ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ចង់ឱ្យ FIFA ស៊ើបអង្កេត​ករណី​កីឡាករ​អា​ហ្ស​ង់​ទី​ន​លើក​បដា​ពាក់ព័ន្ធ​កោះ​ហ្វ​ក​ឡែ​ន

5 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ អ្នកនយោបាយ​អង់គ្លេស និង​អ្នកគាំទ្រ​មួយ​ចំនួន​បាន​ស្នើ​ឱ្យ​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) ចាត់វិធានការ​ពិន័យ​លើ​កីឡាករ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​មួយ​ចំនួន មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ នៅ​វេលា​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) ចូល​មក​ដល់ ជុំវិញ​ការ​លើក​បដា​ពាក់ព័ន្ធ​នយោបាយ ក្រោយ​ចប់​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពួក​គេ​។ នេះ​បើ​តាម​ប្រភព​ពី The Guardian, Yahoo Sport, GiveMeSport និង​ប្រភព​ផ្សេង​ទៀត​បាន​ចេញផ្សាយ​។

ក្រុម​ពពក​សអា​ហ្ស​ង់​ទី​ន​បាន​តស៊ូ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​បាន​វាយបក​យកឈ្នះ​ក្រុម​តោ​កំណាត់​អង់គ្លេស​នៅ​ចុង​ម៉ោង ដោយ​លទ្ធផល ២-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) នោះ​គឺជា​ជ័យជម្នះ​ដ៏​ស្វិតស្វាញ​មួយ​នៅ​លើ​ទីលាន ប៉ុន្តែ​រឿង​ទាំងនោះ​មិន​អាច​ប្រៀបធៀប​នឹង​បញ្ហា​ដែល​បាន​កើតឡើង​នៅ​ក្រៅ​ទីលាន​ឡើយ​។

ជាក់ស្តែង ក្រោយ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​បន្លឺ​ឡើង កីឡាករ​អា​ហ្ស​ង់​ទី​ន​មួយ​ចំនួន​បាន​នាំ​គ្នា​អបអរសាទរ​ដោយ​ដៃ​កាន់​បដា​មាន​ខ្លឹមសារ​ជា​ភាសា​អេ​ស្ប៉ា​ញ​ថា «Las Malvinas son Argentinas» ដែល​ប្រែ​ថា «​កោះ​ម៉ា​ល់​វី​ណាស (​ភាសា​អេ​ស្ប៉ា​ញ​) ឬ​កោះ​ហ្វ​ក​ឡែ​ន (Falkland Islands) គឺជា​របស់​អា​ហ្ស​ង់​ទី​ន​»​។ បន្ទាប់​ពី​បដា​អបអរ​ត្រូវ​បាន​លើក​បង្ហាញ អ្នកគាំទ្រ និង​អ្នករាយការណ៍​ព័ត៌មាន​ជា​ច្រើន​បាន​ចង្អុលបង្ហាញ​ថា ទ​ង្វើ​នេះ​គឺ​ផ្ទុយ​ដោយ​ផ្ទាល់​ទៅ​នឹង​ច្បាប់​របស់ FIFA ពាក់ព័ន្ធ​នយោបាយ​ដែល​ត្រូវ​បាន​មហា​ឃាត់​នៅ​ក្នុង​កីឡាបាល់ទាត់​។

ការ​លើក​បដា​នេះ កើតឡើង​ចំ​ពេល​កោះ​ហ្វ​ក​ឡែ​ន ដែល​ជា​ដែនដី​ក្រៅប្រទេស​របស់​ចក្រភព​អង់គ្លេស​ស្ថិត​នៅ​ភាគ​និរតី​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នៅ​តែ​ជា​ប្រធានបទ​នៃ​ជម្លោះ​អធិបតេយ្យភាព​រវាង​អង់គ្លេស និង​អា​ហ្ស​ង់​ទី​ន​។ ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើសង្គ្រាម​លើ​ប្រជុំ​កោះ​នេះ ដែល​មាន​ចម្ងាយ​ជាង ៤៨០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ខាងកើត​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន ចាប់ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​១៩៨២​។ ជម្លោះ​រយៈពេល ៧៤ ថ្ងៃ​នោះ បាន​បណ្តាល​ឱ្យ​ទាហាន​អា​ហ្ស​ង់​ទី​ន ៦៥៥ នាក់ និង​ទាហាន​អង់គ្លេស ២៥៥ នាក់ រួម​ទាំង​ប្រជាជន​លើ​កោះ​ចំនួន ៣ នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ផង​ដែរ​។

