ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាករណ៍​បង្ហាញ​ថា វិសាខា និង​អង្គរក្ស ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​តេ​ជោ​លី​គ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទះ​ដ៏​ធំ​ប្រចាំ​ប្រទេស «​តេ​ជោ​លី​គ​» រដូវ​កាល​ទី​៣ ឆ្នាំ​២០២៦ បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៤​រួចរាល់​ហើយ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ និង​កក្រើក​បំផុត​កាលពី​ថ្ងៃ​ទី​២៧ និង​២៨ ខែមិថុនា ឆ្នាំ​២០២៦ ។

ពានរង្វាន់​កីឡាបាល់ទះ តេ​ជោ​លី​គ​រដូវ​កាលទី​៣ បាន​ធ្វើការ​ប្រកួត​យ៉ាង​ជក់ចិត្ត​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​កដោយ​មានការ​ចូលរួម​ពី​បណ្តា​ក្លិប​ធំ​ៗ និង​មានការ​ដោះ​ដូរ​កីឡាករ​ទាំង​ជាតិ និង​អន្តរជាតិ​ដើម្បី​បង្កើន​សមត្ថភាព​ក្រុម​។

ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​តាម​ដំណាក់កាល​ជុំ​ទី​១ និង​ជុំ​ទី​២ យ៉ាង​តានតឹង រូបមន្ត​ប្រកួត​បាន​តម្រូវ​ឱ្យ​យក​តែ​ក្រុម​កំពូល​តារាង​ចំនួន​៤​គត់ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ដើម្បី​ទទួល​បាន​កៅអី​មាស​ឡើង​ទៅ​ប្រជែង​គ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។
សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទះ តេ​ជោ​លី​គ រដូវ​កាល​ទី​៣ នា​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៦ នេះ គឺជា​ជំនួប​ដ៏​ជក់ចិត្ត​រវាង​ក្រុម​ខ្លាំង​ៗ​ដែល​មាន​ប្រវត្តិ​ជួប​គ្នា និង​ការ​ទស្សន៍​ទាយ​លទ្ធផល​ដូច​ខាងក្រោម​៖

១. វិសាខា​(​លេខ​១)​ប៉ះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ (​លេខ​៤)
ប្រវត្តិ​នៃ​ការ​ជួប​គ្នា ៖ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី​១ និង​ជុំ​ទី​២ កន្លង​ទៅ ក្រុម វិសាខា មាន​ទម្រង់​លេង​ល្អ​ជាង​ឆ្ងាយ និង​ធ្លាប់​បាន​យកឈ្នះ​លើ​ក្រុម​នគរបាល​រាជធានី​ភ្នំពេញ​ទាំង​ពីរ​លើក ដោយសារ​ពួក​គេ​មានការ​រៀបចំ​ទម្រង់​លេង​បាន​ល្អ និង​មាន​ធនធាន​កីឡាករ​ល្អ​ៗ​ច្រើន​។

ការ​ព្យាករណ៍​លទ្ធផល ៖ វិសាខា ឈ្នះ ៣-០ ឬ ៣-១ ។ វិសាខា​បច្ចុប្បន្ន​កំពុង​ឈរ​លើ​កំពូល​តារាង និង​មាន​ភាគរយ​ខ្ពស់​បំផុត​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។
២. បញ្ជាការដ្ឋាន​អង្គរក្ស​(​លេខ​២)​ប៉ះ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​(​លេខ​៣)

ប្រវត្តិ​នៃ​ការ​ជួប​គ្នា ៖ គូ​នេះ​គឺជា​គូ​ជជែក​គ្នា​ដណ្តើម​គ្នា​ដ៏​ស្វិតស្វាញ​បំផុត ។ កាលពី​ការ​ប្រកួត​រដូវ​កាល​មុន​ៗ និង​ជុំ​សន្សំ​ពិន្ទុ​នា​ពេល​ថ្មី​ៗ​នេះ ក្រុម​ការពារ​ជើងឯក​បញ្ជាការដ្ឋាន​អង្គរក្ស តែងតែមាន​ប្រៀប​ជាង​បន្តិចបន្តួច ប៉ុន្តែ​ក្រុម ស្នងការ​ខេត្តស្វាយរៀង តែងតែ​បង្ក​ការ​ពិបាក និង​វាយបក​យកឈ្នះ​សិត​បាន​ខ្លះ​ៗ មិន​ឱ្យ​អង្គរក្ស​ស៊ីដាច់​ដោយ​ងាយ​ឡើយ​។

ការ​ព្យាករណ៍​លទ្ធផល ៖ បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ ៣-២ ។ នេះ​ជា​ការ​ប្រកួត​កាត់​សេចក្តី​ដ៏​តានតឹង​បំផុត ប៉ុន្តែ​បទ​ពិសោធន៍​វគ្គ​ខ្វែង​របស់​ក្រុម​ជើងឯក​ចាស់ អង្គរក្ស អាច​នឹង​ជួយ​ឱ្យ​ពួក​គេ​យកឈ្នះ​ក្នុង​សិត​សម្រេច​។

អ្នកគាំទ្រ​ភាគច្រើន​កំពុង​រំពឹង​ថា នឹង​បានឃើញជំនួប​សងសឹក​ដ៏​ធំ​រវាង វិសាខា និង បញ្ជាការដ្ឋា​ន​អង្គរក្ស ម្តងទៀត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៦ ខាង​មុខ​។ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>