ប្រទេសស្វីស ៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងក្នុងស្រុក) បានប្រកាសលុបចោលផែនការលក់ភាគហ៊ុនពាណិជ្ជកម្ម និងកម្មវិធីប្រកួតរបស់ខ្លួន រួមទាំងព្រឹត្តិការណ៍ World Cup ទាំងបុរស-នារីផងនោះ ទៅឱ្យអ្នកវិនិយោគឯកជន បន្ទាប់ពីមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាពីមន្ត្រីបាល់ទាត់ជុំវិញពិភពលោក។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ។
ប្រធាន FIFA លោក Gianni Infantino បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា «គោលបំណងរបស់យើងគឺតែងតែ និងនៅតែបន្ត ដើម្បីបង្រួបបង្រួម និងកែលម្អ។ ដូចនេះ គម្រោងសំណើនេះ នឹងមិនបន្តទៅមុខទៀតឡើយ»។
គួររំលឹកជូនថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ FIFA បានលើកឡើងពីផែនការមួយ ដោយបានអះអាងថាអាចប្រមូលប្រាក់បានរហូតដល់ ៤,២ពាន់លានដុល្លារអាមេរិក ផ្អែកលើតម្លៃប៉ាន់ស្មាន ២០ ពាន់លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា FIFA Forward Enterprise (FFE)។ ក្រុមហ៊ុនបុត្រសម្ព័ន្ធពាណិជ្ជកម្មដែលត្រូវបានស្នើឡើងមួយនេះ នឹងត្រូវគ្រប់គ្រងព្រឹត្តិការណ៍នានា ដូចជា World Cup និង Club World Cup ជាដើម។
ស្ថាប័នក្បាលម៉ាស៊ីនគ្រប់គ្របបាល់ទាត់ពិភពលោកមួយននេះ ក៏បានបញ្ជាក់បន្ថែមថា ប្រសិនបើគម្រោងនេះត្រូវបានអនុម័ត វានឹងផ្តល់ឱ្យសមាគមជាសមាជិកទាំង ២១១ លើពិភពលោករបស់ FIFA ទទួលបានប្រាក់ចំនួន ២០លានដុល្លារ នៅដើមឆ្នាំ ២០២៧ ហើយនឹងបង្កើនកញ្ចប់ថវិកាឧបត្ថម្ភសម្រាប់ឆ្នាំ ២០២៧-២០៣០ ពី ៨ លានដុល្លារ ទៅដល់ ២០ លានដុល្លារ។ ដូច្នេះមានន័យថា សមាគមជាសមាជិកទាំងអស់នឹងទទួលបានទឹកប្រាក់ ៤០ លានដុល្លារ ប្រសិនបើគាំទ្រលើសំណើនេះ ដោយពេលនោះ FIFA បានកំណត់ត្រឹមថ្ងៃទី១៩ ខែកញ្ញា ដើម្បីឱ្យសហព័ន្ធសមាគមជាសមាជិកទាំងអស់សម្រេចចិត្ត ដែលនេះជំរុញឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំង ខណៈដែលគំនិតនៃការអនុញ្ញាតឱ្យមានអ្នកវិនិយោគិនឯកជនក្តោបក្តាប់សូម្បីតែចំណែកតូចមួយនេះ ក៏ត្រូវបានគេប្រឆាំងភ្លាមៗផងដែរ។
តួយ៉ាង សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានឆ្លើយតបភ្លាមៗថា គ្មានក្រុមជម្រើសជាតិតាមប្រទេសណាមួយរបស់ខ្លួន នឹងចូលរួមក្នុងប្រកួតប្រជែងណាមួយរបស់ FIFA ឡើយ ដរាបណាគម្រោងនៃសំណើទាំងនេះនៅតែបន្ត។ ជាមួយគ្នានោះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងជើង កណ្តាល និងការីបៀន (CONCACAF) ក៏បានថ្កោលទោសចំពោះចំណាត់ការនេះផងដែរ។
ការខាតបង់ដ៏ធ្ងន់ធ្ងរចំពោះលោក Infantino ផ្ទាល់ តាមរយៈការលាលែងពីតំណែងរបស់ទីប្រឹក្សាជាន់ខ្ពស់គឺលោក Carlos Cordeiro ដែលបានហៅគំនិតនេះថា កិច្ចព្រមព្រៀងមិនល្អសម្រាប់សមាគមជាសមាជិករបស់ FIFA មិនល្អសម្រាប់បាល់ទាត់ និងមិនល្អសម្រាប់អនាគតរយៈពេលវែងនៃកីឡាមួយនេះ។
យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា លោក Infantino បានគូសបញ្ជាក់ថា «គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីពង្រឹងសមាគមជាសមាជិក ហើយវានឹងបន្តទៅមុខ លុះត្រាតែមានការគាំទ្រពីភាគច្រើនប៉ុណ្ណោះ»។ លោកបានបន្ថែមថា «បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះគ្រប់ទស្សនៈ វាបានបង្ហាញយ៉ាងច្បាស់ថា គម្រោងនេះបានបង្កើតឱ្យមានការបែកបាក់ ដែលទោះបីជាមានកម្រិតនៃការគាំទ្រយ៉ាងណាក៏ដោយ ក៏វាមិនបានបម្រើដល់ផលប្រយោជន៍នៃគោលបំណងដែលបានកំណត់តាំងពីដំបូងឡើយ»៕


ចែករំលែកព័តមាននេះ