ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Gianni Infantino បន្ត​ប្រជែង​តំណែង​ប្រធាន FIFA អាណត្តិ​ថ្មី បើ​ទោះ​រង​សម្ពា.ធ​ពី​សហព័ន្ធ​ជា​សមាជិក

1 ខែ មុន

ប្រទេស​ស្វី​ស ៖ លោក Gianni Infantino នឹង​ឈរឈ្មោះ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ទី​៤​របស់​លោក នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) នា​ខែមីនា ឆ្នាំ​២០២៧ ខាង​មុខ បើ​ទោះបីជា​មាន​សម្ពាធ​ពី​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) និង​សហព័ន្ធ​ជា​សមាជិក​មួយ​ចំនួន​ផ្សេង​ទៀត យ៉ាងណា​ក៏​ដោយ​។

ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ FIFA កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា កន្លង​ទៅ បន្ទាប់​ពី​មានការ​សង្ស័យ​លេចឮ​ថា លោក Infantino អាច​នឹង​បោះបង់​ចោល​ផែនការ​ឈរឈ្មោះ​បោះ​ឆ្នោត​ឡើង​វិញ ដោយសារ​តែ​វិបត្តិ​ដ៏​ចម្រូងចម្រាស​ជុំវិញ​ផែនការ​លក់​ភាគហ៊ុន​ការ​ប្រកួត របស់ FIFA ទៅ​ឱ្យ​ក្រុម​អ្នក​វិនិយោគឯកជន​។

ជា​ការ​បញ្ជាក់​បំពេញបន្ថែម អ្នកនាំពាក្យ​របស់ FIFA ម្នាក់​បាន​ប្រាប់​សារព័ត៌មាន AS ថា «​ប្រធាន FIFA បាន​ប្រកាស​កាលពី​ខែមេសា​ហើយ​ថា លោក​នឹង​ឈរឈ្មោះ​សម្រាប់​អាណត្តិ​មួយទៀត​នៅ​ឆ្នាំ​២០២៧​។ ជា​ការ​ពិត​ណាស់ គ្មាន​អ្វី​ផ្លាស់​ប្តូរ​ឡើយ​។ លោក​នឹង​នៅ​តែ​ឈរឈ្មោះ​ដដែល​»​។

ការ​បោះ​ឆ្នោត​ត្រូវ​បាន​គ្រោងទុក​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៧ នៅ​ក្នុង​ទីក្រុង​រ៉ា​បាត (Rabat) ប្រទេស​ម៉ា​រ៉ុ​ក​។ បេក្ខជន​ដែល​បំណង​ចង់​ប្រកួតប្រជែង​ជាមួយនឹង​លោក Infantino ត្រូវ​តែ​ប្រកាស​ពី​បំណង​ឈរឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​នេះ​។

ប្រសិនបើ​ជាប់​ឆ្នោត​ទៀត លោក Infantino នឹង​បន្ត​ដឹកនាំ FIFA រហូត​ដល់​ឆ្នាំ​២០៣១​។ បុរស​ជនជាតិ​ស្វី​ស​វ័យ​៥៦​ឆ្នាំ​រូប​នេះ បាន​ក្លាយជា​ប្រធាន FIFA ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៦ បន្ទាប់​ពី​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ដើម្បី​ជំនួស​តំណែង​លោក Sepp Blatter​។ អាណត្តិ​បច្ចុប្បន្ន​របស់​លោក​ត្រូវ​បាន​ចាត់ទុកជា​អាណត្តិ​ទី​៣ បើ​ទោះជា​អាណត្តិ​ដំបូង​របស់​លោក គ្រាន់តែ​ជា​ការ​បំពេញបន្ថែម​នូវ​រយៈពេល​សេសសល់​នៃ​អាណត្តិ​របស់​លោក Blatter ក៏​ដោយ​៕