បដា​នោះ​បាន​រំលោភ​ផ្ទាល់​លើ​ច្បាប់​ទី ៤ នៃ​ការ​ប្រកួត​របស់ IFAB ដែល​ជា​អង្គភាព​អន្តរជាតិ​ឯករាជ្យ​មួយ ដែល​មាន​តួនាទី​តែ​មួយ​គត់​ក្នុង​ការ​កំណត់ កែប្រែ និង​ថែរក្សា​ច្បាប់​នៃ​ការ​ប្រកួត​បាល់ទាត់​ដែល​បាន​ចែង​យ៉ាង​ច្បាស់​ៗ​ថា កីឡាករ​មិន​អាច​ប្រើប្រាស់ ឬ​បង្ហាញ​សម្ភារៈ​ណាមួយ​មាន​សារ​នយោបាយ​ឡើយ​។

សកម្មភាព​នេះ​ក៏​ត្រូវ​បាន​ហាមឃាត់​ផង​ដែរ​ដោយ​ក្រម​វិន័យ​របស់ FIFA ដែល​បាន​ហាម​ប្រើប្រាស់​កាយវិការ ពាក្យ​សម្តី វត្ថុ ឬ​មធ្យោបាយ​ផ្សេង​ទៀត ដើម្បី​បញ្ជូន​សា​មិន​សមរម្យ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​។ ស្រប​ពេល​ក្រមសីលធម៌​ក្នុង​កីឡដ្ឋាន​របស់ FIFA សម្រាប់​ព្រឹត្តិការណ៍ World Cup 2026 ក៏​ហាមឃាត់​ផង​ដែរ​នូវ​បដា ទង់ជាតិ ខិត្តប័ណ្ណ សម្លៀក​បំពាក់ និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​មាន​លក្ខណៈ​នយោបាយ​ផង​ដែរ ហើយ​ច្បាប់​នេះ អនុវត្ត​យ៉ាង​ចម្បង​ចំពោះ​អ្នកគាំទ្រ​។

កាលពី​ឆ្នាំ​២០១៤ FIFA ធ្លាប់​បាន​ផាកពិន័យ​សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទី​ន​ជា​ទឹកប្រាក់ ២ ម៉ឺន​ផោន (​ជាង ២៧ ០០០​ដុល្លារ​អា​មេ​រិ​ក​) បន្ទាប់​ពី​កីឡាករ​ពួក​គេ​បាន​កាន់​បដា​ដែល​មាន​សារ​ដូច​គ្នា​នេះ មុន​ការ​ប្រកួត​មិត្តភាព​ជាមួយ​ស្លូ​វេ​នី​។ FIFA បញ្ជាក់​ថា សកម្មភាព​នោះ​បាន​ល្មើស​នឹង​ច្បាប់​ស្តី​ពី​សកម្មភាព​នយោបាយ និង​ការ​ប្រព្រឹត្ត​មិន​សមរម្យ​។

ជុំវិញ​បញ្ហា​នេះ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​បានឱ្យ​ដឹង​ថា លោកនាយក​រដ្ឋមន្ត្រី Keir Starmer ក៏​បាន​គាំទ្រ​គំនិត​ដែល​ថា FIFA គួរតែ​ស៊ើបអង្កេត​កីឡាករ​អា​ហ្ស​ង់​ទី​ន ដែល​បាន​បង្ហាញ​បដា​ទាមទារ​អធិបតេយ្យភាព​កោះ​ហ្វ​ក​ឡែ​ន​ផង​ដែរ​។ លោក Starmer ដែល​បាន​ទស្សនាការ​ប្រកួត​នេះ អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន បាន​គាំទ្រ​អេ​ស្ប៉ា​ញ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ជា​ថ្មី​ថា ប្រជុំ​កោះ​ហ្វ​ក​ឡែ​ន គឺជា​របស់​ខ្លួន​ដាច់ខាត បន្ទាប់​ពី​មាន​ជម្លោះ​រឿង​បដា​នយោបាយ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup 2026៕