សហរដ្ឋអាមេរិក ៖ កីឡាករបាល់បោះ LeBron James មានគម្រោងរស់នៅក្នុងទីក្រុងញូវយ៉ក (New York) ជំនួសឱ្យទីក្រុងហ្វីឡាដែលហ្វៀ (Philadelphia) បន្ទាប់ពីផា្លស់ទៅចូលរួមក្រុម Philadelphia 76ers ហើយកីឡាករជម្រើសជាតិអាមេរិករូបនេះ នឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រចម្ងាយប្រហែល ១៥០ គីឡូម៉ែត្ររវាងទីក្រុងទាំង ២ សម្រាប់ការហ្វឹកហាត់ និងការប្រកួត។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា អតីតសមាជិកក្រុម Los Angeles Lakers រូបនេះ កំពុងពិចារណារស់ក្នុងសង្កាត់ម៉ិនហាថិន (Manhattan) ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រជាមធ្យោបាយធ្វើដំណើរ។ ការហោះហើរនឹងចំណាយពេលប្រហែល ៤៥នាទីលឿនជាងការធ្វើដំណើរតាមរថយន្តប្រហែល១ម៉ោង។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះត្រូវប្រឈមនឹងឧបសគ្គមួយចំនួន។ អ្វីដែលចម្បង និងសំខាន់បំផុតនោះ គឺបទប្បញ្ញត្តិដ៏តឹងរ៉ឹងពាក់ព័ន្ធប្រតិបត្តិការឧទ្ធម្ភាគចក្រនៅក្នុងទីក្រុងញូវយ៉កតែម្តង។
បន្ទាប់ពីមានគ្រោះថ្នាក់ជាច្រើនលើកមក អាជ្ញាធរក្រុងបានរឹតបន្តឹងការផ្តល់អាជ្ញាប័ណ្ណជើងហោះហើរស៊ីវិល និងពាណិជ្ជកម្ម ដោយផ្តល់អាទិភាពដល់ជើងហោះហើរប៉ូលិស និងវេជ្ជសាស្ត្រ។ អភិបាលក្រុង លោក Zohran Mamdani ក៏បានបញ្ចូលការរឹតបន្តឹងលើចរាចរណ៍ផ្លូវអាកាស ដើម្បីកាត់បន្ថយការរំខានដោយសំឡេង។ លក្ខខណ្ឌអាកាសធាតុនៅក្នុងទីក្រុងញូវយ៉ក ជាពិសេសងអំឡុងពេលរដូវរងា ក៏ជាបញ្ហាប្រឈមដ៏ធំមួយផងដែរ ដោយសារអ័ព្ទ ខ្យល់បក់ខ្លាំង និងសីតុណ្ហភាពទាប អាចបណ្តាលឱ្យមានការលុបចោល ឬពន្យារពេលជើងហោះហើរនៅចំណតឧទ្ធម្ភាគចក្រទាំង ៣ របស់តំបន់ម៉ិនហាថិន។
មុនពេល LeBron មានគម្រោងបែបនេះ កីឡាករមួយចំនួនដូចជា Kawhi Leonard និង Kobe Bryant ក៏បានជិះឧទ្ធម្ភាគចក្រសម្រាប់ការធ្វើដំណើរផងដែរ។ ប៉ុន្តែពួកគេបានរស់នៅក្នុងទីក្រុងឡូសអាន់ជេឡេស (Los Angeles) ដែលមានអាកាសធាតុអំណោយផលជាង។ ទោះបីជាយ៉ាងណាក៏ដោយ លោក Bryant នៅតែបានបាត់បង់ជីវិត រួមជាមួយមនុស្ស ៨ នាក់ផ្សេងទៀត នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានកើតឡើងនៅថ្ងៃដែលមានអ័ព្ទក្រាស់ក្នុងឆ្នាំ ២០២០។
យោងតាមរបាយការណ៍ក្នុងស្រុក តម្លៃមិនមែនជាបញ្ហាសម្រាប់ LeBron នោះទេ ដ្បិតការហោះហើរ១ជើងៗរវាងទីក្រុងញូវយ៉ក និងហ្វីឡាដែលហ្វៀ ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៤ ០០០ ដុល្លារអាមេរិក។
គួរបញ្ជាក់ថា រដូវកាលក្រោយ កីឡាករ LeBron ដែលស្ថិតក្នុងវ័យ៤១ឆ្នាំ នឹងទទួលបានថ្លៃពលកម្ម ៤ លានដុល្លារអាមេរិកក្នុង១ឆ្នាំ បន្ទាប់ពីចុះកុងត្រារយៈពេល២ឆ្នាំជាមួយក្រុម Philadelphia 76ers កាលពីចុងខែកក្កដាកន្លងទៅ ដែលនេះជាកម្រិតទាបបំផុតចាប់តាំងពីលោកបានចាប់ផ្តើមអាជីពនៅក្នុងលីគកំពូល NBA។
បើទោះយ៉ាងនេះក្តី បើក្រឡេកទៅមើលពេញ១អាជីពរបស់លោក រកបានប្រាក់ចំណូលជិត ៦០០ លានដុល្លារជាថ្លៃពលកម្មពីកិច្ចសន្យាជាមួយក្រុមផ្សេងៗ ដោយមិនទាន់រាប់បញ្ចូលប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ពីកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្មជាច្រើន ដែលក្នុងនោះលេចធ្លោជាងគេគឺកិច្ចព្រមព្រៀងឧបត្ថម្ភពេញ១ជីវិតជាមួយក្រុមហ៊ុន Nike នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាកីឡាករ NBA ដំបូងគេបង្អស់ ដែលរកចំណូលសរុបជាង១ពាន់លានដុល្លារអាមេរិក អំឡុងពេលប្រកបអាជីព ហើយត្រូវបានទស្សនាវដ្តី Forbes ចាត់ចំណាត់ថ្នាក់ជាដដែលៗក្នុងចំណោមកីឡាករ ដែលមានប្រាក់ចំណូលខ្ពស់ជាងគេបំផុតនៅលើពិភពលោកផងដែរ៕ ប្រភព ៖ Marca, Yahoo Sports និង VnExpress



ចែករំលែកព័តមាននេះ