ច្បាប់សាធារណៈ​លេខ ៨៤២៥ មាន​ភារកិច្ច​សម្របសម្រួល​កម្មវិធី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​ថា ក្រុម​ប្រជាជន​ងាយ​រង​គ្រោះ​ទទួល​បានការ​គិតគូរ​ពី​រដ្ឋាភិបាល​។

នៅ​ក្នុង​នាម​ប្រធាន​សម្របសម្រួល​ប្រឆាំង​ភាព​ក្រីក្រ​ជាតិ លោក ប៉ាក់​គី​អៅ នឹង​ធ្វើការ​សម្របសម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​បាន​បញ្ជាក់​ថា លោក​យល់​យ៉ាង​ច្បាស់​អំពី​ភាព​ក្រីក្រ​តាម​រយៈ​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​។ លោក​បាន​រៀបរាប់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ខ្ញុំ​មានប្រភពចេញមកពីភាពក្រីក្រ ។ ខ្ញុំ​ធ្លាប់​គេង​លើ​ក្រដាសកាតុង​តាម​ចិញ្ចើមថ្នល់ ផឹក​តែ​ទឹក​ដោយ​គ្មាន​អ្វី​ញ៉ាំ និង​ខំ​សន្សំ​ប្រាក់​កាក់​តិចតួច ដើម្បី​ជួយ​គ្រួសារ​របស់ខ្ញុំ​»៕ ប្រភព ៖ Inquirer.net និង Reuters