ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ល្ហៀ​ង​ៗ​មក​ថា Ronaldo នឹង​ដឹក​ដៃគូ​ដណ្តឹង​ចូល​រោងការ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ហើយ

1 អាទិត្យ មុន

ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៖ បើ​តាម​ប្រភព​ពី​កាសែត The Sun កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៦ ស្រង់សេចក្តី​រាយការណ៍​ពី​ព័រ​ទុ​យ​ហ្គា​ល់ បានឱ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ឆ្នើម Cristiano Ronaldo និង​គូ​ដណ្តឹង កញ្ញា Georgina Rodriguez ត្រៀម​រៀបចំ​ពិធី​មង្គលការ​ដ៏​ឱឡារិក នៅ​ថ្ងៃ​សៅរ៍ ទី​៨ ខែសីហា ឆ្នាំ​២០២៦ ខាង​មុខ​នេះ លើ​កោះ Madeira ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ដែល​ជា​កន្លែង​កំណើត និង​ជា​កន្លែង​ដែល​កីឡាករ​ឆ្នើម​រូប​នេះ​បាន​ធំធាត់​ឡើង​។

ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើស​ព័រ​ទុ​យ​ហ្គា​ល់ និង​ក្លិប Al Nassr វ័យ​៤១​ឆ្នាំ ដែល​ធំធាត់​នៅ​ទីក្រុង Funchal កោះ Madeira និង​មិត្ត​ស្រី​ជាតា​រា​ម៉ូ​ដែល Georgina វ័យ​៣២​ឆ្នាំ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា​បាន​កក់​សណ្ឋាគារ​ផ្កាយ​ប្រាំ​ឈ្មោះ Savoy Palace នៅ​កោះ​នោះ សម្រាប់​កម្មវិធី​ជប់លៀង​មានការ​ទទួលភ្ញៀវ​។ ប្រភព​មួយ​បានឱ្យ​ដឹង​ថា ភ្ញៀវ​នៅ​សណ្ឋាគារ​ត្រូវ​បាន​គេ​ជូនដំណឹង​ថា ជាន់​ចំនួន ២ នៅ​សណ្ឋាគារ នឹង​ត្រូវ​បិទ​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ រួម​ទាំង​តំបន់​បារ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា កីឡាករ Cristiano Ronaldo ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ជួប​ជាមួយ Georgina Rodriguez ជា​កូនកាត់​អេ​ស្ប៉ា​ញ​-​អា​ហ្ស​ង់​ទី​ន លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៦ ហើយ​បាន​សុំ​នាង​រៀប​ការ កាលពី​ខែសីហា ឆ្នាំ​មុន​។

កាលពី​ស​ប្តា​ហ៍​មុន គូស្នេហ៍​១​គូ​នេះ ត្រូវ​បាន​គេ​ថត​ជាប់ដៃ​ពាក់ចិញ្ចៀន​ពេជ្រ ពេល​ពួក​គេ​ឡើង​លើ​នាវា​កម្សាន្ត​ឯកជន​មួយ នៅ​កោះ Mallorca ប្រទេស​អេ​ស្ប៉ា​ញ​។ កន្លង​មក Ronaldo ធ្លាប់​បាន​និយាយ​ថា ខ្លួន និង​គូ​ដណ្តឹង​មាន​គម្រោង​រៀប​ការ បន្ទាប់​ពី​ចប់​ភារកិច្ច​ការ​ប្រកួត World Cup ឆ្នាំ​២០២៦ ដែល​ជា​លទ្ធផល​ព័រ​ទុ​យ​ហ្គា​ល់​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្រោយ​ថ្វី​ជើង​អេ​ស្ប៉ា​ញ ដែល​ជា​ម្ចាស់​ជើងឯក កាលពី​ខែ​មុន​។

ទោះជា​យ៉ាងណា​ក៏​ដោយ ព័ត៌មាន​ថ្មី​ៗ​អំពី​កាលបរិច្ឆេទ​នៃ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់ Ronaldo និង Georgina គឺ​ផ្អែក​ទៅ​លើ​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ជា​ច្រើន និង​ការ​លេច​ធ្លាយ​ព័ត៌មាន​ពី​សណ្ឋាគារ​តែ​ប៉ុណ្ណោះ ខណៈ​ដែល​សាមីខ្លួន​ទាំង​ពីរ​មិន​ទាន់​បាន​ចេញ​មុខ​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​៕