ប្រទេសស្កុតឡែន ៖ កាលពីពេលថ្មីៗនេះ កីឡាការិនីប្រដាល់សកលវ័យ២០ឆ្នាំមួយរូប បានបង្កើតប្រវត្តិសាស្ត្រដណ្តើមបានមេដាយដំបូងបង្អស់ជូនប្រទេសទូវ៉ាលូ (Tuvalu) ក្នុងព្រឹត្តិការណ៍កីឡាចម្រុះអន្តរជាតិ Commonwealth Games ទោះបីជានាងមិនបានរកឃើញជ័យជម្នះសូម្បីតែ១ប្រកួតយ៉ាងណាក៏ដោយ។
កីឡាការិនី Tarona Taafaki ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងការប្រកួតព្រឹត្តិការណ៍ Commonwealth Games ឆ្នាំ ២០២៦ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន នៅពេលដែលនាងបានឈ្នះមេដាយសំរឹទ្ធ១គ្រឿងក្នុងប្រភេទម្ងន់ ៧៥ គីឡូក្រាម ក្រោមលក្ខខណ្ឌដ៏កម្រមួយ។ ដោយសារតែប្រភេទទម្ងន់ ៧៥ គីឡូក្រាមមានអ្នកចូលរួមប្រកួតត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ទើប Taafaki ទទួលបានសិទ្ធិឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិតែម្តង ហើយត្រូវប្រកួតតែ១ប្រកួតគត់ ដោយនាងបានចាញ់កីឡាការិនីឥណ្ឌា Lovlina Borgohain។
ទោះយ៉ាងណាក៏ដោយ ដោយសារកម្មវិធីប្រដាល់នៅក្នុងព្រឹត្តិការណ៍ Commonwealth Games គ្មានការប្រកួតដណ្តើមមេដាយសំរឹទ្ធនោះទេ ដូច្នេះកីឡាការិនីទាំង២ដែលចាញ់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សុទ្ធតែទទួលបានមេដាយសំរឹទ្ធដូចគ្នា ហើយនេះគឺជាការឈ្នះមេដាយដំបូងបង្អស់របស់ប្រទេសទូវ៉ាលូក្នុងការប្រកួតព្រឹត្តិការណ៍នេះ។
«ទូវ៉ាលូ» ប្រទេសដែនកោះតូចមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ដែលបច្ចុប្បន្នមានប្រជាជនប្រហែលត្រឹម ១០ ៦០០ នាក់មួយនេះ ចាត់ទុកសមិទ្ធផលរបស់ Taafaki ជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យពិសេសបំផុត។ គ្រួសារនាងសុទ្ធតែប្រឡូកនៅក្នុងវិស័យប្រដាល់ ដោយឪពុកជាគ្រូបង្វឹកក្រុមជម្រើសជាតិ ហើយប្អូនប្រុសនាង ឈ្មោះ Pasoni ក៏បានចូលរួមក្នុងការប្រកួតនេះដែរ ប៉ុន្តែបានធ្លាក់បន្ទាប់ពីការប្រកួតដំបូង។
អ្វីដែលធ្វើឱ្យសាច់រឿងរបស់ Taafaki រឹតតែគួរឱ្យចាប់អារម្មណ៍នោះ គឺលក្ខខណ្ឌនៃការហ្វឹកហាត់។ នៅប្រទេសទូវ៉ាលូ អ្នកហាត់ប្រដាល់ជារឿយៗតែងតែហ្វឹកហាត់នៅលើផ្លូវរត់នៃព្រលានយន្តហោះផ្ទាល់តែម្តង ព្រោះជាតំបន់ដែលរាបស្មើ និងមានលំនឹងបំផុតនៅលើកោះនេះ។ រាល់ពេលដែលមានយន្តហោះចុះចត ឬហោះឡើង អ្នករាល់គ្នាត្រូវតែចាកចេញពីផ្លូវរត់ ហើយបន្ទាប់មកត្រូវត្រឡប់មកហ្វឹកហាត់វិញភ្លាមៗ។
ងាកមក Taafaki និងបងប្អូនរបស់នាង បច្ចុប្បន្នរស់នៅប្រទេសនូវែលសេឡង់ ដើម្បីទទួលបានឱកាសប្រើប្រាស់សម្ភារៈហ្វឹកហាត់ល្អជាងមុន។ ទោះយ៉ាងណាក៏ដោយ នាងនៅតែចាត់ទុកការតំណាងឱ្យប្រទេសទូវ៉ាលូជាមោទនភាពដ៏អស្ចារ្យបំផុតរបស់នាង។ Taafaki បានថ្លែងមុនការប្រកួតថា «នេះគឺជាប្រទេសដ៏តូចមួយ ប៉ុន្តែយើងមានឱកាសបង្ហាញខ្លួននៅលើឆាកអន្តរជាតិ។ ខ្ញុំចង់បំផុសគំនិតដល់សហគមន៍ទូវ៉ាលូ ហើយបង្ហាញថា ពួកយើងអាចប្រកួតប្រជែងជាមួយអ្នកប្រយុទ្ធកំពូលៗបាន»។
ឪពុករបស់នាង លោក Badi Taafaki ជឿថា មេដាយនេះមិនត្រឹមតែមានសារៈសំខាន់ក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពិភពលោកបានដឹងពីប្រទេសទូវ៉ាលូ ក៏ដូចជាបញ្ហាប្រឈមនានាដែលប្រទេសដែនកោះមួយនេះកំពុងជួបប្រទះ ដោយសារការប្រែប្រួលអាកាសធាតុ។ តាមអ្នកជំនាញ ពាក់កណ្តាលនៃទីក្រុងហ្វ៊ូណាហ្វ៊ូទី (Funafuti) កំពុងប្រឈមនឹងហានិភ័យលិចលង់នៅត្រឹមឆ្នាំ២០៥០ ដោយសារតែកម្រិតទឹកសមុទ្រកើនឡើងខ្ពស់។
គួរបញ្ជាក់ថា តាមពិតទៅកីឡាការិនី Taafaki មិនមែនជាករណីដំបូងនោះឡើយ ដែលអត្តពលិកម្នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍ Commonwealth Games ដោយមិនបានឈ្នះសូម្បីតែ១ប្រកួត។ ជាក់ស្តែង កាលពីឆ្នាំ ២០១៨ កីឡាការិនីប្រដាល់របស់អូស្ត្រាលី Taylah Robertson ក៏ទទួលបានមេដាយសំរឹទ្ធផងដែរ បន្ទាប់ពីបានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានចាញ់នៅក្នុងការប្រកួតតែ១គត់របស់នាង៕ ប្រភព ៖ Znews




ចែករំលែកព័តមាននេះ