នាយឧត្តមសេនីយ៍ សៅ សុខា លាលែងពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឱ្យមហាជនជួយរើសបេក្ខភាពជំនួស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ មានការផ្ទុះកាន់តែខ្លាំងឡើងៗ ជុំវិញការទាមទារឱ្យលោកនាយឧត្តមសេនីយ៍ សៅ សុខា លាលែងពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយសារតែគេសង្កេតឃើញថា វិស័យកីឡាបាល់ទាត់នៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះមានការធ្លាក់ចុះ ជាពិសេសរាល់ការប្រកួតជាលក្ខណៈអន្តរជាតិទាំងក្នុង និងក្រៅស្រុកចេះតែចាញ់រហូត ។ ពីដំបូងឡើយ គឺផ្ដើមចេញពីគេហទំព័រ Germany Football Fans Cambodia បានស្នើសុំឱ្យលោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះលាលែងចេញពីតំណែង ដោយបានលើកហេតុផលថា ក្នុងចំណោម ៩ប្រទេសមានតែកម្ពុជាទេដែលមានប្រធានសហព័ន្ធកីឡាកាន់តំណែងយូរជាងគេ ។
ទោះបីជាយ៉ាងណា គេហទំព័រ Germany Football Fans Cambodia មួយនេះ មិនបានរិះគន់អ្វីមកលើប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទេ គ្រាន់តែលើកឡើងថា នេះជាក្រិត្យក្រមធម្មជាតិនៃការផ្លាស់ប្ដូរ ។ ម្យ៉ាងវិញទៀតរូបលោកនាយឧត្តមសេនីយ៍ក៏មានការងារច្រើននៅក្នុងដៃត្រូវធ្វើអាចមានការហត់នឿយច្រើនត្រូវការសម្រាកខ្លះហើយ ។ ជាទូទៅតំណែងប្រធានសហព័ន្ធកីឡាបាល់ទាល់ត្រូវចូលនិវត្តន៍នៅអាយុ ៧០ឆ្នាំ ប៉ុន្តែពេលនេះលោកនាយឧត្តមសេនីយ៍ សៅ សុខា មានអាយុត្រឹមតែ ៦៤ឆ្នាំប៉ុណ្ណោះ ។
ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ សៅ សុខា បានយល់ព្រមតាមការស្នើសុំឱ្យលោកលាលែងចេញពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយរីករាយ ព្រោះកន្លងមកលោកក៏មានបំណងចង់ដាក់ចុះនូវអម្រែកដ៏ធ្ងន់នេះដែរ ។ គាប់ជួនពេលនេះមានការស្នើសុំឱ្យលោកលាលែងចេញពីតំណែង លោកមិនត្រឹមតែមិនខឹងនឹងអ្នកស្នើសុំទេ បែរជាបង្ហាញនូវក្ដីរីករាយឆ្លើយតបតាមសំណើនេះទៅវិញ ។
ជាមួយគ្នានេះ លោកស្នើសុំឱ្យបងប្អូនអ្នកគាំទ្រកីឡាបាល់ទាត់ជួយរើសបេក្ខភាពបន្តវេនដែលសក្ដិសមក្នុងការឡើងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្មីជំនួសរូបឯកឧត្តម និងផ្ញើមកលេខាធិការដ្ឋានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ គេនៅចាំបានថា កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៣ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-០ លោកនាយឧត្តមសេនីយ៍ សៅ សុខា ធ្លាប់បានស្នើសុំលាលែងពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជារួចម្ដងមកហើយ ។ ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំកំពូលកម្ពុជា គឹសម្ដេចតេជោ ហ៊ុន សែន បានចេញលិខិតស្នើសុំឱ្យលោកនៅធ្វើជាប្រធានបន្តទៀត ។
ជុំវិញរឿងរ៉ាវនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងនៅក្នុងគេហទំព័រផ្ទាល់ខ្លួនថា ការចាញ់ឈ្នះគឺជារឿងធម្មតានៅក្នុងកីឡាទូទៅក៏ដូចជាកីឡាបាល់ទាត់ដូចដែលយើងបានឃើញក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup2026 ចុងក្រោយនេះ ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះក្រុមបាល់ទាត់ U20 កម្ពុជា គ្រូបង្វឹកព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងបំពេញតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងស្មារតីកីឡាខ្ពស់ ។
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ប្រាកដណាស់អ្នកដែលចង់ឈ្នះបំផុត គឺកីឡាករ គ្រូបង្វឹក និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ គ្មានក្រុមណាមួយចង់ចាញ់ឡើយ ហើយក៏គ្មាននរណាអាចទាយលទ្ធផលទុកមុនបានដែរ ព្រោះយើងនិយាយឱ្យខ្លី គឺបាល់មូល ។ ដូច្នេះលទ្ធផលនៃការប្រកួតមួយ ពីរ ឬលើសពីនេះមិនមែនហេតុផលដើម្បីស្ដីបន្ទោសចង្អុល ឬដាក់កំហុសលើអ្នកណានោះទេ ។ ឯកឧត្តមក៏បានតាមដានប្រធានបទនេះ និងការវែកញែកមួយចំនួនយ៉ាងយកចិត្តទុកដាក់ ។
ឯកឧត្តមបានទាញចំណាប់អារម្មណ៍យើងទាំងអស់គ្នា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា ដែលមានការរីកចម្រើនមិនអាចប្រកែកបានបន្ទាប់ពីគាត់បានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាល់ទាត់កម្ពុជា ។
សម្រាប់ឯកឧត្តម ការរីកចម្រើនរបស់វិស័យបាល់ទាត់នៅកម្ពុជា គឺជាលទ្ធផលនៃការដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម សៅ សុខា ។ ប្រសិនបើគ្មានការដឹកនាំប្រកបដោយកិច្ចខិតខំប្រឹងប្រែងរបស់គាត់ (ឯកឧត្តម សៅ សុខា) ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជាមិនអាចឈានដល់ការរីកចម្រើនក្នុងល្បឿនមួយដូចបច្ចុប្បន្នបានឡើយ ៕

ចែករំលែកព័តមាននេះ