ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកលើកទី២ ទទួលការចុះឈ្មោះត្រឹមតែជាង៥០០នាក់ប៉ុណ្ណោះ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកលើកទី២(The 2nd Cambodia Baby Olympics)ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧ខែមករា ឆ្នាំ២០២៧ ត្រៀមទទួលការចុះឈ្មោះត្រឹមតែ៥៥០នាក់ប៉ុណ្ណោះ ទីតាំងដែលត្រូវរៀបចំធ្វើឡើងនៅក្នុងទីលានពហុកីឡដ្ឋានជាតិ។ នេះបើតាមការឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មានដែលបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
បន្ទាប់ពីទទួលបានជោគជ័យនិងមានការគាំទ្រខ្លាំងពីសំណាក់មាតាបិតានិងអាណាព្យាបាល ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកលើកទី១កាលពីឆ្នាំ២០២៦ កន្លងមកដែលមានអ្នកចុះឈ្មោះរហូតដល់ទៅ ៣៥០នាក់ប៉ុណ្ណោះ ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលជាអ្នករៀបចំព្រឹត្តិការណ៍មួយនេះ មិនត្រឹមតែបង្កើនចំនួននៃការចុះឈ្មោះឱ្យកាន់តែច្រើននោះទេ លើសពីនេះទៅទៀតថែមទាំងបានបង្កើនចំនួនប្រភេទកីឡាប្រកួតនិងកម្រិតអាយុ ចាប់ពី១ឆ្នាំដល់១០ឆ្នាំ។
ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកលើកទី២នេះ គណៈកម្មការរៀបចំបានសម្រេចដាក់រហូត១០ប្រភេទកីឡាឱ្យលេង និងតាមកម្រិតអាយុ។
ចំពោះប្រភេទកីឡាទាំង១០ដែលត្រូវដាក់ឱ្យលេងរួមមាន កីឡាវារ កីឡាហែលទឹក កីឡាវាយកូនគោល កីឡាបាល់ទាត់ កីឡាប្រណាំងកង់ដោល កីឡារត់ប្រណាំង វាយសី បាល់បោះ តេក្វាន់ដូ និងកីឡាផិក្ដូប៊ល។
ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថាព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះមិនមែនជាការប្រកួតប្រជែងតាមកម្រិតបច្ចេកទេស ឬដើម្បីការចាញ់ឈ្នះនោះទេ ។ ផ្ទុយទៅវិញការលេងកីឡានេះ គោលបំណងបណ្ដុះស្មារតីកុមារតូចៗ បង្កើនបញ្ញាស្មារតី លេងកីឡាទៅតាមចំណង់ចំណូលចិត្ត និងស្រឡាញ់ ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺជាការប្រកួតប្រជែងបែបនេះនឹងផ្ដល់ឱកាសឱ្យពួកគាត់អភិវឌ្ឍរាងកាយរឹងមាំ ស្មារតីចងចាំល្អ។មិនតែប៉ុណ្ណោះគឺចង់ឱ្យពួកគេបានបង្ហាញពីទេពកោសល្យផ្ទាល់ខ្លួន ដើម្បីក្លាយជាកីឡាករ កីឡាការិនីឆ្នើមទៅថ្ងៃអនាគតទៀតផង ។
ជាងនេះទៅទៀត សម្រាប់ថ្ងៃខាងមុខឯកឧត្តមនឹងរៀបចំឱ្យមានការចូលរួមពីកុមារដែលមានពិការភាពដើម្បីឱ្យពួកគេមានឱកាសបញ្ចេញសមត្ថភាពដូចកុមារដទៃទៀតដែរ ។ ជាចុងក្រោយឯកឧត្តមសំណូមពរដល់មាតាបិតាអាណាព្យាបាលនាំកូនមកចុះឈ្មោះឱ្យបានរួសរាន់ ៕





ចែករំលែកព័តមាននេះ