ប្រទេសអេស្ប៉ាញ ៖ កីឡាករ Lionel Messi បានទទួលពានរង្វាន់កីឡាថ្នាក់ខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីទទួលស្គាល់អាជីពដ៏អស្ចារ្យ និងការងារសង្គមរបស់កីឡាកររូបនេះ ក្នុងការជួយកុមារខ្វះខាតអាចទទួលបានសេវាសុខាភិបាល និងការអប់រំ។
ពិធីនេះ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅសាលមហោស្រព Campoamor នៅក្នុងទីក្រុង Oviedo ប្រទេសអេស្ប៉ាញ ដោយមានការចូលរួមប្រគល់ដោយផ្ទាល់ពីព្រះនាងម្ចាស់រជ្ជទាយាទ Leonor រួមជាមួយព្រះមហាក្សត្រ Felipe ទី ៦ ព្រមទាំងម្ចាស់ក្សត្រី Letizia ក៏ដូចជាអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀតផងដែរ។
ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីន វ័យ៣៩ឆ្នាំរូបនេះ ត្រូវបានប្រកាសថាជាម្ចាស់ពានរង្វាន់ Princess of Asturias ឆ្នាំ២០២៦ សម្រាប់ផ្នែកកីឡា កាលពីខែមិថុនា ដោយគណៈកម្មការបានលើកសរសើរ Messi ថា កីឡាករបាល់ទាត់ជោគជ័យបំផុតគ្រប់ពេល និងកោតសរសើរដល់កិច្ចការងារសង្គមរបស់កីឡាកររូបនេះផងដែរ។
ការផ្តល់ពានរង្វាន់កត្តិយសដ៏ខ្ពងខ្ពស់នេះ ព្រោះមិនត្រឹមតែផ្អែកលើសមិទ្ធផល និងភាពជោគជ័យដ៏អស្ចារ្យលើទីលានបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់ទៅលើការងារសប្បុរសធម៌យ៉ាងសកម្មរបស់ Messi តាមរយៈមូលនិធិផ្ទាល់ខ្លួនក្នុងការជួយជ្រោមជ្រែងដល់កុមារក្រីក្រ និងងាយរងគ្រោះឱ្យទទួលបានការអប់រំ និងការថែទាំសុខភាពកាន់តែប្រសើរ។
គួរបញ្ជាក់ថា ពានរង្វាន់ Princess of Asturias Award នៅក្នុងប្រទេសអេស្ប៉ាញ ត្រូវបានគេប្រៀបប្រដូចទៅនឹងពានរង្វាន់ «ណូបែល» អ៊ីចឹង។ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨១ ដើម្បីស្វែងរក និងលើកទឹកចិត្តដល់បុគ្គលឆ្នើមៗទូទាំងសកលលោក ទាំងក្នុងវិស័យសិល្បៈ វិទ្យាសាស្ត្រ និងកីឡា ដែលបានរួមចំណែកយ៉ាងធំធេងដល់សង្គមជាតិ និងមនុស្សជាតិ។ Lionel Messi បានបង្កើតប្រវត្តិសាស្ត្រ គឺជាកីឡាករបាល់ទាត់ដំបូងគេបង្អស់ (ឯកត្តជន) ទទួលបានពានរង្វាន់ដ៏ពិសេសមួយនេះ៕ ប្រភព ៖ Aljazeera





ចែករំលែកព័តមាននេះ