ប្រទេសអេស្ប៉ាញ ៖ ដើម្បីបំពេញដល់ផែនការរបស់លោក Jose Mourinho ក្លិប Real Madrid បានបញ្ចប់កិច្ចព្រមព្រៀងនាំយកកីឡាករ Yan Diomande ពីក្លិប RB Leipzig ជាផ្លូវការហើយ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅក្នុងតម្លៃសរុប ១៤០ លានអឺរ៉ូ ឬប្រហែល ១៦០ លានដុល្លារអាមេរិក ដែលក្នុងនោះ ១២៥ លានអឺរ៉ូជាថ្លៃផ្ទេរផ្ទាល់ និង ១៥ លានអឺរ៉ូទៀតជាប្រាក់រង្វាន់បន្ថែមនៅពេលក្រោយ។
ការចុះហត្ថលេខាដ៏កក្រើកលើខ្សែបម្រើស្លាបសញ្ជាតិកូដឌីវ័រវ័យត្រឹម១៩ឆ្នាំរូបនេះ បានធ្វើឱ្យការចំណាយសរុបរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ កើនឡើងដល់ប្រហែល ២២៥ លានអឺរ៉ូ ឬប្រហែល ២៦០ លានដុល្លារហើយ។នេះក៏ជាការដោះដូរកីឡាករមានតម្លៃថ្លៃបំផុតនៅក្នុងអាជីពជាអ្នកចាត់ការទូទៅរបស់លោក Mourinho ផង ហើយក៏ជាកីឡាករថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រ Real Madrid ផងដែរ។
២២៥ លានអឺរ៉ូនេះ គឺលើសឆ្ងាយពីការចំណាយដ៏ច្រើនជាកំណត់ត្រាទាំង២លើករបស់អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ រហស្សនាម «The Special One» វ័យ៦៣ឆ្នាំរូបនេះ កាលលោកនៅដឹកនាំក្រុម Manchester United កាលពីរដូវក្តៅឆ្នាំ ២០១៦ និង ២០១៧។ កាលណោះ ក្រុមបិសាចក្រហម បានចាយប្រហែល ១៧៥ លានអឺរ៉ូ និង ១៦៥ លានអឺរ៉ូ ដើម្បីនាំយកកីឡាករមួយចំនួនដូចជា Paul Pogba, Romelu Lukaku, Nemanja Matic, Henrikh Mkhitaryan, Eric Bailly, និង Victor Lindelof។
ការត្រឡប់មក Real Madrid ជាលើកទី២ (លើកទី១ ឆ្នាំ២០១០ ដល់ ២០១៣) របស់លោក Mourinho ជាមួយនឹងសមាភាពក្រុមដែលមានគុណភាពខ្លាំងក្លាមួយនេះ ក្រុមរហស្សនាម ស្តេចស ត្រូវបានរំពឹងថានឹងក្លាយជាបេក្ខភាពកំពូលក្នុងការប្រជែងពានរង្វាន់ La Liga និង Champions League រដូវកាល ២០២៦-២៧។ ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក៏មកជាមួយសម្ពាធយ៉ាងខ្លាំងលើលោក Mourinho និងក្រុមការងាររបស់លោក ដើម្បីបំពេញតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្លិប និងអ្នកគាំទ្រផងដែរ។
ការមកដល់របស់ Yan Diomande កើតឡើងចំថ្ងៃជាមួយគ្នា នៅពេលដែលក្លិបក៏បានប្រកាសថា ខ្សែប្រយុទ្ធស្លាបឆ្វេង Vinicius Junior បានយល់ព្រមបន្តកុងត្រាថ្មី ៦ឆ្នាំបន្ថែមទៀត ពោលរហូតដល់ឆ្នាំ ២០៣២។ ប្រកាសនេះ កើតឡើង១ថ្ងៃបន្ទាប់ពីតំណាងរបស់កីឡាករអន្តរជាតិប្រេស៊ីលវ័យ២៦ឆ្នាំរូបនេះ បានពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំក្លិប ជុំវិញការផ្តល់ជូនលក្ខខណ្ឌប្រសើរជាងមុន ដ្បិតកុងត្រាចាស់របស់គេនឹងអស់សុពលភាពត្រឹមខែមិថុនា ឆ្នាំ២០២៧។
ប្រភពនានាបានប្រាប់ ESPN ថា ការពិភាក្សាទទួលបានលទ្ធផលវិជ្ជមាន បន្ទាប់ពីក្លិបបានស្នើឡើងនូវកិច្ចសន្យាថ្មីដ៏ល្អប្រសើរជាងមុន ធៀបនឹងការផ្តល់ជូនលើកមុនជាមួយថ្លៃពលកម្មប្រហែល ២៥,៣ លានដុល្លារអាមេរិកក្នុង១ឆ្នាំ។ Vini ដែលរកបានប្រហែល ២០,២ លានដុល្លារក្នុង១ឆ្នាំនោះ កន្លងមកបានទាមទារកញ្ចប់លក្ខខណ្ឌថ្មីដែលមានតម្លៃប្រហែល ៣៤,៦ លានដុល្លារក្នុង១ឆ្នាំ។
កីឡាករផ្ទេរចូលថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រក្លិប Real Madrid ៖
-ឆ្នាំ ២០២៦ ៖ Yan Diomande តម្លៃ ១៤០ លានអឺរ៉ូពី RB Leipzig
-ឆ្នាំ ២០២៣ ៖ Jude Bellingham តម្លៃ ១២៧ លានអឺរ៉ូពី Dortmund
-ឆ្នាំ ២០១៩ ៖ Eden Hazard តម្លៃ ១២០,៨ លានអឺរ៉ូពី Chelsea
-ឆ្នាំ ២០១៣ ៖ Gareth Bale តម្លៃ ១០១ លានអឺរ៉ូពី Tottenham Hotspur
-ឆ្នាំ ២០០៩ ៖ Cristiano Ronaldo តម្លៃ ៩៤ លានអឺរ៉ូពី Man United៕



ចែករំលែកព័តមាននេះ