ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​អាស៊ាន​!​ កម្ពុជា​ ទម្លាក់​ថៃ​ ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទះ 6th SEA V-Cup 2026

1 ថ្ងៃ មុន

ប្រទេស​ហ្វី​លី​ពី​ន ៖ ក្រុម​បាល់ទះ​បុរស​ជម្រើសជាតិ​កម្ពុជា បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ដ៏​អស្ចារ្យ ដោយ​បាន​បំបាក់​ក្រុម​បាល់ទះ​បុរស​ថៃ ក្នុង​លទ្ធផល ៣ ទល់​នឹង ១ សិត ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​ទី​១៨ កក្កដា ។ ជ័យជម្នះ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ស្មា​ត់
កម្ពុជា ដណ្តើម​បាន​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់​ជើងឯក​អាស៊ី​អាគ្នេយ៍ 6th SEA V-Cup 2026 (​ជើង​ទី​១) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង Candon ប្រទេស​ហ្វី​លី​ពី​ន​។

ចាប់ផ្តើម​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រជាមួយ​ថៃ ក្រុម​កម្ពុជា ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ឈ្នះ​ពិន្ទុ ២៥-២១ ខណៈ​សិត​ទី​២ ថៃ បាន​យកឈ្នះ​វិញ​ដោយ​ពិន្ទុ ១៦-២៥ ប៉ុន្តែ​សម្រាប់​សិត​ទី​៣ និង​ទី​៤ កម្ពុជា បាន​យកឈ្នះ​ដោយ​ពិន្ទុ ២៥-២៣ និង ២៥-២៧​។

នេះ​ជា​លើក​ទី​១​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទះ​កម្ពុជា​ដែល​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​ថៃ​ដោយ​លទ្ធផល ៣-១​សិត ។ កម្ពុជា​ធ្លាប់​ឈ្នះ​ថៃ​ពីរ​លើក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​មដែល​កាល​លើក​ទី​១ ឆ្នាំ​២០២១ ឈ្នះ​ដោយ​លទ្ធផល ៣-២ នៅ​ប្រទេស​វៀតណាម និង​លើក​ទី​២ ឈ្នះ​ដោយ​លទ្ធផល ៣-២ នៅ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៣​។

វគ្គ​សំខាន់​ៗ​បែប​នេះ កម្ពុជា ធ្លាប់​ឈ្នះ ថៃ​៣​លើក​ហើយ​គឺ​លើក​ទី​១ ឈ្នះ ថៃ នៅ​វគ្គដណ្តើម​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២១, លើក​ទី​២ កម្ពុជា ឈ្នះ ថៃ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ និង​ចុង​ក្រោយ​នេះ ឈ្នះ ថៃ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពាន SEA V. League 2026​។

សម្រាប់​ជ័យជម្នះ ៣-១ ដើម្បី​ទម្លាក់​ថៃ​នៅ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ កម្ពុជា​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់ SEA V. League ឆ្នាំ ២០២៦ ដោយ​ត្រូវ​ជួប​ឥណ្ឌូ​ណេ​ស៊ី នៅ​ថ្ងៃអាទិត្យ ទី​១៩ កក្កដា វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​។
ការ​ប្រកួត​ដ៏​ជក់ចិត្ត​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​កីឡា Candon City Arena ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​។

ចំណែក​កាលវិភាគ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦ មាន​ដូច​ខាងក្រោម​៖
ថៃ ប៉ះ វៀតណាម ដណ្ដើម​មេដាយ​សំរឹទ្ធ
(​ចំណាត់ថ្នាក់​លេខ​៣) វេលា​ម៉ោង​១​រសៀល ។
កម្ពុជា ប៉ះ​ឥណ្ឌូ​ណេ​សុ​ី ដណ្ដើម​មេដាយមាស (​ជើងឯក​) វេលា​ម៉ោង ៤​និង​៣០​ល្ងាច (​ម៉ោង
នៅ​កម្ពុជា​) ៕