ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ហ្ស​ង់​ទី​ន​ ប៉ះ​អេ​ស្ប៉ា​ញ វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2026 ដណ្តើម​ពានមាស និង​ប្រាក់​រង្វាន់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

6 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ជ័យជម្នះ​ដោយ​លទ្ធផល ២-១ លើ​អង់គ្លេស រុញ​អា​ហ្ស​ង់​ទី​ន​ឱ្យ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ហើយ​ក៏​ផ្តល់​ឱកាស​មាស​សម្រាប់​ក្រុម​របស់​លោក Lionel Scaloni ដណ្តើម​បាន​ប្រាក់​រង្វាន់​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​លើ​ពិភពលោក​មួយ​នេះ​ផង​ដែរ​។

បន្ទាប់​ពី​ការ​វាយបក​យកឈ្នះ​ដ៏​អស្ចារ្យ ២​គ្រាប់​វិញ នៅ​នាទី​៨៥ និង​នៅ​វិនាទី​គ្រោះថ្នាក់ ៩០+២ ក្រោយ​អង់គ្លេស​បើក​ការ​នាំមុខ​មុន​១​គ្រាប់​តាំងពី​នាទី​៥៥ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​វេលា​ឈាន​ចូល​ព្រឹក​ថ្ងៃ​១៦ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) ហើយ​នោះ ក្រុម​ការពារ​ជើងឯក​អា​ហ្ស​ង់​ទី​ន​នឹង​ត្រូវ​តតាំង​ជាមួយ​អេ​ស្ប៉ា​ញ (​ទម្លាក់​បារាំង ២-០) នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពានរង្វាន់ World Cup ឆ្នាំ​២០២៦ នៅ​ម៉ោង ២ ឈាន​ថ្ងៃ​ទី​២០ ខែកក្កដា ខាង​មុខ​នេះ នៅ​ឯ​កីឡដ្ឋាន MetLife រដ្ឋ​ញូ​វ​ជឺ​ស៊ី (New Jersey) ទឹកដី​សហរដ្ឋអាមេរិក​។

ក្រៅ​អំពី​ពានរង្វាន់​មាស​ដ៏​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក​ហើយ​នោះ ក្រុម​ទាំង​ពីរ​ក៏​នឹង​ប្រជែង​គ្នា ដើម្បី​ដណ្តើម​ប្រាក់​រង្វាន់​សរុប​ច្រើន​បំបែក​កំណត់​ត្រា​រហូត​ដល់ ៥០ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ម្ចាស់​ជើងឯក​ផង​ដែរ​។

សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បាន​ត្រៀម​កញ្ចប់​ថវិកា​ប្រាក់​រង្វាន់​សរុប​ដល់​ទៅ ៧២៧​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់ World Cup ឆ្នាំ ២០២៦ ដែល​កើនឡើង ៥០% បើ​ធៀប​នឹង​ព្រឹត្តិការណ៍​ឆ្នាំ ២០២២ នៅ​ប្រទេស​កា​តា ហើយ​នេះ​គឺជា​ការ​បែងចែក​ថវិកា​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួត​នេះ​។

ចាប់តាំងពី​ឡើង​មក​ដល់​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ដែល​សហរដ្ឋអាមេរិក កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​ធ្វើ​ម្ចាស់ផ្ទះ​រួម​គ្នា​នោះ ក្រុម​ទាំងអស់​ទទួល​បាន ៩ លាន​ដុល្លារ​រួច​ហើយ ដោយ​ក្នុង​នៅ​នោះ​ប្រហែល ២ លាន​ដុល្លារ ត្រូវ​បាន​បែងចែក​សម្រាប់​ការ​ត្រៀមខ្លួន​របស់​ក្រុម​នីមួយ​ៗ ហើយ​កាន់តែ​ឈាន​ទៅ​វគ្គ​បន្តបន្ទាប់ ប្រាក់​រង្វាន់​នឹង​កាន់តែ​កើនឡើង​ច្រើន​ផង​ដែរ​។

ជាក់ស្តែង ក្រុម​ជើងឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​សរុប ៥០ លាន​ដុល្លារ​។ ក្រុម​រងជើង​ឯក​នឹង​ទទួល​បាន ៣៣ លាន​ដុល្លារ ក្រុម​លេខ ៣ ទទួល​បាន ២៩​លាន​ដុល្លារ និង​ក្រុម​លេខ ៤ ទទួល​បាន ២៧ លាន​ដុល្លារ​។ ចំណែក​ក្រុម​ធ្លាក់​ត្រឹម​វគ្គ ៨ ក្រុម​ចុង​ក្រោយ នឹង​ទទួល​បាន ១៩ លាន​ដុល្លារ​, វគ្គ ១៦ ក្រុម ទទួល​បាន ១៥ លាន​ដុល្លារ​, វគ្គ ៣២ ក្រុម ទទួល​បាន ១១ លាន​ដុល្លារ ហើយ​ក្រុម​ដែល​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​ទទួល​បាន ៩ លាន​ដុល្លារ​។

ប្រាក់​រង្វាន់​នៅ​ឆ្នាំ​នេះ មាន​ចំនួន​ច្រើន​ជាង​បណ្តា​ព្រឹត្តិការណ៍​មុន​ៗ​។ តួយ៉ាង កាលពី​ឆ្នាំ ២០២២ ក្រុម​ជើងឯក​អា​ហ្ស​ង់​ទី​ន​ទទួល​បាន​ត្រឹមតែ ៤២ លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​នៅ​ព្រឹត្តិការណ៍​ឆ្នាំ ២០១៨ នៅ​ប្រទេស​រុ​ស្ស៊ី​នោះ ក្រុម​ជើងឯក​បារាំង​ទទួល​បាន​ត្រឹមតែ ៣៨ លាន​ដុល្លារ​ប៉ុណ្ណោះ​៕

គួរ​បញ្ជាក់​ដែរ​ថា ការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣ រវាង​បារាំង និង​អង់គ្លេស នឹង​ត្រូវធ្វើ​ឡើង​នៅ​ម៉ោង ៤ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​)៕