ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់អេស្ប៉ាញ! គ្រូបារាំងទទួលស្គាល់ពីកម្រិតបច្ចេកទេស ប៉ុន្តែមិនពេញចិត្តនឹងការកាត់សេចក្តីអាជ្ញាកណ្តាល

5 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ បន្ទាប់​ពី​បារាំង​បាន​ចាញ់​អេ​ស្ប៉ា​ញ​ដោយ​លទ្ធផល ០-២ ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦ ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​នោះ លោក Didier Deschamps បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​ចោទសួរ​អំពី​សមត្ថភាព​របស់​អាជ្ញាកណ្តាល​កាត់សេចក្តី​ការ​ប្រកួត​ដ៏​សំខាន់​។

គ្រូបង្វឹក​ក្រុម​មាន់គក​បារាំង បាន​ប្រាប់​ទូរទស្សន៍​បារាំង M6 បន្ទាប់​ពី​ចប់​ការ​ប្រកួត​ដ៏​ខកចិត្ត​នៅ​ទីក្រុង​ដា​ឡាស់ (Dallas) រដ្ឋ​តិច​សាស់ (Texas) សហរដ្ឋអាមេរិក កាលពី​វេលា​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) ដូច្នេះ​ថា «​ពួក​យើង​ខកចិត្ត​យ៉ាង​ខ្លាំង​។ កីឡាករ​ទាំងអស់​កំពុង​​ខូចចិត្តខ្លាំង​ ដោយសារ​ពួក​គេ​មាន​មហិច្ឆតា​ខ្ពស់​ណាស់​។ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​ទទួលយក​ការ​ពិត និង​ទទួលស្គាល់​ថា ថ្ងៃនេះ​យើង​មាន​បច្ចេកទេស​ខ្សោយ​ជាង​គូប្រកួត ក្នុង​ការ​លេង​ទល់​នឹង​ក្រុម​ដែល​គ្រប់គ្រង​ការ​ប្រកួត​បាន​យ៉ាង​ល្អ​។ មុន​ដំបូង​បង្អស់ វា​គឺជា​កំហុស​របស់​យើង​ផ្ទាល់​។ ខ្ញុំ​មិន​ចង់​បន្ទោស​នរណា​ម្នាក់​ឡើយ​»​។

ទោះ​យ៉ាងណា​ក៏​ដោយ គ្រូបង្វឹក​ជនជាតិ​បារាំង​វ័យ​៥៧​ឆ្នាំ​រូប​នេះ នៅ​តែ​ចោទ​ជា​សំណួរ​ទៅ​កាន់​ក្រុម​អាជ្ញាកណ្តាល ដោយ​លោក​បាន​និយាយ​ថា «​ខ្ញុំ​មាន​សំណួរ​មួយ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ឆ្លើយ​វា​ដោយ​ខ្លួនឯង​ទេ​។ តើ​អាជ្ញាកណ្តាល​រូប​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​កាត់សេចក្តី​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ដែរ​ឬទេ? ខ្ញុំ​មិនមែន​និយាយ​បែប​នេះ​ដោយសារ​តែ​យើង​ចាញ់​នោះ​ទេ ប៉ុន្តែ​មាន​ស្ថានភាព​ជា​ច្រើន​ដែល​មិន​អំណោយផល​ដល់​យើង​ទាល់តែ​សោះ​»​។

