អបអរសាទរ! កម្ពុជាឈ្នះមេដាយ ៧១គ្រឿង ពីការប្រកួតគុនខ្មែរ ជើងឯកអាស៊ីលើកទី១ នៅវៀតណាម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកអាស៊ី លើកទី១ (1st Asian Kun Khmer Championship) ឆ្នាំ២០២៦ នៅទីក្រុងកាន់ថឺ (Can Tho) ប្រទេសវៀតណាម បានបិទបញ្ចប់ជាផ្លូវការហើយ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយដំណើរការប្រកួតអស់រយៈពេល ៨ ថ្ងៃ (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែកញ្ញា)។
ជារឿងគួរឱ្យអបអរសាទរខ្លាំងណាស់ចំពោះក្រុមអត្តពលិកគុនខ្មែរកម្ពុជា ដែលបានបង្កើតប្រវត្តិសាស្ត្រដណ្តើមបានមេដាយសរុបរហូតដល់៧១គ្រឿងពីការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើនេះ ។ មេដាយទាំង៧១គ្រឿងដែលក្រុមអត្តពលិកគុនខ្មែរកម្ពុជាដណ្ដើមបាននៅពេលនេះមានមេដាយមាស ៣៥គ្រឿង, មេដាយប្រាក់ ២៧គ្រឿង និងមេដាយសំរឹទ្ធ ៩គ្រឿង ស្ថិតនៅលំដាប់លេខរៀងទី២បន្ទាប់ពីវៀតណាមដែលស្ថិតនៅកំពូលតារាងមេដាយ ។
ជ័យជម្នះបាននាំមកនូវមោទនភាពយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ និងបានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងនៃក្បាច់គុនបុរាណខ្មែរនៅលើឆាកអន្តរជាតិ។
គួរឱ្យដឹងផងដែរ ការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកអាស៊ី លើកទី១ (1st Asian Kun Khmer Championship) ឆ្នាំ២០២៦ នៅទីក្រុងកាន់ថឺ (Can Tho) ប្រទេសវៀតណាម មានប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុបចំនួន ២៣៦ នាក់ មកពី ១១ ប្រទេស ក្នុងទ្វីបអាស៊ី ចូលរួម ។
ការប្រកួតត្រូវបានបែងចែកទៅលើវិញ្ញាសាផ្សេងៗគ្នាសរុបចំនួន ៧០ វិញ្ញាសា ហើយជាលទ្ធផលប្រទេសទាំង១១ដែលបានចូលរួមសុទ្ធតែទទួលបានមេដាយត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។ ជាមួយគ្នានេះប្រទេសឥណ្ឌូនេស៊ី បានបង្ហាញបំណងសុំធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជើងឯកអាស៊ីនាលើកក្រោយទៀតផង៕




ចែករំលែកព័តមាននេះ