អន្តរជាតិ ៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានបញ្ជាក់ថា អាហ្សង់ទីននឹងប្រឈមមុខការស៊ើបអង្កេតជុំវិញទិដ្ឋភាពមិនសមរម្យនានា នៅពេលបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup។ នេះបើតាមប្រភពពីសារព័ត៌មាន BBC និង The Guardian បានចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
គណៈកម្មាធិការវិន័យរបស់ FIFA ត្រូវបានតែងតាំងព្រះរាជអាជ្ញាវិន័យ និងសីលធម៌ម្នាក់ ដើម្បីវាយតម្លៃទៅលើអ្វីដែលបានកើតឡើង បន្ទាប់ពីកញ្ចែបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ World Cup ឆ្នាំ២០២៦ នៅឯកីឡដ្ឋាន MetLife នៃសហរដ្ឋអាមេរិក កាលពីវេលាព្រឹកថ្ងៃទី២០ ខែកក្កដា (ម៉ោងនៅកម្ពុជា)។ តួយ៉ាង កីឡាករ ឬគ្រូបង្វឹកណាដែលពាក់ព័ន្ធការប៉ះទង្គិចគ្នា អាចនឹងប្រឈមមុខការស៊ើបអង្កេត ខណៈដែលសហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) ក៏អាចនឹងត្រូវរងការផាកពិន័យធ្ងន់ធ្ងរផងដែរ។
បន្ទាប់ពីការបរាជ័យ ១-០ របស់ពួកគេក្រោមថ្វីជើងក្រុមអេស្ប៉ាញហើយនោះ សមាជិកក្រុម និងបុគ្គលិកជំនួយក្រុមអាហ្សង់ទីន បានពាក់ព័ន្ធនឹងការឈ្លោះប្រកែកគ្នាជាមួយកីឡាករអេស្ប៉ាញ នៅពេលដែលអេស្ប៉ាញបានចាប់ផ្តើមអបអរសាទរភាពជោគជ័យ World Cup របស់ពួកគេ។ ជាក់ស្តែងកីឡាករអាហ្សង់ទីន Nahuel Molina, Leandro Paredes, Thiago Almada និងជំនួយការគ្រូបង្វឹក លោក Roberto Ayala សុទ្ធតែបង្ហាញថាមានការពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នានោះ។
ក្រោយចប់ការប្រកួត Leandro Paredes ទទួលបានកាតក្រហមពីលោកអាជ្ញាកណ្តាល Slavko Vincic បន្ទាប់ពីខ្សែបម្រើការពាររូបនេះ បានទៅច្រានកកីឡាករអេស្ប៉ាញ Eric Garcia។ លើសពីនេះ លោកអាជ្ញាកណ្តាលក៏បានពិន័យកាតលឿងលើកីឡាករអាហ្សង់ទីនបីរូបផ្សេងទៀត ព្រមទាំងគ្រូបង្វឹកអាហ្សង់ទីន លោក Lionel Scaloni ផងដែរ។
FIFA បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការវាយតម្លៃលើរបាយការណ៍ប្រកួតដែលពាក់ព័ន្ធសម្រាប់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup រវាងអេស្ប៉ាញ និងអាហ្សង់ទីន និងស្របតាមមាត្រា ៣៦ នៃក្រមវិន័យផ្លូវការ គណៈកម្មាធិការវិន័យ FIFA បានចាត់តាំងព្រះរាជអាជ្ញាវិន័យ និងសីលធម៌ ដើម្បីស៊ើបអង្កេតលើការបំពានក្រមវិន័យ ចំពោះហេតុការណ៍ដែលបានកើតឡើងក្រោយការប្រកួត។
ជាមួយគ្នានោះ FIFA ក៏កំពុងស៊ើបអង្កេតផងដែរលើការសកម្មភាពរបស់ក្រុមអាហ្សង់ទីន បន្ទាប់ពីការឈ្នះរបស់ពួកគេលើក្រុមអង់គ្លេសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលកាលនោះកីឡាកររបស់ពួកគេបានអបអរសាទរជាមួយបដាមានខ្លឹមសារថា «Las Malvinas son Argentinas» ដែលបកប្រែថា «កោះម៉ាល់វីណាស (ភាសាអេស្ប៉ាញ) ឬកោះហ្វកឡែន (Falkland Islands) គឺជារបស់អាហ្សង់ទីន»។ ស្របពេលដែល FIFA បានហាមឃាត់មិនឱ្យកីឡាករ ឬក្រុមការងារថ្លែងការណ៍នយោបាយណាមួយឡើយ ដូច្នេះអ្នកដែលពាក់ព័ន្ធអាចនឹងត្រូវប្រឈមមុខនឹងការហាមឃាត់មិនឱ្យចូលរួមប្រកួតនៅថ្ងៃខាងមុខ៕


ចែករំលែកព័តមាននេះ