ប្រទេសថៃ ៖ កីឡាករបាល់ទាត់ថៃ ឈ្មោះ Sofwan Awa ខ្សែបម្រើស្លាបក្រុម Yala FC នៅលីគលំដាប់ទី៣ ថៃ (Thai League 3) បានស្លាប់ បន្ទាប់ពីត្រូវរន្ទះបាញ់អំឡុងពេលប្រកួតពានរង្វាន់ GOLOK FA Cup នៅកីឡដ្ឋាន Santiphap ក្នុងស្រុក Sungai Kolok ខេត្ត Narathiwat កាលពីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
ហេតុការណ៍រន្ទះបាញ់កើតឡើង បណ្តាលឱ្យកីឡាករជាច្រើននាក់ដួលសន្លប់មិនកម្រើកនៅលើទីលាន ហើយនៅក្នុងនោះ កីឡាករ ៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ខ្សែប្រយុទ្ធ Sofwan Awa បានរងរបួសធ្ងន់ធ្ងរជាងគេ ហើយក្រោយមកត្រូវបានរាយការណ៍ថា ស្លាប់ លុះនៅម៉ោងប្រមាណ ៦:៤០ នាទីល្ងាច គណនីហ្វេសប៊ុកផ្លូវការក្លិប Yala FC បានបង្ហោះសារសម្តែងការសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់កីឡាកររូបនេះ។ សមាគមកីឡាបាល់ទាត់ថៃ (FAT) ក្រោយមកក៏បានចេញសេចក្តីថ្លែងការណ៍ជុំវិញឧបទ្ទវហេតុនេះផងដែរ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ មិត្តភក្តិ និងក្លិប ចំពោះការបាត់បង់នេះ។
គួរបញ្ជាក់ថា កីឡាករ Sofwan Awa បានចុះកិច្ចសន្យាជាមួយ Yala FC នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ថ្មីៗនេះ។ ខ្សែបម្រើស្លាបរូបនេះ គឺជាកីឡាករដ៏សំខាន់ម្នាក់ ដោយរកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ១៨ ប្រកួត ដើម្បីជួយក្រុមចាស់របស់ខ្លួន Pattani FC ឡើងទៅកាន់លីគទី២ ថៃ រដូវកាលឆ្នាំ ២០២៥-២០២៦៕ ប្រភព ៖ Matichon និង VnExpress



ចែករំលែកព័តមាននេះ