សហរដ្ឋអាមេរិក ៖ អង់គ្លេសនឹងត្រូវតទល់ជាមួយក្រុមការពារជើងឯកអាហ្សង់ទីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។ ការប្រកួតដ៏ធំនេះ នឹងធ្វើឡើងនៅម៉ោង២ឈានចូលព្រឹកថ្ងៃទី១៦ ខែកក្កដា (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Atlanta ទឹកដីសហរដ្ឋអាមេរិក ហើយក៏ជាជំនួបលើកទី ៦ រវាងក្រុមខ្លាំងទាំងពីរនៅព្រឹត្តិការណ៍បាត់ទាត់ធំបំផុតលើពិភពលោក។
មុនមកដល់វគ្គនេះ ក្រុមទាំងពីរសុទ្ធតែឆ្លងកាត់ការប្រកួតវគ្គ៨ក្រុមចុងក្រោយដ៏តានតឹងដូចគ្នា។ ក្រុមពពកសអាហ្សង់ទីនបានយកឈ្នះស្វីសនៅក្នុងម៉ោងបន្ថែម ១៥នាទី ២ដងក្នុងលទ្ធផល ៣-១ ស្របពេលក្រុមតោកំណាចអង់គ្លេសយកឈ្នះន័រវែសនៅក្នុងម៉ោងបន្ថែមផងដែរ ដោយលទ្ធផល ២-១។
យ៉ាងណាមិញ អង់គ្លេសត្រូវបានព្យាករណ៍ថាមានប្រៀបជាងបន្តិចលើអាហ្សង់ទីន។ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា គេហទំព័រវិភាគបាល់ទាត់ដ៏ល្បី Opta បានផ្តល់ភាគរយឈ្នះដល់អង់គ្លេស ៣៨,៩% ក្នុងម៉ោងប្រកួតផ្លូវការ (៩០នាទី)។ ចំណែកអាហ្សង់ទីនមានត្រឹម ៣៤,១% និងលទ្ធភាពស្មើគ្នាឈានដល់ការប្រកួតម៉ោងបន្ថែមមាន ២៧%។
អង់គ្លេសក្រោមការដឹកនាំរបស់លោក Thomas Tuchel បានប្រើទម្រង់ ៤-២-៣-១ ដែលជាទម្រង់លេងដ៏ល្អមួយ និងទទួលបានប្រសិទ្ធភាពខ្ពស់នៅក្នុងព្រឹត្តិការណ៍ World Cup 2026 ផ្អែកយ៉ាងសំខាន់លើការវាយសម្រុកដ៏មុតស្រួច តាមរយៈការស៊ុតបញ្ចូលទីរបស់ប្រធានក្រុម Harry Kane និងខ្សែបម្រើប្រយុទ្ធ Jude Bellingham ដែលបច្ចុប្បន្នកីឡាករទាំងពីររកបានម្នាក់ ៦ គ្រាប់។
ក្រៅពីប្រយុទ្ធមុតស្រួច អង់គ្លេសក៏មានបម្រើកណ្តាលដ៏រឹងមាំផងដែរ ដែលគ្រប់គ្រងបាល់នៅតំបន់កណ្តាលបានយ៉ាងច្បាស់លាស់ ដោយសារតែមានកីឡាករ Declan Rice និងបម្រើស្លាប Bukayo Saka ដើម្បីជួយបង្កើតឱកាស និងទប់ទល់ការវាយបក។ ចំណុចដ៏សំខាន់ដែលគ្រប់គ្នាចាប់អារម្មណ៍លើអង់គ្លេសនោះគឺ «ស្មារតីមិនបោះបង់» ដោយក្រុមរបស់លោក Thomas Tuchel បង្ហាញឱ្យឃើញពីទម្រង់លេងវាយបកយកឈ្នះនៅនាទីចុងក្រោយ និងពូកែទប់ទល់សម្ពាធគូប្រកួតនៅម៉ោងថែម។
