ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមបាល់ទាត់​នារី​កម្ពុជា រំពឹង​ខ្ពស់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ AFF Women’s Cup លើក​ទី​២

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា បាន​ដាក់​ការ​រំពឹង​ខ្ពស់​ឡើង​វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFF Women’s Cup ឆ្នាំ ២០២៦ ពេល​ជួប​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​ឡាវ នៅ​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ថ្ងៃអាទិត្យ ទី​១៩ ខែកក្កដា ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​កីឡដ្ឋាន​ប្រទេស​ម៉ា​ឡេ​ស៊ី​។

ការ​រំពឹង​ខ្ពស់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ AFF Women’s Cup ឆ្នាំ ២០២៦​ជា​លើក​ទី​២ ដោយសារ​ក្រុម​នារី​កម្ពុជា និង​នារី​ឡាវ ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា​ចំនួន​២​លើក ក្នុង​នោះ ឡាវ មិន​ធ្លាប់​ឈ្នះ កម្ពុជា ឡើយ ។ ជួប​គ្នា​លើក​ទី​១​ក្នុង​ពានរង្វាន់ AFF Women’s Championship ឆ្នាំ ២០២២ ក្រុម​ទាំង​ពីរ​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ១-១ និង​ការ​ជួប​គ្នា​លើក​ទី​២ កម្ពុជា បាន​ឈ្នះ​ឡាវ ដោយ​លទ្ធផល ២-០ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។

ផ្អែក​លើ​គុណភាព​របស់​ក្រុម​ទាំង​ពីរ គឺ ក្រុមនារី​កម្ពុជា​មាន​កម្រិត​ល្អ​ជាង​ក្រុម​នារី​ឡាវ ដូច្នេះ​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​២ បន្ទាប់​ពី​បាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ លើក​ទី​១ កាលពី​ឆ្នាំ ២០២៤​។ ជាមួយ​គ្នា​នេះ ក្រុម​នារី​ឥណ្ឌូ​ណេ​ស៊ី ក៏​សង្ឃឹម​ច្រើន​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​នារី សិង្ហ​បុរី ដែរ​។ ទោះបីជា​យ៉ាងណា ការ​ជួប​គ្នា​ចុង​ក្រោយ ឥណ្ឌូ​ណេ​ស៊ី បាន​ចាញ់ សិង្ហ​បុរី ២-០ ក្នុង​ជំនួប​មិត្តភាព​កាលពីដើម​ខែមិថុនា​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុម​នារី​កម្ពុជា បាន​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​នាម​ជា​ក្រុម​លេខ ១ ពូ​ល B បន្ទាប់​ពី​ឈ្នះ​ក្រុម​នារី​ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ៣-១ និង ស្មើ​ជាមួយ​ឥណ្ឌូ​ណេ​ស៊ី ដោយ​លទ្ធផល ១-១​។

ចំណែក​ក្រុម​នារី​ឡាវ​ជា​ក្រុម​លេខ​២​ក្នុង​ពូ​ល Aដែល​រកបាន​២​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​ពី​ស្មើ​ម្ចាស់ផ្ទះ ម៉ា​ឡេ​ស៊ី ១-១ និង ស្មើ​សិង្ហ​បុរី ១-១​។

ចំណែក​ក្រុម​នារី​ឥណ្ឌូ​ណេ​ស៊ី លេខ​២​ពូ​លB​មាន​៤​ពិន្ទុ បន្ទាប់​ពី​ឈ្នះ​ក្រុម​នារី​ទី​ម័​រ​ខាងកើត ២-០ និង​ស្មើ​កម្ពុជា ១-១ ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជួប​ក្រុម​នារី​សិង្ហ​បុរី ដែល​ជា​ក្រុម​លេខ ១ ពូ​ល A​។ ក្រុម​នារី​ស​សិង្ហ​បុរី បាន​ស្មើ ឡាវ ១-១ និង បាន​ឈ្នះ​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី ៣-១​។

សូម​បញ្ជាក់​ថា ពាន​បាល់ទាត់​នារី AFF Women’s Cup លើក​ទី​១ កាលពី​ឆ្នាំ ២០២៤ ក្រុម​នារី​ឥណ្ឌូ​ណេ​ស៊ី ជា​ម្ចាស់​ជើងឯក ក្រុម​នារី​កម្ពុជា លេខ ២ និង​ក្រុម​នារី សិង្ហ​បុរី លេខ ៣​។ ក្រុម​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ លេខ ២ និង​លេខ ៣ ទទួល​បាន​កៅអី​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​នារី​កម្រិត​ទី​១​ប្រចាំ​តំបន់​អាស៊ាន AFF Women’s Championship ឆ្នាំ ២០២៦​។

ខាងក្រោម​ជា​កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ ២០២៦៖
កម្ពុជា ប៉ះ ឡាវ នៅ​ម៉ោង​៣​និង​៤៥​នាទីរសៀល
សិង្ហ​បុរី ប៉ះ ឥណ្ឌូ​ណេ​ស៊ី នៅ​ម៉ោង​៧
និង​៤៥​នាទី​យប់ ៕