ប្រទេសន័រវែស ៖ ក្រុមបាល់ទាត់ជម្រើសជាតិន័រវេស ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងអស្ចារ្យជាទីបំផុត នៅពេលវិលត្រឡប់មកកាន់រាជធានីអូស្លូ (Oslo) វិញ បន្ទាប់ពីបញ្ចប់ភារកិច្ចព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដោយមានទាំងយន្តហោះចម្បាំងដ៏ទំនើប F-35 ចំនួន ៣ គ្រឿង ហោះអមដំណើរស្វាគមន៍យន្តហោះក្រុម អំឡុងពេលចូលមកដល់ដែនអាកាសប្រទេសកំណើតរបស់ខ្លួន។
បន្ទាប់ពីបញ្ចប់ដំណើរផ្សងព្រេងប្រកបដោយប្រវត្តិសាស្ត្រ នៅក្នុងការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នោះ ក្រុមន័រវែសបានធ្វើដំណើរត្រឡប់មកដល់ទីក្រុងអូស្លូវិញ កាលពីថ្ងៃទី១៣ ខែកក្កដា ដោយមានការអបអរសាទរពីអ្នកគាំទ្រជាង១០ ម៉ឺននាក់ ដែលបានមកជួបជុំគ្នា នៅតាមដងផ្លូវ។
ន័រវែសបានធ្លាក់ចេញពី World Cup ឆ្នាំ២០២៦ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា (ម៉ោងនៅកម្ពុជា) បន្ទាប់ពីចាញ់អង់គ្លេសដោយលទ្ធផល ២-១ នៅក្នុងម៉ោងបន្ថែម ១៥នាទី ២ ដង វគ្គ៨ក្រុមចុងក្រោយ និងជាការឈានមកដល់វគ្គនេះជាលើកដំបូងបង្អស់របស់ពួកគេផងដែរ។
បើទោះជាមិនអាចនាំយកពាន World Cup មកជាមួយក៏ពិតមែន ប៉ុន្តែហ្វូងមនុស្សយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នាពាសពេញទីលាននៅពីមុខព្រះបរមរាជវាំងនៅក្នុងរាជធានីនៃប្រទេសន័រវែស នៅពេលដែលក្រុមទាំងមូលបានធ្វើដំណើរមកដល់ ហើយពួកគេបានរួមគ្នាបង្កើតទម្រង់អបអរសាទរ «Viking Row» ដ៏ល្បីល្បាញ។ លើសពីនេះទៀត ព្រះអង្គម្ចាស់ Haakon ព្រះរជ្ជទាយាទស្នងរាជ្យនៃប្រទេសដែលមានប្រជាជន ៥,៦ លាននាក់មួយនេះ បានដឹកនាំការអបអរសាទរដោយផ្ទាល់ជាមួយការទូងស្គរផងដែរ។
ប្រធានក្រុមន័រវែស ខ្សែបម្រើ Martin Odegaard បានប្រាប់ទូរទស្សន៍រដ្ឋ NRK ថា «វាពិតជាអស្ចារ្យខ្លាំងណាស់ដែលបានឃើញការគាំទ្រទាំងអស់ និងឃើញពីរបៀបដែលប្រទេសទាំងមូលនៅពីក្រោយពួកយើង។ វាគឺពិតជាអស្ចារ្យខ្លាំងណាស់»។
យ៉ាងណាមិញ យោងតាមទូរទស្សន៍ NRK បានរាយការណ៍ថា ខ្សែប្រយុទ្ធឆ្នើម Erling Haaland ដែលរកបានគ្រាប់ ៧ គ្រាប់ក្នុងការប្រកួត World Cup ឆ្នាំ ២០២៦ នោះ មិនអាចចូលរួមពិធីអបអរសាទរជាសាធារណៈនៅទីក្រុងអូស្លូបានទេ ដោយសារតែរូបគេត្រូវប្រញាប់ឱ្យទាន់ដំណើរឡើងយន្តហោះចាកចេញពីន័រវែស។ ប៉ុន្តែបើទោះជាខកខានការដង្ហែរក្បួនអបអរសាទរក៏ដោយ ក៏ខ្សែប្រយុទ្ធឆ្នើមក្លិប Manchester City រូបនេះ បានធ្វើដំណើរជាមួយក្រុម ហើយក៏បានចូលគាល់ព្រះមហាក្សត្រន័រវែសផងដែរ៕ ប្រភព ៖ FOX Soccer, Aljazeera និង The Straits Times





ចែករំលែកព័តមាននេះ