ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ម៉ូតូ​ទឹក​កម្ពុជា​ ត្រៀមខ្លួន​១០០០% ​សម្រាប់​​ការ​ប្រកួត​ជុំ​ទី​៣

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​ការ​ប្រកួតប្រណាំង​កីឡា​ម៉ូតូ​ទឹក​កម្រិត​ពិភពលោក​ទាំង​ពីរ​ជុំ​ គឺ​ជុំ​ទី​១ ​នៅ​ប្រទេស​ប៊ុល​ហ្គា​រី ​ចាប់ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១២​ ខែកក្កដា​ និង​ជុំ​ទី​២​នៅ​រដ្ឋ​Arizona ​សហរដ្ឋអាមេរិក​ ចាប់ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទ​១១ ​ខែតុលា​ ឆ្នាំ​២០២៦​។​

សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ត្រៀមខ្លួន​១០០០​ភាគរយ​សម្រាប់​ចូលរួម​ប្រកួត​ដណ្ដើម​ជ័យជម្នះ​ក្នុង​ជុំ​ទី​៣​ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១៣​ ដល់​១៧​ ខែមករា​ឆ្នាំ​២០២៧​។

លោក​សាលី អ៊ូ​មើ​ត ​កំពូល​អ្នក​ប្រណាំង​ម៉ូតូ​ទឹក​ដ៏​ឆ្នើម​របស់​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នក​សារ​ព័​ត៏​មាន​ឱ្យ​បានដឹង​ថា ​ក្រុមកីឡា​ម៉ូ​តូ​ទឹក​កម្ពុជា បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ​សម្រាប់​ការ​ចូលរួម​ប្រកួត​ក្នុង​ជុំ​ទី​៣​ជា​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ប្រទេស​ថៃ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែមករា​ ឆ្នាំ​២០២៧ ​។ ​តែ​ដោយសា​រ​យើង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ត្រូវ​តែ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិ​បាល​ជា​មុន​សិន​។

លោក​ណុះ ស្លេះ ​ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ ធ្លាប់​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​ក្រុមកីឡា​ម៉ូតូ​ទឹក​កម្ពុជា​ដណ្ដើម​បាន​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ពិភពលោក Jet Ski World Series 2026 ​ជុំ​ទី​២ ​ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​ទី​១២ ​ខែតុលា​​ នៅ​លើ​ទឹកដី​សហរដ្ឋ​អាម​រិ​កដោយ​ដណ្ដើម​បាន​មេដាយ​៩​គ្រឿង ក្នុង​នោះ​មេដាយមាស​ចំនួន​៤​គ្រឿង​ មេដាយ​ប្រាក​ចំនួន​៣​គ្រឿង ​និង​មេ​ដា​សំរឹទ្ធ​ចំនួន​២​គ្រឿង​។​

ទោះជា​យ៉ាងណា ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​នៅ​មាន​ម​ហិ​ច្ឆិ​តា​ចង់​បន្ត​បេសកកម្ម​របស់​ខ្លួន​នៅ​ជុំ​ទី​៣​ជា​បន្ត​ទៀត​ដើម្បី​ដ​ណ្ដើម​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ ​។ ​ការ​ប្រកួត​កាលពី​ជុំ​ទី​២​កន្លង​មកនេះ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ជម្រើសជាតិ​ឆ្នើម​ៗ​និង​មានបទពិសោធន៍​ប្រកួត​យ៉ាង​ជោគ​ជាំ​ចំនួន​៦​រូប​រួម​មាន​៖​កីឡាករ​សាលី អ៊ូ​មើ​ត កីឡាករ​សាលី ហ្វី​លី​ន កីឡាករ​កៃ​វ៉ា​ន់ ស៊ី​ដែន កីឡាករ​ម៉ឺន អូ​ស្មាន់ កីឡាករ​មី មូ​ស្តា​ន់​និង​ទៀត សា​លេះ​។

លោក​ប្រធាន​សហព័ន្ធ​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា​បច្ចុប្បន្ន​កីឡា​ម៉ូតូ​ទឹក​កម្ពុជា ប្រភេទ​កីឡា​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​កេរ​ឈ្មោះ​ល្បី​រន្ទឺ​នៅ​លើ​ពិភពលោក​។ ​តែ​ទោះជា​យ៉ា​ណា​ លោក​សូម​ធ្វើការ​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​បាន​គ្រប់​គ្នា​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ថា តា​មរយៈ​អ្វី​​នោះ​ទេ​ ។ ​លោក​បាន​បញ្ជាក់​ឱ្យ​បានដឹង​ទៀត​ថា​ រាល់​ការ​ចេញ​ទៅ​ប្រកួត​ម្ដង​ៗ​គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ណាស់​ ។ ​ជា​ពិសេស​ការ​ចេញ​ទៅ​ប្រកួត​កម្រិត​ពិភពលោក​ទាំង​ពីរ​ជុំ​កន្លង​មក​ក្នុង​ត្រូវ​ចំណាយ​ក្នុ​១​ជុំ​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ​ទេ​។

លោក​សាលី អ៊ូ​មើ​ត ​ប្រធាន​ក្រុម​កីឡាករ​ម៉ូ​ទឹក​ជម្រើសជាតិ​កម្ពុជា​បាន​លើក​ឡើង​ថា​ ទោះបី​ការ​ប្រកួត​ជុំ​ទី​៣​នៅ​ប្រទេស​ថៃ​យើង​មិន​ទាន់​ប្រាកដ​ថា​បាន​ទៅ​​ឬ​មិន​បាន​ទៅ លោក​នៅ​តែ​ជម្រុញ​ឱ្យ​កីឡាករ​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំង ជា​ពិសេស​ធ្វើ​ឱ្យ​លើស​ពី​ការ​ប្រកួត​នៅ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​នា​ពេល​កន្លង​មក គឺ​ត្រៀម​ស្ទើ​តែ​មួយ​ពាន់​ភាគរយ​ ។ ​ព្រោះ​លោក​បានដឹង​រួច​មក​ហើយ​ថា ​គូប្រជែង​មក​ពី​ប្រទេស​ណា​ខ្លាំង​ ឬ​មិន​ខ្លាំង​ ។ ​ប៉ុន្តែ​សម្រាប់​ប្រទេស​ជិតខាង​មួយ​នេះ​គឺជា​គូប្រជែង​ខ្លាំង​បំផុត​សម្រាប់​រូប​លោក​៕