ប្រទេសជប៉ុន ៖ លោក Hajime Moriyasu គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន ត្រូវបានរាយការណ៍ថា មិនចាប់អារម្មណ៍នៅក្នុងការដឹកនាំជម្រើសជាតិម៉ាឡេស៊ីឡើយ ដោយគោលដៅរបស់លោកចង់ដឹកនាំបណ្តាក្លិបនៅអឺរ៉ុប។
ប្រភពពីសារព័ត៌មាន New Straits Times បានឱ្យដឹងថា លោក Hajime Moriyasu ដែលកិច្ចសន្យាជាមួយក្រុមសាមូរ៉ៃខៀវជប៉ុន នឹងអស់សុពលភាពនាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៧ មានមហិច្ឆតាចង់ក្លាយជាគ្រូបង្វឹកជនជាតិជប៉ុនដំបូងគេបង្អស់ ដែលបានទៅដឹកនាំបណ្តាក្លិបបាល់ទាត់អាជីពនៅអឺរ៉ុប។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោកត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ខណៈដែលសារព័ត៌មានជប៉ុន Nikkan Gendai និង Sakanowa ក៏បានរាយការណ៍ដែរថា ការដឹកនាំក្រុមជម្រើសជាតិមួយផ្សេងទៀត ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ គឺមិនមែនជាចំណូលចិត្តរបស់លោកនោះទេ ដោយសារលោកចូលចិត្តការចូលរួមការងារប្រចាំថ្ងៃក្នុងការគ្រប់គ្រងក្លិប ជាងភារកិច្ចដឹកនាំក្រុមជម្រើសជាតិ។
ស្របពេលជាមួយគ្នានោះដែរ អ្នកតំណាងរបស់លោក Hajime Moriyasu បានបដិសេធសេចក្តីរាយការណ៍ថ្មីៗដែលថា សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីបានទាក់ទងជាផ្លូវការជាមួយគ្រូជប៉ុនរូបនេះ សម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០៣០ ដោយសារតែលោកចង់បន្តអាជីពនៅអឺរ៉ុប បន្ទាប់ពីចប់កិច្ចសន្យាជាមួយសហព័ន្ធបាល់ទាត់ជប៉ុន។
បច្ចុប្បន្នតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី កំពុងតែត្រូវបានកាន់កាប់ដោយអ្នកចាត់ការបណ្តោះអាសន្ន លោក Tan Cheng Hoe។ លោកបានត្រឡប់មកដឹកនាំក្រុមវិញ កាលពីខែមិថុនា បន្ទាប់ពីការចាកចេញរបស់លោក Peter Cklamovski ដែលបានបញ្ចប់កិច្ចសន្យារបស់ខ្លួនដោយនឹកស្មានមិនដល់ ដើម្បីទៅដឹកនាំក្រុម Salford City នៅលីគលំដាប់ទី ៣ អង់គ្លេស។
សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី ចង់ស្វែងរកដំណោះស្រាយរយៈពេលវែង ដើម្បីពង្រឹងស្ថិរភាពក្រុម និងស្តារសមត្ថភាពប្រកួតប្រជែងឡើងវិញ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលដ៏លំបាកយ៉ាងខ្លាំង៕



ចែករំលែកព័តមាននេះ