កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF អាស៊ីលើកទី១២ ឆ្នាំ២០២៨
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងទៅតាមអង្គមហាសន្និបាតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងអ៊ូឡានបាទ័រ
ប្រទេសម៉ុងហ្គោលី កម្ពុជាត្រូវបានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទពីសមាជិកសហព័ន្ធតេក្វាន់ដូអាស៊ី(ATF)ឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូITFអាសុីលើកទី១២(12th Asian Taekwon-Do Championship) ឆ្នាំ២០២៨។
បើតាមការឱ្យដឹងបន្ថែម ក្រៅពីទទួលបានការគាំទ្រពីសមាជិកភាពនៅក្នុងសហព័ន្ធកីឡាតេក្វាន់ដូអាស៊ី នៅមានប្រទេសពីរផ្សេងទៀតដែលបានគាំទ្រយ៉ាងពេញទំហឹងឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូITFជើងឯកអាស៊ីគឺប្រទេសអ៊ូសបេគីស្ថាន និងប្រទេសគៀគីស្ថាន ។ ប្រទេសទាំងពីរនេះកំពុងតែមានការរីកចម្រើនខ្លាំងលើវិស័យកីឡាតេក្វាន់ដូITF។ មូលហេតុដែលកម្ពុជាទទួលបានសិទិ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ីនាពេលនេះ គឺដោយសារតែគេមើលឃើញថាកន្លងមកប្រទេសកម្ពុជាធ្លាប់ទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍ ។
នេះជាការបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាមិនត្រឹមតែមានការរីកចម្រើនលើវិស័យកីឡាតេក្វាន់ដូប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងបានជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងការផ្លាស់ប្ដូរវប្បធម៌ជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ទៀតផង។
ទាំងនេះគឺជាការទន្ទឹងរង់ចាំរបស់កម្ពុជា ជាយូរមកហើយ។ ជាក់ស្ដែង លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFអាស៊ីអាគ្នេយ៍និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជាធ្លាប់បានមានប្រសាសន៍លើកឡើងនៅមុនពេលចេញទៅប្រកួតជ្រើសរើសជើងឯកអាស៊ីលើកទី១១នៅប្រទេសម៉ុងហ្គោលី លោកបានបង្ហាញពីគោលបំណងចង់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីលើកទី១២ឆ្នាំ២០២៨ ។ ឥឡូវនេះក្ដីស្រមៃបានក្លាយជាការពិតហើយ ៕


ចែករំលែកព័តមាននេះ