អន្តរជាតិ ៖ បន្តពីការបញ្ចប់នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលមានរយៈពេលប្រកួតវែងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានឃើញក្រុមជម្រើសជាតិអេស្ប៉ាញជាម្ចាស់ជើងឯកនោះ គេហទំព័រ Transfermarkt ដ៏ល្បីល្បាញនៅទូទាំងពិភពលោករបស់ប្រទេសអាល្លឺម៉ង់ ដែលផ្ដោតសំខាន់លើព័ត៌មានផ្ទេរកីឡាករ តម្លៃទីផ្សារកីឡាករ ក៏បានបញ្ចេញការធ្វើបច្ចុប្បន្នភាពតម្លៃទីផ្សារកីឡាកររបស់ខ្លួនផងដែរ។
ជាក់ស្តែងកីឡាករ២រូបបានបំបែកកំណត់ត្រាតម្លៃនៅលើទីផ្សារដោះដូរកីឡាករផងដែរ។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិអេស្ប៉ាញ Lamine Yamal រួមនឹងខ្សែប្រយុទ្ធសញ្ជាតិន័រវែស Erling Haaland បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមក ដោយបានក្លាយជាកីឡាករដំបូងគេបង្អស់បំបែករបាំងតម្លៃខ្លួន ២០០ លានអឺរ៉ូ (២២៨ លានដុល្លារ អាមេរិក) ដោយការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្ហាញថា កីឡាករឆ្នើមទាំងពីរមានតម្លៃខ្លួនលើទីផ្សារពិភពលោកហក់ឡើងដល់ ២២០ លានអឺរ៉ូ (២៥១ លានដុល្លារអាមេរិក) ដូចគ្នា។
ចំណាត់ថ្នាក់លេខ ៣ គឺខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Kylian Mbappé ដែលបានឡើងតម្លៃលើទីផ្សារដល់ ២០០ លានអឺរ៉ូឡើងវិញ បន្ទាប់ពីបានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ (១០គ្រាប់) ក៏ដូចជានៅក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរ (២២គ្រាប់) ដោយបានវ៉ាដាច់ខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi ដែលមានគ្រាប់សរុប ២១គ្រាប់។
ជាមួយគ្នានោះ បញ្ជីឈ្មោះកីឡាករមានតម្លៃខ្លួនចន្លោះពី ១០០ លានអឺរ៉ូ (១១៤ លានដុល្លារអាមេរិក) ឡើងទៅក៏ត្រូវបានចេញផ្សាយផងដែត ជាមួយស្វាគមន៍កីឡាករថ្មីចំនួន ៤ នាក់បន្ថែមទៀត ធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៦ នាក់។ ក្នុងចំណោមសមាជិកថ្មីដែលលេចធ្លោជាងគេ រួមមានខ្សែការពារវ័យក្មេងអេស្ប៉ាញ Pau Cubarsí ដែលបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ឡើងតម្លៃខ្លួន ២០ លានអឺរ៉ូ ដល់ ១០០ លានអឺរ៉ូ និងខ្សែបម្រើអាហ្សង់ទីន Enzo Fernández កើនឡើង ១០ លានអឺរ៉ូ ដល់ ១០០ លានអឺរ៉ូផងដែរ។
ទន្ទឹមនឹងនេះផងដែរ ការផ្ទេរក្នុងតម្លៃខ្លួនដ៏ខ្ពស់ទៅកាន់លីគកំពូលអង់គ្លេស Premier League បានជួយជំរុញតម្លៃខ្លួនលើទីផ្សាររបស់ខ្សែបម្រើអង់គ្លេស Elliot Anderson (១១០ លានអឺរ៉ូ) និងខ្សែបម្រើប្រយុទ្ធ Morgan Rogers (១១០ លានអឺរ៉ូ) ឱ្យកាន់តែហក់ឡើងខ្ពស់ផងដែរ។
ដោយឡែកកីឡាករទទួលបានការចាប់អារម្មណ៍ខ្លាំងនៅ World Cup ឆ្នាំ២០២៦ គឺអ្នកចាំទីកាប់វែរ Vozinha វ័យ៤០ឆ្នាំឯណោះវិញ បានកត់ត្រាការកើនឡើងភាគរយដ៏ខ្ពស់បំផុត +៩០០%) ដោយតម្លៃខ្លួននៅលើទីផ្សារកើនឡើងពីត្រឹម ៥ ម៉ឺនអឺរ៉ូទៅដល់ ៥០ម៉ឺនអឺរ៉ូ។
គួរបញ្ជាក់ថា តម្លៃខ្លួនលើទីផ្សារដោះដូរកីឡាករខុសពីតម្លៃផ្ទេរ ខណៈដែលតម្លៃផ្ទេរគិតចាប់តាំងពីឆ្នាំ ២០១៧ រហូតទល់បច្ចប្បន្ន នៅមិនទាន់មានកីឡាកររូបណាអាចបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar នៅឡើយ ដែលបានផ្ទេរពីក្លិប FC Barcelona ទៅចូលរួមជាមួយក្លិប PSG នៅក្នុងតម្លៃកំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូ (ជាង ២៥៣លានដុល្លារអាមេរិក)៕ ប្រភព ៖ Yahoo Sports




ចែករំលែកព័តមាននេះ