ប្រទេសស្វីស ៖ នៅក្នុងលិខិតរួមមួយដែលចុះហត្ថលេខាដោយលោក Gianni Infantino (ប្រធាន FIFA) និងអគ្គលេខាធិការ លោក Mattias Grafstrom ហើយត្រូវបានផ្ញើទៅកាន់សហព័ន្ធជាសមាជិកទាំងអស់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នោះ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តកំហុសឆ្គង និងកិច្ចការខុសបន្តិចបន្តួច ជុំវិញផែនការដ៏ចម្រូងចម្រាសនៅក្នុងការលក់ភាគហ៊ុន ឬសិទ្ធិផលពាណិជ្ជកម្មនៃព្រឹត្តិការណ៍ប្រកួតរបស់ខ្លួន រួមទាំងព្រឹត្តិការណ៍ World Cup ផងនោះ ទៅឱ្យអ្នកវិយោគឯកជន ដែលត្រូវបានស្គាល់ថា គម្រោង FIFA Forward Enterprise (FFE)។ នេះបើតាមប្រភពពី BBC បានចេញផ្សាយ។ គួររំលឹកថា ក្រោយភ្លៀងមេឃស្រឡះ! FIFA លុបចោលគម្រោងលក់ភាគហ៊ុន World Cup ឱ្យទៅអ្នកវិនិយោគ ក្រោយមានការប្រឆាំងកាន់តែខ្លាំង
លិខិតនោះបានបញ្ជាក់ដូច្នេះថា «យើងខ្ញុំសូមអភ័យទោសដោយស្មោះសរចំពោះកំហុសឆ្គងទាំងនេះ ហើយប្ដេជ្ញាចិត្តធានាថា ពួកវានឹងមិនកើតឡើងជាថ្មីទៀតឡើយ។ យើងខ្ញុំក៏ទទួលស្គាល់ផងដែរថា មានចំណុចខ្វះខាតជាច្រើន បន្ទាប់ពីព័ត៌មានអំពីគម្រោងនេះត្រូវបានលេចធ្លាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ»។
ជាមួយគ្នានោះ FIFA បានបញ្ជាក់ថា ខ្លួននឹងធ្វើការត្រួតពិនិត្យផ្ទៃក្នុង មុនពេលដាក់ជូនរបាយការណ៍ទៅកាន់ក្រុមប្រឹក្សា FIFA នៅក្នុងកិច្ចប្រជុំបន្ទាប់របស់ខ្លួន។ ស្ថាប័នមួយនេះក៏បានទទួលស្គាល់ដែរថា សហព័ន្ធជាសមាជិក និងសមាជិកក្រុមប្រឹក្សា FIFA មិនគួរមានអារម្មណ៍ថាត្រូវបានផាត់ចេញពីដំណើរការពិភាក្សានោះទេ ហើយបានថ្លែងថា គម្រោងនេះគួរតែត្រូវបានដោះស្រាយតាមរបៀបផ្សេងពីនេះ។
ទន្ទឹមជាមួយគ្នានោះ លិខិតនោះក៏បានសង្កត់ធ្ងន់ដែរថា ថ្នាក់ដឹកនាំរបស់ FIFA បានព្រមព្រៀងគ្នាជាឯកច្ឆន្ទបន្តគាំទ្រលោក Gianni Infantino បន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់មួយ ក្នុងទីក្រុងរ៉ាបាត (Rabat) ប្រទេសម៉រុក ដោយអះអាងថា ប្រធាន អគ្គលេខាធិការ និងក្រុមការងារប្រតិបត្តិ នៅតែរួបរួមគ្នាជាធ្លុងមួយ។
យ៉ាងណាក៏ដោយ សន្ទុះនៃការរិះគន់តម្រង់លើលោក Infantino នៅមិនទាន់ថមថយនៅឡើយទេ។ ជាក់ស្តែង អតីតកីឡាករដ៏ឆ្នើមរបស់ព័រទុយហ្គាល់ លោក Luis Figo បានហៅទង្វើនេះថា ទង្វើដ៏គួរឱ្យខកចិត្ត និងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនបំផុត ដែលលោកមិនធ្លាប់បានឃើញពីមុនមក ហើយវាក៏ហួសពេលហើយក្នុងការស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់លោក Infantino ប៉ុន្តែមិនទាន់ហួសពេលក្នុងការជួយសង្គ្រោះវិស័យបាល់ទាត់នោះទេ៕ ប្រភព ៖ BBC និង Znews


ចែករំលែកព័តមាននេះ