គោព្រៃកម្ពុជា ត្រៀមបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោស្វាគមន៍គូប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសថា នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាទីលានសម្រាប់ការប្រកួតជើងឯកអាសុីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦ ដែលក្រុមគោព្រៃកម្ពុជា ត្រូវលេងក្នុងទឹកដី ២ប្រកួត និងក្រៅដី ២ប្រកួតក្នុងពូលA នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកថ្នាក់តំបន់នេះ។
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។
សម្រាប់កម្មវិធីប្រកួតពូល A របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងចំណោម ៤ប្រកួត គឺមាន២ប្រកួតត្រូវលេងនៅពហុកីឡដ្ឋានជាតិមរតកតេជោ និង ២ប្រកួតទៀត ត្រូវលេងក្រៅដី។ ចំពោះការប្រកួតក្នុងដីរបស់ក្រុមគោព្រៃ រួមមានជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា និងជួបក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី០៣ ខែសីហា ។ រីឯ ២ប្រកួតក្រៅដី គឺត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី នាថ្ងៃទី២៧ ខែកក្កដា និងជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី០៧ ខែសីហា ខាងមុខ។
ទន្ទឹមជាមួយខួប៣០ឆ្នាំនៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ មុនចាប់ផ្ដើមការប្រកួតរដូវកាលថ្មី រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរី សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ក៏គ្រោងនឹងរៀបចំពិធីបើកការប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីអបអរសាទរការបង្កើតពានរង្វាន់បាល់ទាត់ប្រចាំតំបន់២ឆ្នាំម្ដងនេះ ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកផងដែរ។
លោកខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា ការប្រកួតបាល់ទាត់ពានរង្វាន់អាស៊ីអាគ្នេយ៍នេះ ជាការរួមចំណែកផ្សារភ្ជាប់រវាងប្រជាជនអាស៊ានទាំងមូលតាមរយៈការលេងកីឡាបាល់ទាត់អស់រយៈពេល៣០ឆ្នាំមកហើយ ។ លោកបានចាត់ទុកថាការប្រកួតបាល់ទាត់មួយនេះបានបង្ហាញនូវព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលបង្ហាញពីវប្បធម៌និងអនាគតដ៏ភ្លឺស្វាងរបស់បាល់ទាត់អាស៊ាន។ ការណ៍នេះទើបជំរុញឱ្យសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់ផ្ដោតការយកចិត្តទុកដាក់ ជាពិសេសការ
រៀបចំពិធីបើកការប្រកួតឆ្នាំ២០២៦នៅកម្ពុជាដើម្បីរំលឹកដំណើរជាង៣០ឆ្នាំកន្លងមកនេះ និងបង្ហាញក្ដីសង្ឃឹមជំនាន់ថ្មីនៃបាល់ទាត់អាស៊ាន។
តាមការឱ្យដឹងបន្ថែម នៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់មួយនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ សហការជាមួយសហព័ន្ធកីឡាបាល់កម្ពុជា នឹងបង្កើតឱ្យមានកម្មវិធីអមជាច្រើនរួមទាំងមានការចូលរួមសម្ដែងនិងបញ្ចេញសូរសៀងពីព្រះនាងនរោត្តម ចេនណា និងលោកសុខ សប្បត្តិ រួមទាំងសិល្បករ សិល្បការិនីផ្សេងៗទៀតចូលរួមក្នុងផ្ទាំងទស្សនីយភាពសិល្បៈ
ទាំងសម័យបុរាណនិងសម័យទំនើប។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ ASEAN Hyundai Cup ឆ្នាំនេះ នឹងប្រើរូបមន្ដដូចឆ្នាំមុនដែរ គឺក្រោយបញ្ចប់វគ្គចែកពូល ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវប្រកួតខ្វែងពូល ដើម្បីស្វែងរកក្រុមឈ្នះបន្ដទៅវគ្គផ្ដាច់ព្រ័ត្រ ។ ទាំងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើការប្រកួត ២ជើងដូចគ្នា ដើម្បីកំណត់តក្រុមជយលាភី៕



ចែករំលែកព័តមាននេះ