ក្រោយចេញសំណេររិះគ.ន់យ៉ាងចាក់ដោ.ត ម្ចាស់ផេក Germany Football Fans Cambodia ចេញមុខសូមទោ.សប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ម្ចាស់ទំព័រហ្វេសប៊ុក Germany Football Fans Cambodia កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានចេញមុខសូមទោស និងបំភ្លឺជាសាធារណៈ ជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ការចេញមុខសុំទោសនេះ បានធ្វើឡើងបន្ទាប់ពីមានការបញ្ចេញមតិរិះគន់កន្លងមក ដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យមួយចំនួនប៉ះពាល់ដល់ថ្នាក់ដឹកនាំ ។ ភ្លាមៗនោះ ឯកឧត្តម សៅ សុខា ក៏បានឆ្លើយតបទៅកាន់ផេកនេះវិញ ដោយបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងបានប្រកាសត្រៀមខ្លួនលាលែងពីតំណែងប្រធានសហព័ន្ធ ដោយសារមិនទាន់អាចដឹកនាំវិស័យបាល់ទាត់កម្ពុជាឱ្យរីកលូតលាស់សមតាមបំណងប្រាថ្នារបស់អ្នកគាំទ្រ ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើឱ្យម្ចាស់ផេក និងបងប្អូនអ្នកគាំទ្រជួយលើកឈ្មោះ ឬឧទ្ទេសនាម«បេក្ខភាពបន្តវេន» ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីមកដឹកនាំវិស័យបាល់ទាត់ជាតិជាបន្តផងដែរ។
គួររំលឹកផងដែរថា កាលពីប៉ុន្នានថ្ងៃមុននេះម្ចាស់ទំព័រហ្វេសប៊ុក Germany Football Fans Cambodia ដែលអ្នកយកព័ត៌មានមិនទាន់ស្គាល់ឈ្មោះនៅឡើយ បានចេញសំណេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនក្នុងន័យរិះគន់យ៉ាងចាក់ដោតដល់ឯកឧត្តមសៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍និងវែកញែកពេញបណ្ដាញសង្គមតែម្ដង។
នៅក្នុងសំណេរផ្ញើជូនឯកឧត្តមសៅ សុខា ម្ចាស់ទំព័រហ្វេសប៊ុក Germany Football Fans Cambodia បានសរសេរថា «ខ្ញុំមានយោបល់ ២ ជូនចំពោះឯកឧត្តម៖
១-បើចាកចេញ! ឯកឧត្តម នៅតែទទួលការគោរពសម្រាប់ស្នាដៃ នៃការលះបង់រយៈពេល ២០ឆ្នាំមកនេះ
២-បើបន្ត! អ្វីៗ កាន់តែល្អក់កករនឹងគ្នា ហើយពិបាកកែខៃ
លទ្ធផល និងការជំពប់ដួលដដែលៗ ក្នុងវិស័យបាល់ទាត់ជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា ទស្សនវិស័យរបស់ឯកឧត្តមបានដល់ផ្លូវ
ទាល់ហើយ។ រាល់ការអភិវឌ្ឍន៍តែងតែមានការផ្លាស់ប្តូរ ។ នេះជាធម្មជាតិនៃការដឹកនាំ! សង្ឃឹមថា ឯកឧត្តមកុំអន់ចិត្តអី!ចាកចេញពេលនេះគឺឯកឧត្តមនៅតែមានកិត្តិយសដ៏ខ្ពង់ខ្ពស់ បន្តពេលនេះ គឺប្រៀបដូចប្រមាថដល់ការអត់ធ្មត់អ្នកគាំទ្រ ដែលទាមទារម្តងហើយម្តងទៀត រំពឹងចង់ឃើញការផ្លាស់ប្ដូរ សូមឯកឧត្តម ពិចារណា!
នេះគឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវចុងក្រោយបង្អស់ដែលឯកឧត្តមគួរតែធ្វើ។ សំណេរនេះ មិនមែនជារបស់ខ្ញុំតែម្នាក់ទេ ប៉ុន្តែជារបស់អ្នកគាំទ្រខ្មែរទាំងអស់។»
ក្រោយចេញសំណេររិះគន់យ៉ាងចាក់ដោតទៅលើឯកឧត្តមសៅ សុខា នាំឱ្យផ្ទុះការវែកញែកពេញបណ្ដាញសង្គម ម្ចាស់ផេក Germany Football Fans Cambodia បានចេញមុខសូមទោស និងបំភ្លឺជាសាធារណៈក្នុងខ្លឹមសារដើមទាំងស្រុងថា៖«គោរពជូនឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូលលើផ្ទៃប្រទេសទាំងអស់។
ខ្ញុំបាទសូមសម្តែងនូវការសូមទោសយ៉ាងស្មោះអស់ពីចិត្តចំពោះការបញ្ចេញមតិកន្លងមកដែលបានប្រើប្រាស់ពាក្យពេចន៍មួយចំនួនប៉ះពាល់ដល់កិត្តិយស លើមុខតំណែង និងតួនាទីរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ក្នុងនាមជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។
ខ្ញុំបាទសូមបញ្ជាក់ជូនថា ការបញ្ចេញមតិ៖
-ពុំមានបំណងវាយប្រហារ បង្កភាពល្អក់កករដល់ស្ថាប័នរដ្ឋ ឬចេតនានយោបាយណាមួយទេ
-អ្វីដែលបានសរសេរកន្លងមក គឺកើតចេញពីអារម្មណ៍ឆេវឆាវ និងក្តីស្រឡាញ់ជ្រាលជ្រៅចំពោះវិស័យកីឡាបាល់ទាត់ជាតិ តែប៉ុណ្ណោះ។
-ខ្ញុំបាទតែងតែទទួលស្គាល់ និងគោរពនូវរាល់ស្នាដៃ ការលះបង់កម្លាំងកាយចិត្ត និង ពេលវេលាអស់រយៈពេល ២០ឆ្នាំមកនេះរបស់ឯកឧត្តម ក្នុងការកសាង និងដឹកនាំវិស័យបាល់ទាត់កម្ពុជា។
តាមរយៈលិខិតនេះ ខ្ញុំបាទសូមទទួលខុសត្រូវចំពោះកំហុសឆ្គងនៃការប្រើប្រាស់ពាក្យពេចន៍ព្រមទាំងសូមអភ័យទោសពីឯកឧត្តមនាយឧត្តមសេនីយ៍ និងថ្នាក់ដឹកនាំកំពូលទាំងអស់ដោយក្ដីអនុគ្រោះ។
ជាចុងក្រោយ សង្ឃឹមថា ថ្នាក់ដឹកនាំទាំងអស់ នឹងទុកផ្លូវចេញមួយសម្រាប់ខ្ញុំទៅថ្ងៃក្រោយ។ ខ្ញុំបាទ សូមបួងសួងជូនពរ ឯកឧត្តម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ជួបតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ និង ជោគជ័យគ្រប់ភារកិច្ច។
សូមឯកឧត្តម នាយឧត្តមសេនីយ៍ និងថ្នាក់ដឹកនាំទាំងអស់ មេត្តាទទួលនូវការអភ័យទោស ព្រមទាំងការគោរពដ៏ខ្ពង់ខ្ពស់ពីក្មេងប្រុស 23 ឆ្នាំម្នាក់នេះ»៕


ចែករំលែកព័តមាននេះ