ប្រទេសចិន ៖ ក្រុមបាល់ទះជម្រើសជាតិបុរសប៉ូឡូញនៅតែអធិរាជពិភពលោក បន្ទាប់ពីបានវាយបកយកឈ្នះក្រុមសហរដ្ឋអាមេរិក នៅក្នុងលទ្ធផល ៣ សិតទល់នឹង ២ ដើម្បីការពារតំណែងជើងឯកពានរង្វាន់អន្តរជាតិ FIVB Men’s Volleyball Nations League (VNL) ឆ្នាំ ២០២៦ កាលពីថ្ងៃទី២ ខែសីហា ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ ស្របពេលស្លូវេនីបានយកឈ្នះជប៉ុន ៣ សិតទល់នឹង ១ ដណ្តើមបានមេដាយសំរឹទ្ធ។
នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើបញាប់ញ័រ និងជក់ចិត្តជាទីបំផុត ក្រុមចំណាត់ថ្នាក់លេខ ១ ពិភពលោក ប៉ូឡូញ បានបើកការនាំមុខនៅក្នុងសិតទី ១ លទ្ធផល ២៥-២១។ ប៉ុន្តែចូលសិតទី ២ និងទី ៣ ស្រាប់តែសហរដ្ឋអាមេរិកបានវាយបកនាំមុខវិញលទ្ធផល ២៥-២៣ និង ២៧-២៥។
ទោះយ៉ាងណាក៏ដោយ ប៉ូឡូញ នៅតែរក្សាភាពខ្លាំងរបស់ខ្លួនក្នុងនាមក្រុមបាល់ទះកំពូលរបស់ពិភពលោក ដោយយកឈ្នះ ២ សិតចុងក្រោយលទ្ធផល ២៥-២៣ និង ១៥-១០ ដើម្បីក្លាយជាម្ចាស់ជើងឯកឆ្នាំ ២០២៦ ហើយក៏ជាឈ្នះជើងឯកជាលើកទី ៣ របស់ខ្លួន បន្ទាប់ពីឆ្នាំ ២០២៣ និង ២០២៥។ ចំណែកសហរដ្ឋអាមេរិកនៅតែបន្តខកចិត្តដោយមិនទាល់ស្គាល់ជាតិឈ្នះជើងឯកនៅឡើយ ដ្បិតពួកគេធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៤ លើក (២០១៩ ២០២២ ២០២៣ និង២០២៦)។
នៅក្នុងថ្ងៃជាមួយគ្នានោះ បន្ទាប់ពីបានត្រឹមចំណាត់ថ្នាក់លេខ ៤ ចំនួន ៣ លើកកន្លងមក នៅទីបំផុតស្លូវេនីដណ្តើមបានមេដាយជាលើកដំបូងនៃពានរង្វាន់ VNL បន្ទាប់ពីយកឈ្នះជប៉ុន លទ្ធផល ៣ សិតទល់នឹង ១ (២១-២៥ ២៨-២៦ ២២-២៥ និង ២២-២៥) សម្រាប់មេដាយសំរឹទ្ធ។
ប្រាក់រង្វាន់ការប្រកួតពានរង្វាន់ VNL ឆ្នាំ ២០២៦ ៖ ក្រុមជើងឯកទទួលបាន ១ លានដុល្លារអាមេរិក ក្រុមរងជើងឯក ៥០ ម៉ឺនដុល្លារ ក្រុមលេខ ៣ បាន ៣០ ម៉ឺនដុល្លារ ក្រុមលេខ ៤ បាន ១៨ ម៉ឺនដុល្លារ ក្រុមលេខ ៥ បាន ១៣ ម៉ឺនដុល្លារ ក្រុមលេខ ៦ បាន ៨៥ ០០០ ដុល្លារ ក្រុមលេខ ៧ បាន ៦៥ ០០០ ដុល្លារ ក្រុមលេខ ៨ បាន ៤០ ០០០ ដុល្លារ ។ ក្រុមឈ្នះការប្រកួតវគ្គជម្រុះបឋមទទួលបាន ៩ ៥០០ ដុល្លារក្នុង១ប្រកួត ខណៈដែលក្រុមចាញ់ទទួលបាន ៤ ២៥០ ដុល្លារក្នុង១ប្រកួត។
គួរបញ្ជាក់ថា គិតចាប់តាំងពីការប្រកួតរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១៨ រហូតមកទល់ពេលនេះ ប៉ូឡូញ គឺជាក្រុមឈ្នះជើងឯកច្រើនជាងគេ ៣ លើក តាមក្រោយដោយបារាំង និងរុស្ស៊ី ដែលឈ្នះ ២ លើកដូចគ្នា ខណៈដែលប្រេស៊ីលធ្លាប់ឈ្នះជើងឯក ១ លើកផងដែរ៕




ចែករំលែកព័តមាននេះ