អាហ្សង់ទីនក្រោមការដឹកនាំរបស់លោក Lionel Scaloni បានប្រើទម្រង់លេងយ៉ាងរឹងមាំ និងបត់បែន ៤-១-៣-២។ ទម្រង់នេះហើយ បានជួយឱ្យពួកគេបន្តដំណើរការពារជើងឯករហូតមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ ប្រធានក្រុម Lionel Messi បេក្ខភាពប្រជែងស្បែកមាស នៅតែជាតួអង្គដ៏សំខាន់ប្រចាំក្រុម និងដើរតួជាអ្នកបង្កើតឱកាសដ៏សំខាន់ លេងដោយសេរីភាពពេញលេញទាំងក្នុងការបញ្ជូនបាល់ និងរកគ្រាប់បាល់ ដោយមិនចាំបាច់រត់ដេញបាល់ច្រើនពេកនោះទេ។
ថាមពលខ្លាំងនៃតំបន់បម្រើក៏មិនត្រូវបានមើលរំលងផងដែរ ដោយកីឡាករ Rodrigo De Paul និង Alexis Mac Allister ផ្ដល់ការគ្រប់គ្រង និងការប្រដេញបាល់ ដើម្បីគាំទ្រដល់តំបន់ការពារ និងតំបន់ប្រយុទ្ធ។ ស្របពេលខ្សែការពារកណ្តាលរឹងមាំ Cristian Romero និង Lisandro Martínez ការពារប្តូរផ្តាច់ និងដាច់ណាត់ក្នុងការកាត់ផ្តាច់ការវាយលុករបស់គូប្រកួត។ អាហ្សង់ទីនគ្មានទម្រង់លេងរឹងស្តូកទេ ដោយសារមានការយោគយល់គ្នាយ៉ាងស៊ីជម្រៅរវាងកីឡាករ បង្កើតភាពបត់បែនក្នុងតំបន់ប្រយុទ្ធ តាមរយៈវត្តមានរបស់ Julián Álvarez និង Lautaro Martínez បង្កើតបានជាតំបន់ប្រយុទ្ធដ៏មានឥទ្ធិពលបំផុតមួយនៅ World Cup 2026។
អង់គ្លេសមានប្រវត្តិឈ្នះច្រើនជាងអាហ្សង់ទីនក្នុងការជួបគ្នា ដោយឈ្នះ ៦ លើក ស្មើ ៥ លើក និងចាញ់តែ ៣ លើកប៉ុណ្ណោះ ក្នុងចំណោមការប្រកួតផ្លូវការ និងមិត្តភាពទាំង ១៤ ដងកន្លងមក។ សូម្បីតែគ្រាប់ស៊ុតបញ្ចូលទីក៏អង់គ្លេសមានប្រៀងជាងផងដែរ ២១ គ្រាប់ ចំណែកអាហ្សង់ទីន ១៥ គ្រាប់។ នៅក្នុងព្រឹត្តិការណ៍ World Cup ក្រុមទាំងពីរធ្លាប់ជួបគ្នា ៥ លើករួចមកហើយ ដោយអង់គ្លេសឈ្នះ ៣ លើក អាហ្សង់ទីនឈ្នះ ២ លើក។
ជួបគ្នា ៥ ប្រកួតចុងក្រោយរវាងក្រុមទាំងពីរគឺ អង់គ្លេសឈ្នះ ២លើក អាហ្សង់ទីនឈ្នះ ១លើក និងស្មើគ្នា ២លើក ដ្បិតការជួបគ្នាចុងក្រោយបង្អស់កាលពីឆ្នាំ ២០០៥ ក្នុងជំនួបមិត្តភាព អង់គ្លេសឈ្នះដោយលទ្ធផល ៣-២។
សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ក្រុមការពារជើងឯកអាហ្សង់ទីន (១៩៧៨, ១៩៨៦ និង ២០២២) មកដើម្បីស្វែងរកការឈ្នះជើងឯកជាលើកទី៤ ចំណែកអង់គ្លេស (១៩៦៦) ទន្ទឹងការឈ្នះជាលើកទី ២ ក្រោយខកខានអស់ពេល៤០ឆ្នាំ៕ ប្រភព ៖ Aljazeera និងប្រភពផ្សេងទៀត



ចែករំលែកព័តមាននេះ