ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់ទះ​បុរស​កម្ពុជា យកឈ្នះ​ហ្វី​លី​ពី​ន​៣-២​សិត​ក្នុង​ជំនួប​បើក​ឆាក​ពូ​ល A នៃ​ពាន SEA V-Cup 2026

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់ទះ​បុរសជម្រើសជាតិ​កម្ពុជា បាន​ស្គាល់​ជ័យជម្នះ​លើក​ដំបូង សម្រាប់​ការ​បង្ហាញខ្លួន​ក្នុង​ពានរង្វាន់​ប្រចាំ​តំបន់ ក្រោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន ដោយ​លទ្ធផល ៣-២​សិត ក្នុង​ជំនួប​បើក​ឆាក​ពូ​ល A នៃ​ពានរង្វាន់​បាល់ទះ​អាស៊ី​អាគ្នេយ៍ (SEA V-Cup) ឆ្នាំ​២០២៦ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែកក្កដា ។

សម្រាប់​ការ​ប្រកួត​ដំបូង ក្នុង​ការ​បង្ហាញខ្លួន​លើក​ទី​២ នៃ​ពានរង្វាន់​ខាងលើ​នេះ កម្ពុជា និង​ហ្វី​លី​ពី​ន បាន​យកឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ចំណាយពេល​៥​សិត ដើម្បី​កាត់សេចក្ដី ។ ជំនួប​ដ៏​ស្វិតស្វាញ​នេះ សិត​ទី​១ កម្ពុជា​ឈ្នះ ២៥-២៣​ពិន្ទុ​, សិត​ទី​២ ហ្វី​លី​ពី​ន​ឈ្នះ​វិញ ៣០-២៨​ពិន្ទុ គ្រា​ដែល​សិត​ទី​៣ កម្ពុជា បាន​យកឈ្នះ ២៥-២០​ពិន្ទុ តែ​ឱកាស​ទទួល​បាន ៣​ពិន្ទុ ត្រូវ​ភ្លាត់​ជា​ថ្មី ក្រោយ​ហ្វី​លី​ពី​ន យកឈ្នះ​នៅ​សិត​ទី​៤ ក្នុង​ពិន្ទុ ២៥-២២ មុន​កម្ពុជា វាយ​ផ្ដាច់​យកឈ្នះ ១៥-៨​ពិន្ទុ នៅ​សិត​ទី​៥​។

នេះ​គឺជា​ការ​សម្រេច​បំណង​សងសឹក​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា លើ​ក្រុម​ជម្រើសជាតិ​ហ្វី​លី​ពី​ន ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ប្រចាំ​តំបន់នេះ ក្រោយ​ជួប​គ្នា​ក្នុង​ពាន SEA V-League កាលពី​ឆ្នាំ​២០២៥ កម្ពុជា​រង​បរាជ័យ​ទាំង ២​ជើង ហើយ​នេះ​ក៏​ជ័យជម្នះ​លើក​ដំបូង សម្រាប់​ការ​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្ដិការណ៍​នេះ ដ្បិត​កាលពី​រដូវ​កាល​មុន ឆ្លងកាត់​ការ​ប្រកួត​សរុប ២​ជើង​ស្មើ ៨​ប្រកួត កម្ពុជា​មិន​ស្គាល់​ជ័យជម្នះ​ម្ដង​ឡើយ​។

ជាមួយ​ជ័យជម្នះ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​ប្រជែង​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ សម្រាប់​ជើង​ទី​១ នៃ​ពានរង្វាន់ SEA V-Cup 2026 ដែល​ហ្វី​លី​ពី​ន​ធ្វើ​ម្ចាស់ផ្ទះ​នេះ​។

ទោះ​បែប​នេះ​ក្ដី កម្ពុជា​នៅ​រង់ចាំ​អ៊ុត​លទ្ធផល ២​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូ​ល A ពោល​គឺ​ជំនួប​រវាង​កម្ពុជា និង​ក្រុម​ខ្លាំង​ឥណ្ឌូ​ណេ​ស៊ី នា​ថ្ងៃ​ទី​១៦ ខែកក្កដា និង​ជំនួប​រវាង​ហ្វី​លី​ពី​ន និង​ឥណ្ឌូ​ណេ​ស៊ី នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ ដើម្បី​កាត់សេចក្ដី​រក​ក្រុម​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ ៕