ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក U16

5 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ខ្សែប្រយុទ្ធ​វ័យក្មេង​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក Carson Starrett ត្រូវ​បាន​កោះហៅ​ចូល​ក្រុមបាល់ទាត់​ជម្រើសជាតិ​សហរដ្ឋអាមេរិក​អាយុ​ក្រោម​១៦​ឆ្នាំ (U16) សម្រាប់​ជំរុំ​ហ្វឹកហាត់​ខែតុលា​នេះ នៅ​ទីក្រុង Chula Vista រដ្ឋ California ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៩​។ នេះ​បើ​តាម​ការ​ប្រកាស​ពីសា​លា​ក្លិប Orlando City (Orlando City SC Academy) កាលពី​ថ្ងៃ​ទី​២២ ខែតុលា​។
ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Ross Brady នឹង​ធ្វើការ​វាយតម្លៃ ព្រមទាំង​ពង្រឹងសមត្ថភាព​ក្រុម​យុវជន​កើត​នៅ​ក្នុង​ឆ្នាំ ២០១១​។ ដ្បិត Carson Starrett ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ចំណោម​ខ្សែប្រយុទ្ធ​ឆ្នើម​ទាំង ៦ រូប​នៃ​បញ្ជី​ឈ្មោះ​ផ្លូវការ​។

យុវជន Carson Starrett កំពុង​តែ​លេង​ឱ្យ​សាលា​បាល់ទាត់​ក្លិប Orlando City និង​បាន​កំពុង​បង្ហាញ​ទម្រង់​លេង​ដ៏​លេចធ្លោ ហើយ​ក៏​ធ្លាប់​រក​គ្រាប់​បាល់​បាន​ទាំង​ក្នុង​ការ​បង្ហាញខ្លួន​ដំបូង​ជាមួយ​ក្រុម​ឈុត U-18 កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​ដូច​ជា​ធ្លាប់​ត្រូវ​បាន​កោះហៅ​ឱ្យទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ឈុត​ធំ Orlando City ផង​ដែរ​។

យុវជន​វ័យ ១៥ ឆ្នាំ កើត​ក្នុង​ឆ្នាំ ២០១១ កម្ពស់ ១,៨៥ ម៉ែត្រ ដែល​មាន​ឪពុក​ជា​ជនជាតិ​អា​មេ​រិ​កាំ​ង និង​ម្តាយ​ជា​ជនជាតិ​ខ្មែរ​រូប​នេះ គឺជា​យុវជន​ដ៏​មាន​សក្តានុពល​មួយ​រូប​នៅ​ក្នុង​ចំណោម​កីឡាករ​ដែល​កើត​ក្នុង​ឆ្នាំ ២០១១ នៅ​ទូ​ទាំង​ប្រទេស ដែល​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រព័ន្ធ​អភិវឌ្ឍន៍​បាល់ទាត់​យុវជន​អា​មេ​រិ​ក​។

គួរ​បញ្ជាក់​ដែរ​ថា មុន​ពេល​ចូលរួម​ជាមួយ​សាលា​បាល់ទាត់​ក្លិប Orlando City យុវជន​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក Carson Starrett ក៏​បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​នៅ​ក្នុង​ក្លិប Legends FC, Barcelona និង Inter Miami ផង​ដែរ​៕