ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣១ គិតមកត្រឹមពេលនេះ មានអ្នកចុះឈ្មោះជាង១ម៉ឺននាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣១ ឆ្នាំ២០២៦ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែធ្នូ ទើបតែមានអ្នកចុះឈ្មោះចូលរួមប្រកួតប្រមាណ១២០០០នាក់ប៉ុណ្ណោះ ខណៈចំនួននេះមានការថយចុះជាងឆ្នាំ២០២៥។
នេះបើតាមឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៏មាន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតីអូឡាំពិកកម្ពុជា។
ឯកឧត្តមវ៉ាត ចំរើន បានបញ្ជាក់ឱ្យដឹងបន្ថែមថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ទើបតែមានអ្នកចុះឈ្មោះបាន១២០០០នាក់ ដែលមានចំនួនតិចជាងឆ្នាំ២០២៥ មានរហូតដល់ទៅ១៦០០០នាក់ ក្នុងនោះចំនួនភ្ញៀវបរទេស ទើបតែបានប្រមាណជាង៣ពាន់នាក់ បើធៀបទៅនឹងឆ្នាំមុនភ្ញៀវបរទេសមានរហូតដល់ទៅ៣៦០០នាក់ឯណោះ។ ទោះជាយ៉ាងណា ឯកឧត្តមបានរម្លឹកឡើងថា ការចុះឈ្មោះនៅតែបន្តបើកទទួលរហូតជិតដល់ថ្ងៃរត់តែម្ដង។
ឯកឧត្តមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលស្គាលថា ការចុះឈ្មោះរត់របស់មហាជនឆ្នាំនេះហាក់មានការយឺតយ៉ាវបន្តិច បើធៀបទៅឆ្នាំមុន ។ ភាពយឺតយ៉ាវទាំងនេះ មានកត្តារួមផ្សុំជាច្រើន អាចបណ្ដាលមកពីបញ្ហាសេដ្ឋកិច្ច សកល និងគ្រោះធម្មជាតិផ្សេងៗដូចជាទឹកជំនន់ជាដើម ជាពិសេសក៏ជាកត្តាជើងហោះហើរជាបញ្ហាប្រឈមពីសំណាក់ភ្ញៀវបរទេស។
ដូច្នេះក្នុងនាមគណៈកម្មការៀបចំ នឹងប្ដេជ្ញាចិត្តខិតខំធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន និងប្រកបដោយសុវត្ថិភាពជូនអ្នកចូលរួមរត់ទាំងអស់គ្នា ទទួលបានការសប្បាយរីករាយ ។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍រត់ប្រណាំងឆ្នាំនេះទៀតសោត គណៈកម្មការនឹងធ្វើការកែរម្រួលតម្រាយផ្លូវរត់ថ្មីលើចម្ងាយ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រនិង៥គីឡូម៉ែត្រ។
ឯកឧត្តមវ៉ាត់ ចំរើន បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា សម្រាប់គោលបំណងរត់នៅដដែល ក្រៅពីដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍វប្បធម៌របស់ពិភពលោកដ៏ល្អឯកនៃខេត្តសៀមរាប ទៅកាន់ឆាកអន្តរជាតិ ចំពោះថវិកាដែលទទួលបាននឹងយកទៅជួយលើកិច្ចការមនុស្សធម៌ជូនទៅមន្ទីរពេទ្យ សាលារៀននិងអង្គការផ្សេងៗទៀត៕




ចែករំលែកព័តមាននេះ