ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រត់ប្រណាំង​ស្ត្រី​ ចម្ងាយ​១០​គីឡូម៉ែត្រ​ រំពឹង​មាន​អ្នកចូលរួម​ខ្ទង់​៥​ពាន់​នាក់

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖​ ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​១០​គីឡូម៉ែត្រ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​ប្រមាណ​​ខ្ទង់​៥​ពាន់​នាក់​។​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្តម​វ៉ា​ត់ ចំរើន ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ និង​ជា​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​ថ្លែង​ឱ្យ​ដឹង​នៅ​ក្នុង​ស​ន្និ​សី​ទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ ​ខែកញ្ញា​ ។

ព្រឹត្តិការណ៍​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូ​មែ​ត្រ​ធ្វើ​ឡើង​ដើម្បី​លើ​កម្ពស់​ការ​យល់​ដឹង​និង​ទប់ស្កាត់​ជម្ងឺមហារីក​សុដន់​ ។ ​បើ​តាម​ការ​ឱ្យ​ដឹង​បន្ថែម​នេះ ជា​លើក​ទី​៥​ហើយ ដែល​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​រួម​គ្នា​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​ឡើង​ ។ ​បើ​គិត​មក​ត្រឹម​ថ្ងៃនេះ​ មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់ប្រណាំង​​ប្រមាណ​ជាង​២​ពាន់​នាក់​រួច​មក​ហើយ​ ​ខណៈ​ថ្ងៃ​រត់ប្រណាំង​​ពិតប្រាកដ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៥ ​ខែតុលា ​ឆ្នាំ​២០២៦​។

ឯកឧត្តម​វ៉ា​ត់ ចំរើន​ បាន​អំពាវនាវ​ទៅ​ដល់​មន្ត្រីរាជការ ប្រជាពលរដ្ឋ​នាំ​គ្នា​ចុះ​ឈ្មោះ​ចូលរួម​រត់​ឱ្យ​បាន​ច្រើន​និង​រួសរាន់​បំផុត ​។

​ឯកឧត្តម​បានឱ្យ​ដឹង​ទៀត​ថា​ ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​មិន​ត្រឹម​ជួយ​បង្កើន​សុខុមាលភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ថែម​ទាំង​ជំរុញ​ការ​យល់​ដឹង​លើ​ការ​ថែរក្សា​បរិស្ថាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​ស្រស់បំព្រង​ប្រែ​ក្លាយជា​រាជធានី​បៃតង​ទៀត​ផង​។

លោក​សែ​ម ផល្លា​ នាយក​ប្រតិបត្តិ​រៀបចំ​ព្រឹត្តិការណ៍​​ម៉ា​រ៉ា​តុង​ អម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សូម​ថ្លែងអំណរគុណ​ទៅ​ដល់​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​ចូលរួម​សហកា​យ៉ាង​ពេញទំហឹង​ជួយ​សម្រួល​ចរាចរណ៍ ដល់​អ្នក​រត់​មាន​ភាព​កក់ក្ដៅ​បំផុត​។​លោក​ក៏​បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នាំ​គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ​។ ​លោក​បាន​លើក​ឡើង​ទៀត​ថា​ ការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ គឺជា​ការ​ការពារ​អាយុជីវិត​យើង​ទាំងអស់​គ្នា​៕