ការ​រិះគន់​របស់​លោក Deschamps ត្រូវ​បាន​គេ​មើលឃើញ​ថា ទំនងជា​កើត​ចេញពី​ការ​របូត​គ្រាប់​បាល់​ទី​១ នៅ​ពេល​ដែល​អាជ្ញាកណ្តាល​ជនជាតិ​អែ​ល​សាល់​វ៉ា​ឌ័​រ លោក Ivan Barton បាន​ផ្តល់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ឱ្យ​អេ​ស្ប៉ា​ញ បន្ទាប់​ពី​ខ្សែការពារ​ឆ្វេង Lucas Digne បាន​ទាត់​ជើង​កីឡាករ Lamine Yamal ក្នុង​ប្រអប់​គ្រោះថ្នាក់ ហើយ​ខ្សែប្រយុទ្ធ Mikel Oyarzabal ជា​អ្នក​សម្រេច​គ្រាប់​បាល់​នោះ​នៅ​នាទី​២២ ដើម្បី​បើក​ការ​នាំមុខ​។ ដ្បិត​គ្រាប់​បាល់​ទី​២ សម្រេច​បាន​ដោយ​ខ្សែការពារ Pedro Porro នៅ​នាទី​៥៨​។

នៅ​ពេល​ថ្លែង​ទៅ​កាន់​ទូរទស្សន៍ beIN Sports បន្ទាប់​ពី​ការ​ប្រកួត លោក Deschamps បាន​បន្ត​លើក​ឡើង​អំពី​បញ្ហា​អាជ្ញាកណ្តាល ប៉ុន្តែ​ប្រើស​ម្តី​ប្រុង​ប្រយ័ត្ន និង​ថ្លឹងថ្លែង​ជាង​មុន​លោក​បាន​ចែករំលែក​ថា «​ប្រសិនបើ​ខ្ញុំ​និយាយ​ច្រើន​ជាង​នេះ អ្នក​គ្រប់​គ្នា​នឹង​ថា ខ្ញុំ​គ្រាន់តែ​ជា​អ្នក​រអ៊ូរទាំ​ដោយសារ​ការ​ចាញ់​តែ​ប៉ុណ្ណោះ​។ វា​មិនមែន​មាន​តែ​រឿង​ប៉េ​ណា​ល់​ទីនោះ​ទេ ប៉ុន្តែ​មាន​ស្ថានភាព​ជា​ច្រើន​ទៀត​ដែល​បាន​បូក​បញ្ចូល​គ្នា​។ ខ្ញុំ​គ្មាន​គំនិត​មិនល្អ​ចំពោះ​អាជ្ញាកណ្តាល​នៅ​យប់​នេះ​ទេ ប៉ុន្តែ​អ្នក​គួរតែ​សួរ​ខ្លួនឯង​នូវ​សំណួរ​មួយ​ចំនួន​»​។

លោក​អាជ្ញាកណ្តាល Barton ដែល​បាន​កាត់សេចក្តី ៤ ប្រកួត​រួច​ហើយ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នោះ ក្រៅពី​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស​ហើយ​នោះ លោក​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ពី​ការ​សម្រេចចិត្ត​មិន​ផ្តល់​កាត​លឿង​ដល់ Yamal ចំពោះ​ការ​បង្កកំហុស​ដេញ​ទាក់​ជើង​ខ្សែប្រយុទ្ធ Kylian Mbappe ពីក្រោយ នៅ​នាទី ៧៦ ផង​ដែរ​។

ទោះ​យ៉ាងណា​ក៏​ដោយ ការ​ប្រកួត​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ហើយ​អេ​ស្ប៉ា​ញ​គឺជា​ក្រុម​បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ និង​ជា​លើក​ទី​២​របស់​ខ្លួន ចាប់តាំងពី​ការ​ឈ្នះ​ជើងឯក​ក្នុង​ឆ្នាំ ២០១០​។ ចំណែក​បារាំង​នៅ​ក្នុង​នាម​ក្រុម​ជើងឯក​២​សម័យកាល (១៩៩៨ និង ២០១៨) ទោះជា​អស់​ឱកាស​ត្រឹមនេះ ប៉ុន្តែ​ពួក​គេ​ក៏​មិន​ទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ ដោយ​ត្រូវ​បន្ត​ប្រកួត​ដណ្តើម​ចំណាត់​ថា្ន​ក់​លេខ ៣៕ ប្រភព ៖ ESPN, VnExpress និង​ប្រភព​ផ្សេង​ទៀត