ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេត​វិមាន ៖ លោក​ប្រធានាធិបតី ត្រាំ នឹង​​អញ្ជើញ​​ជា​អធិបតី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2026

3 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ តាម​ការ​បញ្ជាក់​របស់​លេខាធិការ​សារព័ត៌មាន​សេត​វិមាន លោកស្រី Karoline Leavitt នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បានឱ្យ​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ នឹង​ចូលរួម​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ហើយ​វត្តមាន​លោក​ក៏​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ ក្រោយ​បញ្ចប់​ការ​ប្រកួត​ផង​ដែរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី The New York Times, Forbes និង Reuters បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា​។

មុន​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​វេលា​ម៉ោង ២ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) រវាង​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ និង​ក្រុម​ការពារ​ជើងឯក​អា​ហ្ស​ង​ទី​ន​នោះ លោក ត្រាំ នឹង​ជួប​ជាមួយ​មន្ត្រី​ពី​សហព័ន្ធ​បាល់ទាត់​ពិភពលោក នៅ​ឯ​អគារ​ពាណិជ្ជកម្ម​របស់​លោក Trump Tower ផង​ដែរ​។

ការ​ចូលរួម​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​សហការ​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក ដែល​លោក ត្រាំ បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ជា​និមិត្តរូប​ដ៏​សំខាន់​សម្រាប់​អាណត្តិ​ដឹកនាំ​របស់​លោក ក៏​ដូច​ជា​អបអរសាទរ​ខួប​លើក​ទី ២៥០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​សហរដ្ឋអាមេរិក​ផង​ដែរ​។

បើ​តាម​លោកស្រី Leavitt បាន​ថ្លែង​ថា លោក​ប្រធានាធិបតី ត្រាំ នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ញូ​វ​យ៉​ក (New York) នៅ​ថ្ងៃ​សុក្រ (​ម៉ោង​ក្នុងស្រុក​) ដើម្បី​ចូលរួម​កម្មវិធី​ទទួល​ស្វាគមន៍​របស់​មន្ត្រី FIFA នៅ Trump Tower បន្ទាប់​មក​លោក​នឹង​មាន​វត្ត​មាននៅ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ (​ម៉ោង​ក្នុងស្រុក​) នៅ​កីឡដ្ឋាន MetLife ក្នុង​ទីក្រុង​អ៊ី​ស រ៉ា​ដឺ​ហ្វ​ត (East Rutherford) រដ្ឋ​ញូ​វ​ជើ​ស៊ី (New Jersey)​។

លោកស្រី​មិន​បាន​បញ្ជាក់​ច្បាស់​ថា លោក ត្រាំ នឹង​ជា​អ្នក​ប្រគល់​ពាន​នោះ​ទេ ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​មនុស្ស​ដ៏​សំខាន់​ដែល​នឹង​ធ្វើ​បែប​នោះ​។ ស្រប​ពេល​ដែល​ប្រធាន FIFA លោក Gianni Infantino កាលពី​ខែ​មុន​ធ្លាប់​ប្រកាស​ហើយ​ថា លោក និង​លោក ត្រាំ នឹង​រីករាយ​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ហើយនឹង​ប្រគល់​ពានរង្វាន់​ទៅ​ឱ្យ​អ្នក​ឈ្នះ​ជាមួយ​គ្នា​ជា​មិន​ខាន​។

កាលវិភាគ​ប្រកួត​ចុង​ក្រោយ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) ៖
-​បារាំង ប៉ះ អង់គ្លេស (​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣) នៅ​ម៉ោង ៤ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា នៅ​ឯ​កីឡដ្ឋាន Hard Rock រដ្ឋ​ផ្ល​រី​ដា (Florida)
-​អេ​ស្ប៉ា​ញ ប៉ះ អា​ហ្ស​ង់​ទី​ន (​ដណ្តើម​ជើងឯក​) នៅ​ម៉ោង ២ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា នៅ​កីឡដ្ឋាន MetLife៕