ACL2 ៖ ភ្នំពេញក្រោន បន្តឈរកំពូលតារាង ខណៈព្រះខ័នរាជស្វាយរៀង រកបាន១ពិន្ទុ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតទី ២ វគ្គចែកពូល ពានរង្វាន់ AFC Champions League Two (ACL2) រដូវកាល ២០២៦/២៧ បានបញ្ចប់កាលពីថ្ងៃទី១៥ ខែតុលា ទាំងតំបន់អាស៊ីខាងលិច និងខាងកើត។
ក្រុមតំណាងកម្ពុជាទាំង ២ ដែលនៅក្នុងតំបន់អាស៊ីខាងកើត ភ្នំពេញក្រោន បន្តរកបាន ៣ ពិន្ទុបន្ថែមទៀត កាន់កាប់កំពូលតារាង ពូល H បណ្តោះអាសន្ន ខណៈដែលព្រះខ័នរាជស្វាយរៀង រកបាន ១ ពិន្ទុដំបូង និងឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល G ។

បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Kuching City មកពីម៉ាឡេស៊ី ដោយលទ្ធផល ២-១ កាលពីថ្ងៃទី១៧ ខែកញ្ញារួចមក ភ្នំពេញក្រោន បន្តទៅយកបាន ៣ ពិន្ទុថែមទៀត នៅក្រៅដីពីម្ចាស់ផ្ទះ Gangwon នៅកូរ៉េខាងត្បូង ជាមួយជ័យជម្នះ ១-២ កាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅ។ ចំណែកឯព្រះខ័នរាជស្វាយរៀង រកបានពិន្ទុជាលើកដំបូង ក្រោយស្មើដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា ទល់នឹងក្រុមភ្ញៀវ Shanghai Shenhua មកពីចិន។ ដ្បិតក្រុមជើងឯកលីគកំពូលកម្ពុជាមួយនេះ បានចាញ់ម្ចាស់ផ្ទះ Machida Zelvia ដែលជាក្រុមខ្លាំងជប៉ុន ដោយលទ្ធផល ២-០ កាលពីប្រកួតបើកឆាក។

ប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅប្រទេសសិង្ហបុរី តទល់ជាមួយ Tampines Rovers នៅថ្ងៃទី២៩ ខែតុលា ម៉ោង ៥ នាទីរសៀល (ម៉ោងនៅកម្ពុជា)។ នៅថ្ងៃជាមួយគ្នានោះ ភ្នំពេញក្រោន ក៏នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមន៍ក្រុមមកពីហុងកុង Kitchee នៅម៉ោង ៧:១៥ នាទីយប់៕ រូបភាព ៖ Phnom Penh Crown FC និង Preah Khan Reach Svay Rieng FC


ចែករំលែកព័តមាននេះ